Connect with us

ព័ត៌មានអន្ដរជាតិ

ភឿថៃ ជំរុញឲ្យលោក សេដ្ឋា ពិភាក្សាការបើកច្រកចូលប្រាសាទព្រះវិហារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យទី២១ខែមករា, គណបក្សភឿថៃក្នុងខេត្ត ស៊ីសាកេត នឹងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន លើកឡើងប្រធានបទអំពីលទ្ធភាពបើកប្រាសាទព្រះវិហារដល់ទេសចរឡើងវិញ ពេលជួបពិភាក្សា ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ វិមានរដ្ឋាភិបាល)

លោក Phumin Leethiraprasert សមាជិកបក្សភឿថៃ ក្នុងមណ្ឌល៤របស់ខេត្តស៊ីសាកេត និយាយថា មុនដំណើរអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ខែកុម្ភៈ, សមាជិកបក្សត្រូវបានអញ្ជើញឲ្យជួបជាមួយនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធខាងមុខនេះសិន ដើម្បីរាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ  ហើយសមាជិកបក្សនឹងឆ្លៀតយកឱកាសនោះ ដើម្បីស្នើដល់លោក សេដ្ឋា ឲ្យពិភាក្សាជាមួយសមភាគីកម្ពុជា អំពីការបើកបរិវេណប្រាសាទព្រះវិហារ ដើម្បីទេសចរចូលកម្សាន្ត។

លោក Phumin គូសបញ្ជាក់ថា “រឿងនេះ គឺពឹងផ្អែកទាំងស្រុងលើជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ។ ខ្ញុំជឿថា ការបើកឲ្យទេសចរចូលលេងប្រាសាទពីខាងខេត្តស៊ីសាកេត នឹងឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដូច្នេះ ការបើកឡើងវិញគឺអាចទៅរួច”។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ X)

សូមបញ្ជាក់ថា ច្រកចូលប្រាសាទព្រះវិហារតាមស្រុក Kantharalak របស់ខេត្តស៊ីសាកេត ត្រូវបានបិទ ចាប់តាំងពីឆ្នាំ២០០៨មក ក្រោយមានការប៉ះទង្គិចនៅព្រំដែនរវាងកងទ័ពថៃ និងកម្ពុជា។

នេះមិនមែនជាលើកទីមួយឡើយដែលភាគីថៃ ចិញ្ចឹមចិត្តចង់ឲ្យកម្ពុជា បើកច្រកទ្វារចូលប្រាសាទព្រះវិហារឡើងវិញ ក្រោយការរារាំងអស់រយៈពេលជាងមួយទសវត្សរ៍។ កាលពីឆ្នាំមុន អភិបាលខេត្ត Ubon Ratchathani ក៏បានស្នើកម្ពុជាសុំអនុញ្ញាតឲ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារ តាមច្រកចូលស៊ីសាកេតផងដែរ ប៉ុន្តែសំណើរនេះ​ មិនទទួលការយល់ព្រមពីសំណាក់ភាគីខ្មែរឡើយ។

ដោយឡែក តាមការចុះផ្សាយរបស់ Bangkok Post ដដែល, តំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងកម្ពុជានិងថៃ ក៏ដូចជាបញ្ហាថាមពល ក៏នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា រវាងនាយករដ្ឋមន្ត្រីទាំងពីរផងដែរ។

តំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦ ០០០​ គីឡូម៉ែត្រ​ការ៉េ គឺជាកន្លែងមានធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ហើយវាក៏អំណោយផលដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុកផងដែរ។

​តំបន់ OCA ត្រួតស៊ីគ្នា​នៅ​ព្រំដែន​កម្ពុជា និង​ថៃ​ក្នុង​ឈូង​សមុទ្រ គឺ​ជា​ចំណុច​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ​ដែល​បានទាមទារ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ មក​ម្ល៉េះ ហើយអនុស្សរណៈ​នៃ​ការយោគយល់​​ដើម្បី​រួមគ្នា​រុករក​នៅ​តំបន់ OCA ត្រូវបាន​ចុះហត្ថលេខានៅក្នុង​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ផ្អាក​ដោយរាជ​រដ្ឋាភិបាល​ថៃ​ក្នុង​ឆ្នាំ​ ២០០៩​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ បង្ហាញរបៀបវារៈ សម្រាប់កិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម