សេដ្ឋកិច្ច
ការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ របស់អាជីវកម្មខ្នាតតូច កើនឡើងខ្ពស់
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានបង្ហាញថា គិតត្រឹមរយៈពេល ៣ ខែត្រីមាសទី១ ឆ្នាំ២០២៥គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ(30+DPD) បានកើនឡើងរហូតដល់ជាង ៩%។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានបញ្ជាក់ថា ការស្នើសុំឥណទានបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើង ៥,៧% ប៉ុន្តែការអនុម័តផ្ដល់ឥណទានបានធ្លាក់ចុះ ៤,៤% នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ធៀបនឹងត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៤។ កម្ចីអាជីវកម្មខ្នាតតូច មានទំហំទឹកប្រាក់ឥណទានសរុបជាង ១៣,១៦ លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៥ បង្ហាញថា ពាក្យស្នើសុំឥណទាន សម្រាប់អាជីវកម្មខ្នាតតូច ដែលមានកម្ចីទុនបង្វិល កសិកម្ម សំណង់ កើនឡើង ៥,៧% នៃចំនួនពាក្យស្នើសុំ។ ដំណើរការឥណទានលក្ខណៈអាជីវកម្ម គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ បានធ្លាក់ចុះ ០,៨%។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើងថា ស្ថិតក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់មានភាពមិនច្បាស់លាស់ វិស័យហិរញ្ញវត្ថុនៅកម្ពុជារងឥទ្ធិពលដែលនឹងប៉ះពាល់ដល់អត្រាកំណើនក្នុងវិស័យនេះទាបជាងការរំពឹងទុក។

លោក តូច ចៅចេក បានគូសបញ្ជាក់ថា វិស័យធនាគារមានការប្រយ័ត្នប្រយែងនៃការបញ្ចេញឥណទានចាប់តាំងពីក្រោយការគ្រប់គ្រងបាននៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារតែអត្រាឥណទានមិនដំណើការកើនឡើង។
លោកថា៖ «ប៉ុន្តែមិនមែនន័យថាយើងមិនបញ្ចេញឥណទាននោះទេ យើងហាក់បញ្ចេញច្រើនដោយសារយើងត្រូវការប្រាក់ចំណូលដើម្បីទប់ទាល់នឹងចំណាយប្រតិបត្តិការ ប៉ុន្តែគ្រាន់តែយើងមានការកំណត់លក្ខខណ្ឌមួយចំនួនតឹងតែង និងប្រុងប្រយ័ត្នខ្ពស់ជាងមុន ប៉ុន្តែអតិថិជនអាចទទួលបានឥណទានច្រើនជាងមុន និងអត្រាការប្រាក់ល្អជាងមុនផងដែរ»។
យោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,០៤ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៩ ពាន់លានដុល្លារ។
CBC បង្ហាញថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ គឺមានឥណទានប្រមាណ ៦០ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញាមានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩ ០២១ ៩៤៧ លានរៀល ប្រមាណ ២៩,៧ ពាន់លានដុល្លារ និងស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩,៦ ម៉ឺនាក់។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។
លោកស្រីថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧% រហូតដល់ ៩១,១ ពាន់លានដុល្លារ ខណៈឥណទានបន្តមានកំណើនទាប ៣% ប្រមាណ ៥៩,៩ ពាន់លានដុល្លារ ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦,៣% ប្រមាណ ៥៧ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


