ព័ត៌មានជាតិ
អ្វីទៅជា «លិខិតសុំរៀបអាពាហ៍ពិពាហ៍ និងសំបុត្រចុះអាពាហ៍ពិពាហ៍»?
ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី មិនមែនជាការរៀបអាពាហ៍ពិពាហ៍តាមផ្លវូច្បាប់ពេញលេញនៅឡើយទេ។ ដើម្បីធានាចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ជាពិសេស គឺការចុះសំបុត្រអាពាហ៍ពិពាហ៍។ ប៉ុន្តែ គូស្វាមីភរិយាមួយចំនួន ក្រោយរៀបអាពាហ៍ពិពាហ៍រួចមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ ខណៈប្រជាពលរដ្ឋមួយចំនួនតែងយល់ច្រឡំថា លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងសំបុត្រអាពាហ៍ពិពាហ៍ជាលិខិតតែមួយ។

មែនទែនទៅ លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងសំបុត្រអាពាហ៍ពិពាហ៍ ឬហៅថា «អេតាស៊ីវិល» គឺជាលិខិតពីរដាច់ដោយឡែកពីគ្នា។ លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ គឺជាលិខិតមួយប្រភេទដែលប្រជាពលរដ្ឋទាំងអស់ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ត្រូវតែមាន ដើម្បីទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់រៀបអាពាហ៍ពិពាហ៍។ លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍នេះ គឺត្រូវចេញដោយអាជ្ញាធរឃុំ-សង្កាត់ ដែលជាទីលំនៅរបស់កូនក្រមុំរស់នៅ ហើយទាំងកូនក្រមុំ និងកូនកំលោះត្រូវតែសុំលិខិតបញ្ជាក់ភាពនៅលីវ ឬមិនទាន់មានគូ ដើម្បីអាចសុំច្បាប់រៀបអាពាហ៍ពិពាហ៍។
ក្រោយអាជ្ញាធរឃុំ ឬសង្កាត់ បានពិនិត្យលើលិខិតសុំរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់កំណត់ហើយនោះ មន្ត្រីអត្រានុកូលដ្ឋាននៃឃុំ ឬសង្កាត់ត្រូវចេញលិខិតប្រកាសជាសាធារណៈ ដោយត្រូវបិទលិខិតប្រកាសសុំរៀបអាពាហ៍ ពិពាហ៍នេះនៅលំនៅដ្ឋានរបស់កូនក្រមុំ និងនៅសាលាឃុំ-សង្កាត់។ ជាមួយគ្នានេះ លិខិតប្រកាសចំនួនពីរទៀត ត្រូវផ្ញើទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ខាងកូនកំលោះ ដើម្បីយកទៅបិទនៅលំនៅដ្ឋានខាងកូនកំលោះ និងនៅសាលាឃុំ ឬសង្កាត់។

បើទោះជាយ៉ាងនេះក្ដី អាពាហ៍ពិពាហ៍អាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បាន លុះត្រាតែបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។ សំបុត្រចុះអាពាហ៍ពិពាហ៍ ឬប្រជាពលរដ្ឋទូទៅស្គាល់ថា«អេតាស៊ីវិល» ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ ត្រូវទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

បើតាមច្បាប់ក្រមរដ្ឋប្បវេណីបានចែងថា អាជ្ញាធរឃុំ ឬសង្កាត់ អាចចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឲ្យគូស្វាមីភរិយាបាន លុះត្រាតែគូស្វាមីភរិយាដែលសុំចុះបញ្ជីអាពាហ៍ពិពាហ៍នេះបានធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍ជាលាយលក្ខណ៍អក្សរជាមុនសិន។ ទន្ទឹមនេះ អាជ្ញាធរឃុំ ឬសង្កាត់ មានសិទ្ធិចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឲ្យគូស្វាមីភរិយានេះ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការដឹងឮ និងយល់ព្រមពីសាច់ញាតិនៃគ្រួសារទាំងសងខាង។
ការចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍ស្វាមីភរិយាឲ្យបានយូរអង្វែង ដោយក្លាយជាប្ដីប្រពន្ធពេញច្បាប់។ កាលណាមានអេតាស៊ីវិល គឺប្តីប្រពន្ធមិនអាចទៅស្រលាញ់ ឬទាក់ទងជាមួយអ្នកណាបានទៀតឡើយ។ តែក្នុងករណីចង់លែងលះគ្នាក៏មានការលំបាកដែរ ដោយហេតុថា ត្រូវប្តឹងទៅ ដល់តុលាការ ដើម្បីឲ្យចៅក្រមកាត់សេចក្តី ទើបអាចលែងគ្នាបាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


