ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ ការរៀបការនៅវ័យក្មេង ជះផលអវិជ្ជមានលើក្មេងស្រីអាយុក្រោម ១៨ឆ្នាំ
លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លើកឡើងថា ការរៀបការនៅវ័យក្មេង មានផលប៉ះពាលជាអវិជ្ជមានលើក្មេងស្រីអាយុក្រោម ១៨ឆ្នាំ។ លោកស្រី បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវនូវរបាយការណ៍សិក្សាស្រាវជ្រាវ ស្តីពី “ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅវ័យក្មេង” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណង បង្ហាញនូវលទ្ធផលសំខាន់ៗនៃការសិក្សាស្រាវជ្រាវថ្មី ជាពិសេសស្ថានភាពនៃអត្រាប្រេវ៉ាឡង់ ឬសគល់នៃបញ្ហា ផលប៉ះពាល់ និងបទអន្តរាគមន៍ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជា ដល់អ្នកពាក់ព័ន្ធនានា រួមមាន ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិតរួមទាំងយុវជនវ័យក្មេង។
លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្រសួងកិច្ចការនារី បានសហការជាមួយអង្គការភ្លែនអន្តរជាតិ ដើម្បីសិក្សាស្វែងរកមូលហេតុ និន្នាការ ឥទ្ធិពល និងផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅវ័យក្មេង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បានបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធវ័យក្មេង ជាការអនុវត្តបង្ករគ្រោះថ្នាក់ និងរំលោភបំពានសិទ្ធិកុមារ ក្មេងស្រី និងស្រ្តី ជាពិសេសសិទ្ធិសុខភាពផ្លូវភេទ សិទ្ធិសុខភាពបន្តពូជ និងរារាំងដល់ក្មេងស្រី និងស្រ្តីក្នុងការទទួលបាន ឱកាសអប់រំ ការចូលរួមក្នុងសង្គម សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច។ ទាំងអស់នេះ ជាកត្តានាំឱ្យក្មេងស្រី ជួបប្រទះ អំពើហិង្សា ហើយជះឥទ្ធិពលដល់ដល់ការអភិវឌ្ឍរបស់មនុស្ស និងសង្គមជាតិ។

លោកស្រីបន្តថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅវ័យក្មេង មានផលប៉ះពាលជាអវិជ្ជមានលើក្មេងស្រីអាយុក្រោម ១៨ឆ្នាំ ដូចជា ការមានផ្ទៃពោះនៅវ័យជំទង់ ការរំលូតកូនដោយមិនមានសុវត្ថិភាព សុខភាពបន្តពូជ សុខភាពផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ និងបាត់បង់សិទ្ធិសេរីភាពក្នុងការចូលរួមក្នុងសង្គម និងការចូលរួមសកម្មភាពនានាក្នុងនាមជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ អង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា ការសិក្សានេះ បានធ្វើឡើងនៅក្នុងខេត្តគោលដៅចំនួន៩ រួមមាន ខេត្តសៀមរាប រតនគិរី ស្ទឹងត្រែង ព្រះវិហារ បាត់ដំបង កំពត ព្រះសីហនុ ព្រៃវែង និងតាកែវ។ តាមរយៈការស្ទង់មតិលើស្ត្រីចំនួន ១ ៣៥០នាក់ ដែលមានអាយុ ២០-២៤ឆ្នាំ តំណាងឱ្យភាពចម្រុះនៃស្ថានភាពគ្រួសារដើម្បីស្វែងរកមូលហេតុដែលជាឬសគល់ និងបុព្វហេតុជាក់លាក់ដែលនាំឱ្យមានការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា លទ្ធផលនៃការសិក្សានៅក្នុងចំណោមខេត្តទាំង៩ គឺខេត្តរតនគិរី ដែលជាខេត្តគោលដៅអនុវត្តគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានអត្រាខ្ពស់ជាងគេនូវស្ត្រីដែលបានរៀបការមុនអាយុ ១៨ឆ្នាំ រហូតដល់ចំនួន៣៧,៣% បើធៀបនឹងខេត្តផ្សេងទៀត ដូចជា ព្រះវិហារ ១៦,៧% ស្ទឹងត្រែង ១៤,៧% កំពត ១៤% សៀមរាប១២% ព្រៃវែង ១០,៧% ព្រះសីហនុ ៩,៣% បាត់ដំបង ៨% និងខេត្តតាកែវមានអត្រាលំដាប់ទាបជាងគេ ៧,៣%៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


