Connect with us

ព័ត៌មានជាតិ

ស្វែងយល់​​ពីមុខងារ​ ​ភារកិច្ច និង​រចនាសម្ព័ន្ធ​នៅ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញ​មុខងារ​ជាសេនាធិការឱ្យរាជរដ្ឋាភិបាល​លើបេសកកម្មដឹកនាំ ​និង​គ្រប់គ្រង​វិស័យ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ តាមរយៈការរៀបចំគោលនយោបាយ ​ច្បាប់​ទាក់ទងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​បញ្ជាក់ពី​មុខងារ​ភារកិច្ច​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​មាន​ដូចជា៖

-រៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល
-គ្រប់គ្រងនិងសម្របសម្រួលកិច្ចការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ពង្រឹងអភិបាលកិច្ចល្អ ទៅលើអ្វីដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ
-វិភាគតាមដាន និងព្យាករស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង និងដាក់ចេញនូវវិធានការ
ដើម្បី​តម្រង់ទិសនិងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ច
-សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីដឹកនាំនិងចូលរួមក្នុងការរៀបចំអនុវត្តគោលនយោបាយយុទ្ធសាស្ត របស់រាជរដ្ឋាភិបាល លើកិច្ចការសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចការសមាហរណកម្ម
កម្ពុជាទៅក្នុងសេដ្ឋកិច្ចពិភពលោក ពិសេសកិច្ចការសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខណ្ឌអាស៊ាន
-ទទួលដឹកនាំ រៀបចំ ជំរុញអនុវត្ត និងតាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល
-វិភាគ គ្រប់គ្រង និងតាមដានការវិវត្តនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងចូលរួមរៀបចំនិងអនុវត្តក្របខណ្ឌគ្រប់គ្រងហានិភ័យ នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ
-ចូលរួមរៀបចំនិងអនុវត្តគោលនយោបាយ និងក្របខណ្ឌនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម – -កសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យឯកភាពទូទាំងប្រទេស ហើយធានាអនុវត្តប្រព័ន្ធនេះ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដទៃទៀត
-ធ្វើការបែងចែក និងបែងចែកឡើងវិញនូវផលទុនជាតិ តាមរយះការប្រមូលចំណូល និងថវិកានីយកម្មនៃចំណាយ សាធារណៈ
-រៀបចំនិងកសាងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាលក្ខណៈប្រចាំឆ្នាំនីមួយៗ ឬជាលក្ខណៈអចិន្ត្រៃយ៍
-រៀបចំនិងគ្រប់គ្រងថវិការដ្ឋ
-ចូលរួមរៀបចំគោលនយោបាយ និងគ្រប់គ្រងកិច្ចការវិនិយោគ
– ពិនិត្យនិងចុះទិដ្ឋាការលើចំណាយរបស់ក្រសួង និងស្ថាប័នរដ្ឋនានា
– រៀបចំនិងអនុវត្តគោលនយោបាយចំណូលថវិកាជាតិ
-ប្រមូលចំណូលសារពើពន្ធនិងមិនមែនសារពើពន្ធ បង់ចូលបេឡាថវិការដ្ឋ ធ្វើតារាងតុល្យភាព និងវិភាគគណនី​នៃ​ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ
-បំពេញមុខងារជាបេឡាករ និងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងរៀបចំគោលការណ៍និងបទបញ្ជា គណនេយ្យករសាធារណៈ
-គ្រប់គ្រងនិងត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈនៃបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋដទៃទៀត និង កិច្ចលទ្ធកម្មតាមយន្តការ ភាពជាដៃគួរវាងរដ្ឋនិងឯកជន
-គ្រប់គ្រងនិងត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈនៃបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋដទៃទៀត និង កិច្ចលទ្ធកម្មតាមយន្តការ ភាពជាដៃគួរវាងរដ្ឋនិងឯកជន
-គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
-អនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
-ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ តាមក្រសួង ស្ថាប័ន ឬអង្គភាព សាធារណៈប្រហាក់ប្រហែលនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណះ គ្រឹះស្ថានសាធារណៈ រដ្ឋបាល និងនីតិបុគ្គលសាធារណៈដទៃទៀត និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ចូលរួមកសាងនិងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកៀរគរហិរញ្ញប្បទានពីក្នុងនិងក្រៅប្រទេស និងទទួលបន្ទុក គ្រប់គ្រងបំណុលសាធារណៈ
-ដឹកនាំ រៀបចំ និងអនុវត្តការងារដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម និងការងារអស្សាមិករណ៍ដោយសារ គម្រោងអភិវឌ្ឍន៍នានា
-បំពេញមុខងារសវនកម្មផ្ទៃក្នុង និងជំរុញការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល
-បណ្តុះបណ្តាលនិងធ្វើវិក្រឹតការជាប្រចាំ នូវមុខជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដល់ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​បែងចែក​​រចនាសម្ព័ន្ធ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មាន​ថ្នាក់កណ្តាល​និងថ្នាក់មូលដ្ឋាន​ និង​អង្គភាពនៅក្រោម​ចំណុះ។ 

+ ក-ថា្នក់កណ្តាល

១-ខុទ្ទកាល័យរដ្ឋមន្ត្រី
២-អគ្គលេខាធិការដ្ឋាន
៣-អគ្គនាយកដ្ឋានគោលនយោបាយ
៤-អគ្គនាយកដា្ឋនថវិកា
៥-អគ្គនាយកដ្ឋានពន្ធដារ
៦-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
៧-អគ្គនាយកដ្ឋានរតនាគារជាតិ
៨-អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
៩-អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
១០-អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១១-អគ្គាធិការដ្ឋាន
១២-អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
១៣-អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
១៤-អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន
១៥-អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
១៦-អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១៧-វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ខ-ថា្នក់មូលដា្ឋន

១-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី​ខេត្ត
២-សាខាពន្ធដារខេត្ត ខណ្ឌនានា នៃរាជធានី និងការិយាល័យ​ពន្ធដារស្រុក​ក្រុង
៣-សាខាគយ​និងរដ្ឋាករខេត្ត ការិយាល័យគយ​និងរដ្ឋាករត្រួត​ពិនិត្យ​បែបបទគយ​និងបណ្តា​ការិយាល័យ​គយ​និងរដ្ឋាករ ដទៃទៀត
៤-រតនាគាររាជធានីខេត្ត។

អគ្គលេខាធិការដ្ឋាន ដឹកនាំដោយ​អគ្គលេខាធិការមួយរូប និងអម​ដោយអគ្គលេខាធិការរង​មួយចំនួនជា​ជំនួយការ។ អគ្គនាយកដា្ឋនដឹកនាំដោយអគ្គនាយក​មួយរូប​និងអមដោយ​អគ្គនាយករង​មួយចំនួន​ជាជំនួយ​ការ។

អគ្គាធិការដ្ឋានដឹកនាំ​ដោយ​អត្ថាធិការមួយរូប និងអមដោយ​អគ្គាធិការរងមួយ​ចំនួន​ជាជំនួយការ។

វិទ្យាស្ថានដឹកនាំដោយនាយកមួយរូប មានឋានៈស្មើអគ្គនាយក និង​អមដោយ​នាយករងមួយចំនួន ឋានៈ​ស្មើ​អគ្គនាយករង​ជាជំនួយការ។

នាយកដ្ឋាន​ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធាន​មួយ​ចំនួន​ជាជំនួយការ។ អង្គភាព​ថ្នាក់ស្មើនាយកដា្ឋន ដឹកនាំដោយប្រធានមួយរូប មានឋានៈ​ស្មើប្រធាននាយកដ្ឋាន និង​អម​ដោយ​អនុប្រធានមួយចំនួន​ឋានៈស្មើអនុប្រធាននាយកដា្ឋន​ជាជំនួយការ។

អង្គភាពថ្នាក់​មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និង​អមដោយ​អនុប្រធាន​មួយចំនួន។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយ​ដែលកំណត់ដោយអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅ​របស់ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន។

អគ្គលេខាធិការដា្ឋន

អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មផ្តល់​សេវា​គាំទ្រ​សម្រាប់​ប្រក្រតីភាព​នៃដំណើរការ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និង​សម្របសម្រួល​សកម្មភាព​ការងាររ​វាង​ថ្នាក់កណ្តាល​និងអង្គភាពមូលដ្ឋាន​ក្រោមឱវាទក្រសួង​ពិសេស​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត។

អគ្គលេខាធិការដ្ឋាន មាន​នាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖

– នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– នាយកដ្ឋានបណ្ណសារ ·
– នាយកដ្ឋានផែនការថវិកា។

អគ្គលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត ដែលជាតំណាងរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន។

អគ្គនាយកដា្ឋនគោលនយោបាយ

អគ្គនាយកដ្ឋានគោលនយោបាយ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើ​បេសកកម្ម​រៀបចំនិងតាមដានការអនុវត្ត​គោលនយោបាយនិង​យុទ្ធសាស្ត្រពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។ តាមដាននិងវាយតម្លៃនិន្នាការសេដ្ឋកិច្ចជាតិ តំបន់ និង​ពិភពលោក ក្នុង​កម្រិត​វិស័យធំៗ​ទាំង​ម៉ាក្រូសេដ្ឋកិច្ច​និងហិរញ្ញវត្ថុសំខាន់ៗ។

អគ្គនាយកដ្ឋានគោលនយោបាយ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖

– នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ
– នាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច
– នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន
– នាយកដ្ឋានវិស័យសេដ្ឋកិច្ច
– នាយកដ្ឋានប្រសិទ្ធភាពចំណាយ

អគ្គនាយកដា្ឋនថវិកា

អគ្គនាយកដ្ឋានថវិកា បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្ម​គ្រប់គ្រង​ថវិកាជាតិ ក្នុងគោលដៅធានាឱ្យមានការបែងចែកនិងប្រើប្រាស់ធនធានថវិការដ្ឋ ប្រកប​ដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។

អគ្គនាយកដ្ឋានថវិកា មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖

– នាយកដ្ឋានកិច្ចការទូទៅ
– នាយកដា្ឋនថវិកានីយកម្ម
– នាយកដ្ឋានហិរញ្ញកិច្ច
– នាយកដ្ឋានវិនិយោគ
– នាយកដ្ឋានតាមដាន និងវាយតម្លៃ

អគ្គនាយកដា្ឋនពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារ ​មាន​ភារកិច្ច​រៀបចំ​គោល​នយោយបា​យ​សារពើពន្ធ និង​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ​ចូល​ថវិកា​ជាតិ។ អគ្គនាយកដ្ឋានពន្ធដារ មាន​ប្រព័ន្ធចាត់​តាំងឯកភាពទទួលខុសត្រូវ​គ្រប់គ្រង​ទូទាំង​ប្រទេស និងត្រួតពិនិត្យការអនុវត្ត​បទប្បញ្ញត្តិ​ស្តីពីពន្ធដារ តាមការ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ មានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន។

+ ក-ថា្នក់កណ្តាល

-នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ·
-នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក
-នាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ
-នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
-នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ
-នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
-នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ·
-នាយកដ្ឋានសវនកម្មសហគ្រាស
-សាលាជាតិពន្ធដារ ថ្នាក់ស្មើនាយកដ្ឋាន
-ទីចាត់ការពន្ធដាររាជធានីភ្នំពេញ ថ្នាក់ស្មើនាយកដ្ឋាន។

ខ-ថា្នក់មូលដា្ឋន

នៅខណ្ឌនានានៃរាជធានីភ្នំពេញ និងខេត្តនីមួយៗ មានសាខាពន្ធដារខណ្ឌនិងសាខាពន្ធដារខេត្ត ដែល​ដឹកនាំដោយ​ប្រធានមួយរូប មានឋានៈ​ស្មើអនុប្រធាននាយកដ្ឋាន​នៅថ្នាក់កណ្តាល និង​អនុប្រធាន​សាខាពន្ធដារ​មួយចំនួនឋានៈ​ស្មើ​ប្រធានការិយាល័យនៅថ្នាក់កណ្តាលជាជំនួយការ។

នៅស្រុកក្រុង មានការិយាល័យ​ពន្ធដារស្រុកក្រុង មាន​ថ្នាក់ស្មើការិយាល័យ​នៃសាខាពន្ធដារខេត្តខណ្ឌ និងដឹកនាំដោយប្រធានមួយរូប​អមដោយអនុប្រធានមួយចំនួនជាជំនួយការ។

អគ្គនាយកដា្ឋនគយនិងរដ្ឋាករកម្ពុជា

អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករកម្ពុជា​ មាន​ភារកិច្ច​ពាក់ព័ន្ធ​ការងារ​គ្រប់គ្រង​ប្រមូល​ពន្ធ​និង​អាករ​នាំ​ចេញ​នាំ​ចូល​លើ​ទំនិញ​គ្រប់​ប្រភេទ។

អគ្គនាយកដា្ឋនគយនិងរដ្ឋករកម្ពុជា មានប្រព័ន្ធចាត់តាំងគ្រប់គ្រងឯកភាពទូទាំងប្រទេស មាន​សិទ្ធិ​ដឹកនាំ​និង​ត្រួតពិនិត្យ លើ​រាល់អង្គភាពគយនិងរដ្ឋាករ​ពីថ្នាក់​កណ្ដាលរហូត​ដល់​ថ្នាក់មូលដ្ឋាន តាម​ការ​កំណត់​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរចនាសម្ព័ន្ធ​នៅថ្នាក់កណ្តាល​និង​ថ្នាក់មូលដ្ឋាន។

ក-ថា្នក់កណ្តាល

– លេខាធិការដ្ឋាន ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក
– នាយកដ្ឋានផែនការនិងបច្ចេកទេស
– នាយកដ្ឋានកិច្ចការច្បាប់និងទំនាក់ទំនងសាធារណៈ
– នាយកដ្ឋានសវនកម្មគយ
– នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស
– នាយកដ្ឋានរដ្ឋាករ
– នាយកដ្ឋានរបប​គយ
– នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– នាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ
– នាយកដ្ឋានគ្រប់គ្រងការនាំចេញ
– នាយកដ្ឋានគយនិងរដ្ឋាកររាជធានីភ្នំពេញ
– សាលាជាតិគយ ថ្នាក់ស្មើនាយកដ្ឋាន

ខ-ថា្នក់មូលដា្ឋន

អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​រួមមាន៖

– បណ្ដាសាខាគយនិងរដ្ឋាករ ដែលដឹកនាំដោយប្រធានមួយរូប​មានឋានៈ​ស្មើអនុប្រធាន​នាយកដ្ឋាន​នៅ​ថ្នាក់​កណ្តាល និង​អនុប្រធាន​មួយចំនួន ឋានៈ​ស្មើប្រធាន​ការិយាល័យ​នៅថ្នាក់​កណ្តាល​ជា​ជំនួយការ​។

-បណ្តាការិយាល័យគយនិងរដ្ឋាករក្រោមឱវាទសាខាគយនិងរដ្ឋាករ ដែលដឹកនាំ​ដោយ​ប្រធាន​មួយរូប​មានឋានៈស្មើ​ប្រធានការិយាល័យនៅថ្នាក់កណ្តាល និងអនុប្រធានមួយចំនួន​ឋានៈ​ស្មើអនុប្រធាន​ការិយាល័យនៅថ្នាក់កណ្តាល​ជាជំនួយការ។

អគ្គនាយកដា្ឋនរតនាគារជាតិ

អគ្គនាយកដ្ឋានរតនាគារជាតិ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឋានៈជាបេឡាករនិង ជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល លើ​បេសកកម្ម​គ្រប់គ្រង​ការអនុវត្តថវិកា​និងគណនេយ្យ និងគ្រប់គ្រងសាច់ប្រាក់​របស់រដ្ឋ​ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។

អគ្គនាយកដ្ឋានរតនាគារជាតិមានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន

ក-ថា្នក់កណ្តាល

– នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក
– នាយកដ្ឋានចំណូលថវិកា
– នាយកដ្ឋានចំណាយថវិកា
– នាយកដ្ឋានគណនេយ្យ
– នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន និងសរុបស្ថិតិ
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់
– នាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា។

ខ-ថា្នក់មូលដា្ឋន

នៅរាជធានីខេត្ត មានរតនាគាររាជធានីភ្នំពេញនិងរតនាគារខេត្ត។

រតនាគារ​រាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូប មានឋានៈ​ស្មើអនុប្រធាននាយកដ្ឋាន​នៅថ្នាក់​កណ្តាលអមដោយអនុប្រធានមួយចំនួនជាជំនួយការ ឋានៈស្មើប្រធាន​ការិយាល័យ​នៅថ្នាក់​កណ្តាល។

អគ្គនាយកដា្ឋនលទ្ធកម្មសាធារណៈ

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានភារកិច្ចរៀបចំ បង្កើត អនុវត្ត និង​តាមដានការអនុវត្តគោលនយោបាយលទ្ធកម្មសាធារណៈ និង​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ
-នាយកដ្ឋានគ្រប់គ្រងលទ្ធកម្មទំនិញ
– នាយកដ្ឋានគ្រប់គ្រងលទ្ធកម្មសំណង់និងសេវា ·
-នាយកដ្ឋានគ្រប់គ្រងលទ្ធកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ
– នាយកដ្ឋានត្រួតពិនិត្យនិងដោះស្រាយវិវាទ។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋនិង​ចំណូលមិនមែនសារពើពន្ធ។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ គ្រប់គ្រង​និងជំរុញការធ្វើ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋនៅទូទាំងប្រទេស។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ៖

– នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
-នាយកដា្ឋនចំណូលសាធារណៈ
-នាយកដ្ឋានសហគ្រាសសាធារណៈ
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញមុខងារជា​សេនាធិការឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​បេសកកម្មអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់​ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ។

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖

– នាយកដ្ឋានគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស
-នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី១ 
-នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី២
-នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី៣។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្ម​ធ្វើអធិការកិច្ច​ហិរញ្ញវត្ថុ លើអនុលោមភាពនិងសមិទ្ធកម្ម នៃការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​និង​ទ្រព្យ​សម្បត្តិរដ្ឋ ដោយប្រើអភិក្រម ផ្អែក​លើ​ហានិភ័យ ករណីសង្ស័យ បណ្ដឹងតវ៉ា និង​បណ្តឹង​បរិហារ។

អគ្គាធិការដ្ឋានមាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖

– នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង
-នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ១
– នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ២
– នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣។

អគ្គនាយកដា្ឋនសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គងបំណុល

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បំពេញមុខងារ​ជាសេនាធិការ​ឱ្យក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការ និងបំណុលសាធារណៈ​ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល មានភារកិច្ចរៀបចំ និងចរចា​លើរាល់​កិច្ចព្រមព្រៀងរបស់រដ្ឋ ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានឥតសំណង ការទទួល​ហិរញ្ញប្បទាន​ឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់តេខ្ចី ព្រមទាំងកាតព្វកិច្ច​ហិរញ្ញវត្ថុផ្សេងៗទៀត។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី
-នាយកដ្ឋានសហប្រតិបត្តិការពហុភាគី
– នាយកដ្ឋានគ្រប់គ្រងបំណុល
– នាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង។

អគ្គនាយកដា្ឋនដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍

អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារតម្រោងអភិវឌ្ឍន៍ មាន​បេសកកម្មដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច-សង្គមដោយសារគម្រោងអភិវឌ្ឍន៍នានា។

អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍មាន​នាយកដ្ឋានក្រោមឱវាទចំនួន ៥៖

-នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុងនិងគ្រប់គ្រងទិន្នន័យ
– នាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី១
-នាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី២
– នាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី៣។

អគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន បំពេញមុខងារជាសេនាធិការ​ឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើ​បេសកកម្ម ក្នុងការទទួលពិនិត្យនិង​វាយតម្លៃ​រាល់សំណើ​គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន​ក្នុងគ្រប់​ដំណាក់កាលនៃវដ្តគម្រោង។

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖

– នាយកដ្ឋានកិច្ចការទូទៅ
– នាយកដ្ឋានអភិវឌ្ឍន៍គម្រោង
– នាយកដ្ឋានប្រគល់ និងត្រួតពិនិត្យគម្រោង។

អគ្គនាយកដា្ឋនសវនកម្មផ្ទៃក្នុង

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មាន​បេសកកម្មពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យនិង​បង្កើនប្រសិទ្ធភាព​ ស័ក្តិសិទ្ធ​ភាពប្រតិបត្តិការរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​នាំមុខ​ក្នុង​ការ​អភិវឌ្ឍមុខងារ​សវនកម្មផ្ទៃក្នុង​នៅតាម​បណ្ដាក្រសួង ស្ថាប័ន និង​អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល​។

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖

-នាយកដ្ឋានសវនកម្មផ្ទៃក្នុងថ្នាក់កណ្ដាល
-នាយកដ្ឋានសវនកម្មផ្ទៃក្នុងថ្នាក់មូលដ្ឋាន
– នាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន
-នាយកដ្ឋានបច្ចេកទេសសវនកម្ម។

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការងារ​បណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្ត្រីរាជការ លើមុខជំនាញ​សម្រាប់ការគ្រប់គ្រង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ។

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖

-នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ
-នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
-នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឈ
-នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធឌីជីថល ។

អង្គភាពមូលដា្ឋន

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត បំពេញមុខងារជាតំណាងរបស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្នុងការសម្រប​សម្រួលនិងគ្រប់គ្រង​វិស័យ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជាអភិបាល​ហិរញ្ញវត្ថុនៅរាជធានី​ខេត្ត ដោយធ្វើការសម្របសម្រួល រវាងរដ្ឋបាល​ថ្នាក់ជាតិផ្សេង​ទៀត​នៅ​ថ្នាក់​មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គភាពថ្នាក់មូលដ្ឋាននិងអង្គភាព ថ្នាក់​កណ្តាល​ទាំងឡាយ​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការ​កំណត់​របស់រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និង លិខិតបទដ្ឋាន​គតិយុត្តជាធរមាន។

កាលពីថ្ងៃ ២២ ខែ​មិថុនា ឆ្នាំ ២០២៣ រដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យ​សម្រេច​បង្កើត​​និង​បំពេញបន្ថែម​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល​ ស្ថិត​នៅ​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖

– នាយកដ្ឋានកិច្ចការទូទៅ
– នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល
– នាយកដ្ឋានកម្មវិធីសេដ្ឋកិច្ចឌីជីថល។

នាយកដ្ឋាននីមួយៗនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានការិយាល័យក្រោមឱវាទមួយចំនួនតាមការចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម