Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​រាលដាលនៅវៀតណាម បង្កការព្រមានពីរដ្ឋាភិបាល

បានផុស

នៅ

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​រីក​​រាលដាលនៅទូទាំងប្រទេសវៀតណាម ដែល​បង្កការព្រមាន​ពីរដ្ឋាភិបាល អំពីការរំខានផ្នែកផ្គត់ផ្គង់ចំណីអាហារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា វៀតណាមនៅឆ្នាំនេះបានរកឃើញការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ ករណី នៅក្នុងបណ្ដាខេត្តចំនួន ២៨ ក្នុងចំណោមខេត្ត និងក្រុង​ចំនួន​ ៣៤ ទូទាំងប្រទេស ខណៈអាជ្ញាធរបានសម្លាប់ជ្រូកដែលឆ្លងជំងឺ ជាង ៣០ ០០០ ក្បាល។

រដ្ឋាភិបាលបាន​បន្តយ៉ាងដូច្នេះថា៖ «ហានិភ័យនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងមាន​និន្នាការកើនឡើង ​ដែល​ជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចឹមជ្រូក ការផ្គត់ផ្គង់ចំណីអាហារ និងបរិស្ថាន»។

គួរគូសបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានរំខានទីផ្សារសាច់ជ្រូកពិភពលោកអស់ជាច្រើនឆ្នាំមកហើយ​។ ក្នុងការផ្ទុះរាលដាលដ៏អាក្រក់បំផុតក្នុងអំឡុងឆ្នាំ ២០១៨-១៩ ប្រហែលពាក់កណ្ដាលនៃជ្រូននៅចិន (ដែលជាប្រទេសចិញ្ចឹមជ្រូកធំបំផុតលើលោក) បាន​ងាប់ ​បង្កការខាតបង់ប្រាក់​ប្រមាណជាង ១០០ ប៊ីលានដុល្លារ។

ក្រោយ​ការរាតត្បាតនៅវៀតណាមនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បាន​ចេញ​ការណែ​នាំជា​បន្ទាន់មួយទៅកាន់ខេត្ត និងទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីដាក់ពង្រាយវិធានការដើម្បីទប់ស្កាត់ជំងឺ។ កាលពីឆ្នាំ ២០២៣ វៀតណាម​បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងស្រុក ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា អត្រានៃការចាក់វ៉ាក់សាំងជ្រូកនៅមានកម្រិតទាបនៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម