សេដ្ឋកិច្ច
មៀនប៉ៃលិនជាង ១ពាន់តោន គ្រោងនាំចេញសាកល្បងទៅទីផ្សារចិន
ក្រុមហ៊ុន ពេជ្រចិន្តា បានប្រមូលទិញមៀនប៉ៃលិន បានប្រមាណជាង ១ពាន់តោនហើយ ដើម្បីត្រៀមនាំចេញទៅទីផ្សារប្រទេសចិន។ ក្រុមហ៊ុនបានរៀបចំឯកសាររវាងរដ្ឋនិងរដ្ឋ រដ្ឋនិងឯកជនរួចរាល់អស់ហើយ នៅឡើយការដឹកជញ្ជូន មានភាពមានភាពស្មុគស្មាញបន្តិច។ នេះបើតាមការបញ្ជាក់របស់លោក ភត់ សុផាន់បូរី ប្រធានប្រឹក្សាភិបាលនៃក្រុមហ៊ុនពេជ្រចិន្តា។ បន្ទាប់ពីជោគជ័យក្នុងការនាំចេញនៅចុងខែ តុលា និងដើមខែ វិច្ឆិកា ក្រុមហ៊ុននឹងបន្តនាំចេញរាប់ម៉ឺនតោនបន្ថែមទៀត ទៅទីផ្សារចិន។

លោក ភត់ សុផាន់បូរី បានប្រាប់កម្ពុជាថ្មីថា តាមគោលការណ៍ ក្រុមហ៊ុនប្រមូលទិញមៀនចំនួន ៣ខេត្តដំបូង គឺ ខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីនាំចេញ ទៅប្រទេសចិន ហើយនៅពេលនេះ ក្រុមហ៊ុនប្រមូលទិញបានចំនួនជាង ១ពាន់តោន រួចជាស្រេច ដោយចាប់ផ្តើមទិញតាំងពីដើមខែ តុលាមក។
លោក ភត់ សុផាន់បូរី បញ្ជាក់បន្ថែមថា នៅក្នុងសប្តាហ៍ទី៤ នៃខែតុលានេះ ក្រុមហ៊ុននឹងធ្វើការនាំចេញមៀនប៉ៃលិន សាកល្បងក្នុងបរិមាណប្រហែលជា ៤០ទៅ៦០តោន ជាមុនសិន។

ក្នុងការចរចាភាគីចិន ចង់នាំចេញមៀនស្រស់ពីកម្ពុជា ក្នុងទំហំធំ ប៉ុន្តែខណៈនេះមិនទាន់អាចទៅរួច ដោយសារបញ្ហាដឹកជញ្ជូន។ លោក សុផាន់បូរី បានគូសបញ្ជាក់ថា ប្រសិនបើការដឹកជញ្ជូនពីកម្ពុជាទៅចិន ប្រើរយៈពេលក្រោម ១០ថ្ងៃ គឺជាការជោគជ័យ អាចនាំចេញក្នុងទំហំធំបាន។ ប៉ុន្តែប្រសិនបើការដឹកជញ្ជូនអូសបន្លាយរហូតដល់ ២០ថ្ងៃ នឹងជួបផលវិបាកច្រើន ដោយសារមៀនអាចខូច។
ទោះយ៉ាងណា ក្រុមហ៊ុនប្តេជ្ញាថា បើសិនជាមានការបញ្ជាទិញបានពេញលេញ ការនាំចេញមិនក្រោមជាង ១ពាន់តោន ក្នុងមួយខែ។ ដោយឡែក នៅឆ្នាំដំបូងនេះ ក្រុមហ៊ុនមានគោលការណ៍នាំចេញ ៣០០ទូ(ក្នុង១ទូ ២២-២៣តោន) ក្នុងមួយឆ្នាំ ពោលគឺចាប់ផ្តើមនៅអំឡុងខែ ធ្នូ ខាងមុខ។
ចំពោះផលិតផលមៀន ដែលគ្រោងនាំចេញមានពីរប្រភេទ គឺប្រភេទស្រស់ និងដំណាប់ ហើយក្រុមហ៊ុនគ្រោងកែច្នៃទៅជាប្រភេទផ្សេងៗច្រើនទៀត នៅពេលខាងមុខ។ ចំណែកតម្លៃក្រុមហ៊ុនទិញពីកសិករ ក្នុងមួយគីឡូ ៣,៣០០រៀល-៣,៤០០រៀល ចាប់ពីខែនេះ រហូតដល់ខែ ធ្នូ។ ដោយឡែក ចាប់ពីខែ ធ្នូ ទៅដល់ខែ ឧសភា នឹងកើនឡើងតម្លៃ ១០ភាគរយ ពីតម្លៃដើម។

ដោយសារទំហំនៃការនាំចេញធំ ក្រុមហ៊ុនបានរៀបចំកម្លាំងសម្រាប់ប្រមូលផលប្រមាណ ៥០០នាក់ ដើម្បីត្រៀមបេះមៀន ឱ្យទាន់តម្រូវការ។
លោក ភត់ សុផាន់បូរី បានលើកឡើងទៀតថា បច្ចុប្បន្នកសិករដាំមៀនយល់ដឹងអំពីគោលការណ៍បច្ចេកទេស និងគុណភាពផលិតបានច្បាស់លាស់ពី ៧០%-៨០% ហើយ។ ដូច្នេះមិនបារម្ភក្នុងការផលិតខ្វះតម្រូវការនោះទេ។
លោក ហ៊ុន វុត្ថា អនុប្រធានក្រុមប្រឹក្សាភិបាលសហភាពមៀនកម្ពុជា បានឱ្យដឹងថា ទីផ្សារចិន គឺមានតម្រូវការមៀនច្រើន ដូចនេះ កម្ពុជា កំពុងតែជំរុញកសិករឱ្យអនុវត្តស្តង់ដារកសិកម្មល្អ ជាពិសេសទាក់ទងនឹងភូតគាមអនាម័យ ដែលផ្តល់ភាពងាយស្រួលក្នុងការនាំចេញទៅកាន់ ទីផ្សារចិនក៏ដូចជាប្រទេសផ្សេងៗទៀត។

លោក ហ៊ុន វុត្ថា បានបន្តថា មានកសិករប្រមាណជិត ៤០០នាក់ ទទួលបានការបណ្តុះបណ្តាលការដាំដុះ តាមបែបភូតគាមអនាម័យកសិកម្ម ហើយក្នុងនោះ មានកសិករចំនួន ១១០នាក់ ទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP)។ លោក បញ្ជាក់ថា នៅមានកសិករជាច្រើនទៀត ដែលនឹងទទួលបាន GAP នេះជាបន្តបន្ទាប់ ដើម្បីផលិតកសិផលស្របតាមស្តង់ដារគុណភាពសម្រាប់នាំចេញ។
បើតាមលោក ហ៊ុន វុត្ថា ផ្ទៃដីដាំមៀននៅខេត្តបាត់ដំបង មានប្រមាណជាង ៨ពាន់ហិកតា ខេត្តប៉ៃលិនជាង ៣ពាន់ហិកតា និងខេត្តផ្សេងៗទៀត សរុបទាំងអស់ មិនក្រោម ២ម៉ឺនហិកតានោះទេ៕ អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


