Connect with us

ព័ត៌មានជាតិ

ធនាគារ​ជាតិ ដាក់ចេញវិធានការ ៩ ចំណុច ទប់ទល់​វិបត្តិសកល

បានផុស

នៅ

ខណៈឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់ស្វែងរកដំណោះស្រាយជាក់លាក់នៅឡើយ គួបផ្សំផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិតនៅក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភនោះ លោក  ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការ ៩ ចំណុចដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីរសៀលថ្ងៃទី២០កក្កដា លោកជា ចាន់តូ បានមានប្រសាសន៍ថា វិធានការ៩ចំណុច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១ការបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់៖ ដោយសារប្រាក់ដុល្លារអាមេរិកមាននិន្នាការឡើងថ្លៃនៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជានឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកទេសាភិបាលបានបន្តថា ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុជារួម។

វិធានការ​ទី​២/-ការរក្សាអត្រាការប្រាក់ក្នុងកម្រិតសមស្រប៖ ដោយសារកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកអាចមានសម្ពាធដោយប្រយោលលើអត្រាការប្រាក់ទីផ្សារនៅកម្ពុជា បើទោះជាក្នុងកម្រិតតិចតួចក៏ដោយ។ ដូច្នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេវារបស់ខ្លួន ជាពិសេសការបង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងពិពិធកម្មសេវា ដើម្បីអាចកាត់បន្ថយការចំណាយនិងបង្កើនប្រភពចំណូល ដោយចៀសវាងការដំឡើងអត្រាការប្រាក់។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងនៅបន្តអនុវត្តនយោបាយរូបិយវត្ថុ ដែលសម្រួលដល់គ្រប់គ្រងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ។

លោកទេសាភិបាលបានរំលេចថា ភាពជោគជ័យនៃការពង្រឹងការប្រើប្រាស់ប្រាក់រៀលនឹងនាំឱ្យធនាគារជាតិនៃកម្ពុជាមានឥទ្ធិពលលើការគ្រប់គ្រងអត្រាការប្រាក់ សំដៅគាំទ្រសកម្មភាពសេដ្ឋកិច្ចជាតិឱ្យបានកាន់តែប្រសើរ។

៣/-ការត្រួតពិនិត្យនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏ប្រឈមនឹងការរឹតត្បិតផងដែរ។ ការតាមដានជាប្រចាំលើសុខុមាលភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាមួយនឹងការដាក់ចេញវិធានការម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នប្រកបដោយលក្ខណៈបុរេសកម្ម ជាការងារចាំបាច់ ដើម្បីពង្រឹងភាពធន់នៃវិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកទេសាភិបាលបានពន្យល់ថា ក្នុងន័យនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបន្តការគ្រប់គ្រងហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ ជាពិសេសកត្តាខាងក្រៅ និងអនុវត្តតាមបទប្បញ្ញត្តិប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងបន្តរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។

លោកទេសាភិបាលបានបន្ថែមទៀតថាធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តយុទ្ធសាស្រ្តចាកចេញពីវិបត្តិជាដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្ន ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងភាពធន់និងចីរភាពនៃការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។

៤/-ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់៖ ប្រព័ន្ធទូទាត់សងប្រាក់កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិថាបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ទាំងក្នុងអំឡុងពេលនិងក្រោយវិបត្តិ។ ការលើកកម្ពស់អន្តរប្រតិបត្តិការ (interoperability) និងការតភ្ជាប់ (connectivity) នៃប្រព័ន្ធទូទាត់សងប្រាក់ គឺជាគោលដៅចម្បងដែលនឹងត្រូវបន្តអនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មប្រព័ន្ធធនាគារកម្ពុជាទៅក្នុងតំបន់និងពិភពលោក។

លោកទេសាភិបាលបានណែនាំថា ហេតុដូច្នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបន្តចូលរួមសហការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រកបដោយស្មារតីទទួលខុសត្រូវ និងរួមចំណែកការពារឧក្រិដ្ឋកម្មសាយប័រ។

លោកទេសាភិបាលបានគាំទ្រផែនការអភិវឌ្ឍប្រព័ន្ធបាគងដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារភារកិច្ចកាន់តែសម្បូរបែបនិងពង្រឹងការស្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) និងពង្រឹងសុវត្ថិភាពប្រព័ន្ធទូទាត់ សំដៅរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។

៥/-ការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់៖ កន្លងមក យើងបានអនុវត្តការងារគ្រប់គ្រងការចរាចរសាច់ប្រាក់បានយ៉ាងល្អប្រសើរ និងបានលើកកម្ពស់គុណភាពនិងសោភ័ណភាពក្រដាសប្រាក់រៀលជាលំដាប់។ ការឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស សម្រាប់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥.០០០រៀល បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកទេសផលិតធនបត្ររបស់ធនាគារជាតិនៃកម្ពុជា ដែលមានលក្ខណៈកាន់តែទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់។

លោកទេសាភិបាលសូមអំពាវនាវឱ្យប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ។ ប្រាក់រៀលជារូបិយវត្ថុជាតិតែមួយគត់របស់កម្ពុជាយើង ដែលតំណាងឱ្យអត្តសញ្ញាណជាតិ និងផ្តល់នូវអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម។

៦/-ការងារសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត៖ សាខាធនាគារជាតិនៃកម្ពុជានៅតាមបណ្តារាជធានី-ខេត្ត គឺជាតំណាងធនាគារជាតិនៃកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។

លោកទេសាភិបាលបានលើកឡើងថា ការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្ត ក្រោយពីស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល ជាពិសេសការនិយមការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននិងកំណើនប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុ។

លោកទេសាភិបាលបានបន្តទៀតថា« ដើម្បីបន្តគាំទ្រការរីកចម្រើនទាំងនេះ ខ្ញុំសូមស្នើឱ្យសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តបន្តពង្រឹងបំពេញសេចក្តីត្រូវការសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជនដោយមិនគិតកំរៃសេវា ការឆ្លើយតបនឹងសំណួរនានារបស់សាធារណជនលើការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធ Hotline និងការពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន»។

ជាមួយគ្នានេះ លោកទេសាភិបាលបានស្នើឱ្យបន្តពង្រឹងផែនការនិរន្តរភាពធុរកិច្ច (BCP)  ដើម្បីធានាការបំពេញតួនាទីរបស់ធនាគារកណ្តាលដោយពិលាស ជាពិសេសការផ្តល់សេវាជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអង្គភាពរាជរដ្ឋាភិបាល ក្នុងស្ថានភាពដែលជំងឺកូវីដ ១៩ នៅមិនទាន់ចប់និងការប្រឈមនឹងភាពមិនច្បាស់លាស់នានា ជាយថាហេតុ។

៧/-ការងារសមាគមមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា៖ សមាគមធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកសម្រាលទុក្ខលំបាករបស់សមាជិកនិងក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព ឬមានជំងឺធ្ងន់ធ្ងរ ជាពិសេសនៅក្នុងអំឡុងពេលមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។

លោកទេសាភិបាបានបន្ថែមថាការជួយគ្នានេះបានពង្រឹងសាមគ្គីភាពយ៉ាងកក់ក្តៅរវាងមន្ត្រី-បុគ្គលិកយើង ក្រោមស្មារតីសង្គហភាព និងភាតរភាពនិងបានស្នើឱ្យសមាគមបន្តប្រកាន់យកគោលការណ៍រួបរួមសាមគ្គីភាពគ្នានេះបន្តទៀត និងបន្តពង្រឹងការគ្រប់គ្រងថវិកាឱ្យបានល្អ ដើម្បីធានានិរន្តរភាពក្នុងការផ្តល់ការឧបត្ថម្ភដល់សមាជិកដែលជួបការទុក្ខលំបាកពិតប្រាកដ។

៨/-ការគោរពវិន័យ៖ វិន័យក្នុងការងារជាផ្នែកមួយសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពការងារ។ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ មន្ត្រី-បុគ្គលិកយើងបានបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានភាពបត់បែនតាមស្ថានភាពជាក់ស្តែង។

លោកទេសាភិបាលបានឯកភាពមតិរបស់ លោក ថា យ៉ាវ ដែលថា “តម្លៃនៃការគោរពវិន័យ នាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរនិងបរិស្ថានការងារល្អប្រសើរ” ហើយលោកសូមគាំទ្រនិងឯកភាពលើសំណើនានារបស់ក្រុមប្រឹក្សាវិន័យធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ពង្រឹងវិន័យនិងគុណធម៌ក្នុងការងារយ៉ាងម៉ឺងម៉ាត់ រក្សាគុណតម្លៃស្នូលរបស់បុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រសិទ្ធភាពការងារ និងការរក្សាការសម្ងាត់វិជ្ជាជីវៈ ជាដើម  ។

៩/-ការគ្រប់គ្រងធនធានមនុស្ស៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញមុខងារ-ភារកិច្ចរបស់ធនាគារកណ្តាលក្នុងសម័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពដ៏សំខាន់ ដែលយើងត្រូវអនុវត្តជាប្រចាំ។

លោកទេសាភិបាលសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី-បុគ្គលិកយើងដែលបានអភិវឌ្ឍចំណេះដឹងជាលំដាប់ ទាំងជំនាញឯកទេសនិងជំនាញផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាពការងារ។ ស្របតាមការរីកចម្រើននៃវិស័យធនាគារ និងនិម្មាបនកម្មហិរញ្ញវត្ថុពិភពលោក លោកសូមស្នើ ទេសាភិបាលរង បន្តលើកទឹកចិត្តមន្រ្តីបុគ្គលិកឱ្យព្យាយាមស្វ័យសិក្សាបន្ថែមតាមរយៈប្រព័ន្ធអនឡាញ និងស្នើឱ្យចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនានា ដូចជា វគ្គសុក្រឹត្យការ ភាពជាអ្នកដឹកនាំ និងការត្រួតពិនិត្យធនាគារ ជាដើម ទៅតាមស្ថានភាពជាក់ស្តែង ក្នុងពេលដែលបញ្ហាកូវីដ-១៩ មានភាពធូរស្រាល ។

លោកទេសាភិបាលបានផ្តាំផ្ញើដល់មន្រ្តី-បុគ្គលិកយើងទាំងអស់ត្រូវបន្តព្យាយាមអភិវឌ្ឍចំណេះដឹងនិងសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងខិតខំបំពេញមុខងារនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពស្មោះត្រង់ និងមានសាមគ្គីភាពល្អប្រសើរក្នុងនាមជាគ្រួសារធនាគារជាតិនៃកម្ពុជាតែមួយ ដើម្បីសម្រេចបានជោគជ័យបន្ថែមទៀត ដូចទស្សនៈអប់រំមួយនៅក្នុងសៀវភៅស្រីហិតោបទេសបានលើកឡើងថា “ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារឱ្យរួបរួមគ្នា ក៏អាចញ៉ាំងការងារឱ្យសម្រេចប្រយោជន៍បាន ដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីងដំរីចុះប្រេងឱ្យជាប់បោលទៅណាមិនរួច”។

លោកទេសាភិបាលសង្ឃឹមថា មន្ត្រី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ នឹងបន្តរួមចំណែកសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រព័ន្ធធនាគារ ដើម្បីជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិទាំងមូល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១១ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៥ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២៧ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៣០ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម