ព័ត៌មានជាតិ
ក្រសួងអប់រំគ្រោងពង្រីកសាលារៀនជំនាន់ថ្មីទូទាំងប្រទេសដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
ក្រសួងអប់រំយុវជននិងកីឡា គ្រោងនឹងពង្រីកសាលារៀនជំនាន់ថ្មីនៅទូទាំងប្រទេសដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចំរើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មីចេញផ្សាយនៅយប់ថ្ងៃទី០៧ធ្នូបានឱ្យដឹងថា ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ
ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្តនីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ខេត្ត រាជធានី
តាមអភិក្រមរក្សាទុកសាលារៀនដែលបាននិងកំពុងអនុវត្តរួចហើយ ។

ក្រសួងបានបន្តថា គិតត្រឹមឆ្នាំ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន១៣កន្លែង ក្នុងនោះសាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា៩កន្លែង មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង
និងខេត្តព្រៃវែង ដែលមានចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។
ក្រសួងបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើកម្មវិធីនេះចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ សរុបថវិកា ១២.៤ លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណា- ព្យាបាលសិស្សផងដែរ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានប័ណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវឱ្យបង់វិភាគទាននោះទេ។

ក្រសួងបានបន្តទៀតថា ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដាក់ចេញនូវគោលការណ៍សម្រាប់ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មីដែលមានស្រាប់ត្រូវរក្សាការអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដដែល។ ប៉ុន្តែចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ចហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី។
ទោះជាយ៉ាងនេះក្តី សាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជនក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត ។ ជាមួយគ្នានេះដែរក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មីពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើមដែលមានលទ្ធភាពផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាពដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌។ក្នុងន័យនេះ ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាម គោលការណ៍ភូមិសាស្ត្រ
ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្ត នីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ ខេត្ត រាជធានីតាមអភិក្រមរក្សាទុកសាលារៀនដែលបាន និងកំពុងអនុវត្តរួចហើយ។ ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍នៅបន្តលើកទឹកចិត្តឱ្យអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មី ក្នុងគោលបំណងដូចជា ការពិនិត្យតាមដានកម្មវិធីសិក្សាតាមដានការអនុវត្តរបស់សាលារៀន និង ចូលរួមប្រជុំផ្សេងៗ ។
បើតាមក្រសួងការបង្កើតសាលារៀនជំនាន់ថ្មីមានគោលដៅផ្ដល់ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមនុស្ស មានបំណិនសតវត្សរ៍ទី ២១ ក្នុងនោះគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនមាន៖ ១សីលធម៌ និងស្តង់ដា
វិជ្ជាជីវៈខ្ពស់, ២គណនេយ្យភាពនិងនវានុវត្តន៍ ៣.ចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀន, និង
៤ចេះប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ។ សិស្សសាលារៀនជំនាន់ថ្មីនឹងប្រកបដោយ៖
១,គំនិតផ្តួចផ្តើម និងសហគ្រិនភាព២,ចេះទំនាក់ទំនងនិងសរសេរយ៉ាងប៉ិនប្រសប់៣,ចេះវិភាគវាយតម្លៃព័ត៌មាន៤,ចង់ឃើញ ចង់ដឹង និងមានការស្រមើលស្រមៃ៥,ចេះគិតបែបវិភាគស៊ីជម្រៅ និងការដោះស្រាយបញ្ហា៦,ចេះសហការនិង៧,មានភាពរហ័សរហួននិងចេះយកចំណេះដឹងទៅអនុវត្ត ។

ក្រសួងបានបញ្ជាក់ថា សាលារៀនជំនាន់ថ្មីបានក្លាយជាគំរូនៃសាលារៀនដែលមានអភិបាលកិច្ចល្អកម្រិតខ្ពស់ មានគណនេយ្យភាព ជាមួយមាតាបិតា និងបណ្តុះបណ្ដាលគ្រូប្រកបដោយបទដ្ឋានវិជ្ជាជីវៈខ្ពស់។ សាលារៀនជំនាន់ថ្មីផ្តោតលើការ បណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ(STEM) ដែលឆ្លើយតបទៅនឹងចក្ខុវិស័យ ក្នុងការបង្កើត សង្គម និងសេដ្ឋកិច្ចនីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន និងសម្រាប់ត្រៀមសិស្ស ដើម្បី រៀនខាងផ្នែកវិស្វករ គ្រឿងយន្ត អេឡិចត្រូនិចសំណង់ ឧស្សាហកម្មចំណីអាហារ វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មានការសរសេរកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ អ្នករចនា (Designer) សោតទស្សន៍(Media) សម្រាប់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច។
សាលារៀនជំនាន់ថ្មីអនុវត្តកម្មវិធីសិក្សាបានពេញមួយថ្ងៃដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបតាម បែបរិះរក ដោះស្រាយបញ្ហា និងតាមបែបគម្រោង ដែលបណ្តុះទាំងវិជ្ជាសម្បទា និងបំណិនសតវត្សរ៍ទី ២១ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង និងលើកកម្ពស់ស្វ័យសិក្សាការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៍ស្នាដៃសិស្ស
រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌។ នាពេលបច្ចុប្បន្ន សាលារៀនជំនាន់ថ្មីត្រូវបានក្រសួងអប់រំ យុវជននិងកីឡាប្រើប្រាស់ជាកន្លែងពិសោធវិធីសាស្ត្របង្រៀនតាមបែបថ្មីដើម្បីយកទៅអនុវត្តនៅតាមគ្រឹះស្ថានសិក្សាសាធារណៈផ្សេងទៀត
ជាពិសេសត្រូវបានយកទៅអនុវត្តនៅតាមគ្រឹះស្ថានបណ្តុះ-បណ្ដាលគ្រូសម្រាប់បណ្តុះបណ្តាលគ្រូថ្មី ។
ចំពោះសិស្សសាលារៀនជំនាន់ថ្មី ត្រូវឆ្លងកាត់ការធ្វើតេស្តមុនចូលរៀន និងត្រូវបង្ហាត់បង្រៀនដោយគ្រូបង្រៀន ដែលមានគុណភាពនិងវិធីសាស្ត្របង្រៀនថ្មី។ សាលារៀនជំនាន់ថ្មីបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀនដើម្បីបង្រៀនពេញមួយថ្ងៃ និងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមិនបង្រៀនគួរយកលុយពីសិស្ស។ សាលារៀនជំនាន់ថ្មី បានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យជំនាន់ថ្មី អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាចឱ្យគ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា កម្មវិធីបច្ចេកវិទ្យា និង ភាសាបរទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


