ព័ត៌មានជាតិ
AmCham ស្នើឱ្យរដ្ឋាភិបាលខ្លួនពិចារណាឡើងវិញនៃការដាក់ពន្ធលើកម្ពុជា និងអំពាវនាវដៃគូ ពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយ
សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ស្នើឲ្យពិចារណាឡើងវិញ និងបញ្ឈប់ជាបន្ទាន់ចំពោះគោលការណ៍ដាក់ពន្ធគយលើកម្ពុជា ដើម្បីរក្សានិងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងអំពាវនាវដៃគូរពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយលើបញ្ហានេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក» ហើយក្នុងនោះប្រទេស កម្ពុជា ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលអាមេរិក យកពន្ធច្រើនបំផុត។
តាមការប្រកាសរបស់លោកត្រាំ, ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពន្ធគយលើប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍នៃសមភាព។ លោកអះអាងថា វាជាថ្ងៃឯករាជ្យភាពសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក ឈានទៅរកភាពជោគជ័យ។
ដៃគូពាណិជ្ជកម្មសំខាន់ៗដែលត្រូវទទួលអត្រាពន្ធគយពិសេសទាំងនេះរួមមាន៖ កម្ពុជា ៤៩%;វៀតណាម ៤៦%;ថៃ ៣៦%;ចិន ៣៤%; តៃវ៉ាន់ ៣២%;អាហ្វ្រិកខាងត្បូង ៣០%;ជប៉ុន ២៤%; និងសហភាពអឺរ៉ុប ២០%។
AmCham បានលើកឡើងថា៖«យើងសង្ឃឹមថាដៃគូពាណិជ្ជកម្មនានានឹងចូលរួមយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសមរម្យណាមួយ ដែលអាចអនុវត្តបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាក្តីបារម្ភនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ AmCham ប្តេជ្ញាក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយវិជ្ជមាន និងប្រសិទ្ធភាព និងត្រៀមខ្លួនជួយរដ្ឋាភិបាលកម្ពុជាតាមការចាំបាច់នានា»។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា AmCham Cambodia លោក Casey Barnett បានស្នើឱ្យមានការដោះស្រាយបញ្ហាពន្ធថ្មីរបស់អាមេរិកលើកម្ពុជា ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ» ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) លើបណ្ដាប្រទេសទូទាំងពិភពលោកនៅថ្ងៃព្រហស្បតិ៍ ទី ៣ មេសា នេះ (២ មេសា នៅសហរដ្ឋអាមេរិក)។
អត្រាពន្ធលើកម្ពុជាខ្ពស់រហូតទៅដល់ ៤៩ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាល ត្រាំ បានអះអាងថា កម្ពុជាបានដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ៩៧ ភាគរយ។ បើតាមការបញ្ជាក់របស់រដ្ឋបាលត្រាំ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី ៩ មេសា ថ្ងៃពុធ សប្ដាហ៍ខាងមុខ។
លោក Casey បានបង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ «ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស»។
ឆ្លើយតបទៅនឹងសំណួររបស់កម្ពុជាថ្មី មន្រ្តីជំនាញដដែលបាននិយាយថា៖ «សហរដ្ឋអាមេរិកបើកចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី ៩ មេសា ដូច្នេះកម្ពុជាត្រូវតែទាក់ទងដោះស្រាយជាបន្ទាន់។ អត្រា ៤៩ ភាគរយ នៃពន្ធថ្មី រំពឹងថាជាពន្ធអប្បបរមាថ្មីលើប្រទេសសម្រាប់ទំនិញគ្រប់មុខ ប៉ុន្តែមិនរាប់បញ្ចូលពន្ធដែលមានស្រាប់នោះទេ»។ លោកបន្តថា៖ «មូលហេតុចម្បងដែលអាមេរិកដាក់ពន្ធលើកម្ពុជា ដោយសារកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ជាប្រទេសមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតជាមួយអាមេរិក ហើយអាមេរិកយល់ថា អត្រាពន្ធកម្ពុជា និងរបាំងពាណិជ្ជកម្មមានកម្រិតខ្ពស់មិនស្មើភាព បើធៀបនឹងអ្វីដែលអាមេរិកគិតពន្ធលើកម្ពុជា»។
លោកបានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញទៅអាមេរិក ១២,៨ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ខណៈកម្ពុជាបាននាំចូលពីអាមេរិកវិញ ត្រឹមតែ ០,៣ ប៊ីលានដុល្លារប៉ុណ្ណោះ។ «សម្រាប់ខ្ញុំ ដំណោះស្រាយគឺសាមញ្ញ៖ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំចេញមកកម្ពុជា ដោយមិនយកពន្ធសម្រាប់រយៈពេល ៤ ឆ្នាំ ជាមួយនឹងជម្រើសផ្លាស់ប្ដូរថ្មីបន្ទាប់ពីនោះ។ កម្ពុជានឹងបាត់បង់ពន្ធលើទំនិញ ០,៣ ប៊ីលានដុល្លារ ប៉ុន្តែកម្ពុជានឹងទទួលបានចំណូល ១២,៨ ប៊ីលានដុល្លារ»។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានឆ្លើយកមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៣ ខែមេសានេះថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការវាយតម្លៃ និងចាត់វិធានការនានាលើបញ្ហានេះ។
លោកបានថ្លែងថា៖ «យើងមានក្រុមការងារកំពុងវាយតម្លៃអំពីកម្មវិបាកនៃការដាក់ពន្ធគយនេះ។ រាជរដ្ឋាភិបាលកំពុងពិនិត្យមើលយ៉ាងហ្មត់ចត់ចំពោះការដាក់ពន្ធ (Reciprocal Tariff) ក្នុងការរៀបចំវិនធាការដើម្បីដោះស្រាយបញ្ហានេះ»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


