គីសក្រពេញគល់រោម(Kyste Sébacé) គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង(Accumulation de sébum sous la peau) ដែលស្ថិតជាប់ជា មួយរោមលើស្បែកនៃរាងកាយខ្លួនយើងជាពិសេសលើខ្នង។
ក)មូលហេតុ៖ ការកកស្ទះនេះបង្កឡើងដោយមេរោគ ក្អែល ឬក៏ធូលី និងកំទេចកំទីល្អិតៗផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កំដៅព្រះអាទិត្យ ការជក់បារីជា ដើម។
ខ) រោគសញ្ញា៖ កើតឡើងមានលក្ខណៈដូចជា កន្ទួលលើស្បែក រឹងពណ៌សឬលឿង។ ក្នុងដំណាក់កាលដំបូង វាមិនបង្កឱ្យឈឺចាប់អ្វីទេ ក៏ប៉ុន្តែពេលគ្មានការថែទាំ និងព្យាបាលត្រឹមត្រូវ ដុំគីសនេះនឹងវិវត្តន៍ទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយហូរទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។
គ) ការព្យាបាល៖ វិធីព្យាបាលប្រែប្រួលទៅតាមការវិវត្តន៍របស់គីស
– ករណីគីសនៅតូចជាង 1 សង់ទីម៉ែត្រ មិនមានការរំខានឬឈឺចាប់ គេអាចតាមដានមួយរយៈសិនបានដោយគ្រាន់តែសម្អាតរាងកាយដោយសាប៊ូធម្មតាកុំអោយរលាកនិង បង្កររោគ(infection et puis abcès ) និង តាមដាន។
– ករណីរីកធំត្រូវព្យាបាលដោយវះកាត់យកចេញអោយបានទាំងមូល កុំអោយរហែកស្រោមព្រោះវានឹងអាចកើតឡើងវិញ។
– ក្នុងករណីមានការរលាកនិងឡើងអាប់សែរ (Abcès) គេត្រូវព្យាបាលដោយវិធីវះកាត់យកចេញ និងចំហរមុខរបូស លាងសំអាតរហូតអស់ខ្ទុះនិងប្រើប្រាស់ថ្នាំសំលាប់មេរោគបន្ថែម រួចអាចដេរផ្ជិតមុខបន្ថែមទៀត។
ឃ) ការការពារ៖ ត្រូវអនាម័យខ្លួនប្រាណដោយការលាង ជម្រះក្អែល ឬភាពកខ្វក់ក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ។
– មិនត្រូវស្លៀកពាក់តឹងចង្អៀតពេក
– ព្យាយាមជ្រើសរើសយកក្រណាត់ ឬសម្លៀកបំពាក់ណា ដែលអាចជួយឲ្យស្បែកមានខ្យល់ចេញចូលបានស្រួល មិនធ្វើឲ្យក្តៅស្អុះស្អាបដល់ស្បែករបស់យើងទេ។
ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័សប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ រស្មី