ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម
អំណោយចម្រុះជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន នៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពាន យ៉ាងគឃ្លើនរបស់ទាហានថៃមកលើអធិបតេយ្យភាពកម្ពុជា។

អំណោយទាំងអស់នេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញនាំទៅប្រគល់ជូនដល់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់ ។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ រួមមាន៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន១០៣មុខ ។

លោក ឯក ឃុនដឿន អញ្ជើញក្នុងនាមជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសជននៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វិរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងចំណោម៨ឃុំនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់ ក្នុងនោះបងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ ។
ដោយទ្បែកប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៥,៨៥៥គ្រួសារ ស្នើនឹង ១៩,៩៤៣នាក់។ ដោយឡែកនៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឱ្យតំណាងអភិបាលរងមួយរូបនាំយកអំណោយទាំងនេះមកផ្តល់ជូនប្រជាពលរដ្ឋភៀសខ្លួននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នេះ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


