អត្ថាធិប្បាយ
ហេតុអ្វីប្រទេសកាន់ពុទ្ធសាសនាកម្ពុជាត្រូវបានជ្រើសរើសជាទីកន្លែងប្រជុំកំពូលឥស្លាម?
កិច្ចប្រជុំកំពូលឥស្លាមបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំកំពូលឥស្លាមអន្តរជាតិទី១ដែលរៀបចំឡើងនៅកម្ពុជា។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈពលរដ្ឋក្នុងប្រទេសនេះជាង៩៣%ជាអ្នកកាន់ពុទ្ធសាសនា។ តើហេតុអ្វីបានជាអង្គការសម្ព័ន្ធឥស្លាមបានជ្រើសរើសប្រទេសកម្ពុជាជាទីកន្លែងប្រជុំកំពូលរបស់ខ្លួន?
ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសលោក អូស្មាន ហាស្សាន់ បានថ្លែងក្នុងពិធីបើកនោះថា កេរិ៍្តឈ្មោះដែលកម្ពុជារក្សាបានជាប្រទេសមានសុខដុមនីយកម្មសាសនាដែលគ្រប់សាសនិកសាសនាទាំងអស់ក្នុងប្រទេសនេះមានសាមគ្កីភាពគ្នាប្រកបដោយការអត់អោន បានធ្វើឱ្យអង្គការសម្ព័ន្ធពិភពឥស្លាមមានការចាប់អារម្មណ៍ជាខ្លាំងចំពោះប្រទេសកាន់ពុទ្ធសាសនាមួយនេះ។

លោកថ្លែងថា៖ «អាស្រ័យហេតុនេះទើបអង្គការសម្ព័ន្ធពិភពឥស្លាមសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះជាលើកទី១ លើព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ដែលទូលបង្គំខ្ញុំបាទនាថ្ងៃនេះជឿជាក់ថាតាមរយៈកិច្ចប្រជុំនៅថ្ងៃនេះប្រទេសកម្ពុជានឹងត្រូវបានពិភពលោកទាំងមូលចាត់ទុកពិតជាប្រទេសដែលអាចយកជាគំរូមួយដែលបានផ្ដល់ភាពសុខដុមនីយកម្មជាតិសាសន៍ សាសនាដ៏ពេញលេញដល់ប្រជាជនរបស់ខ្លួនដោយមិនប្រកាន់ពូជសាសន៍ មិនរើសអើង ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ខណៈប្រទេសតូចឬធំមួយចំនួននៅមិនទាន់ធ្វើបានដូចកម្ពុជា»។
អង្គការសម្ព័ន្ធពិភពឥស្លាម បង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ ហ្វៃសល អាល់សាអូឌីត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមសេចក្តីសម្រេច របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)។ អង្គការនេះ មានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការឥស្លាម និងមនុស្សធម៌នៅទូទាំងសកលលោក។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា អគ្គលេខាធិការង OIC លោក មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជាជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដាប្រទេសលើពិភពលោកកាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀតមកលើកម្ពុជា។

លោកបានបន្ថែមថា «កម្ពុជាជាប្រទេសគំរូមួយនៅលើពិភពលោកដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា»។
កិច្ចប្រជុំកំពូលឥស្លាម២០២៥ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកជាជម្រើសប្រធានបទដ៏ស័ក្កិសមបំផុតសម្រាប់ការរៀបចំនៅកម្ពុជា។ សម្ដេចធិបតីបានថ្លែងក្នុងពិធីបើកថា កម្ពុជាតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និងសន្ដិសហវិជ្ជមានរវាងជំនឿសាសនា ហើយសុទ្ធតែត្រូវបានអង្គការអន្តរជាតិធំៗ រួមទាំងអង្គការសម្ព័ន្ធឥស្លាមទទួលស្គាល់ផងដែរ។
សម្ដេចធិបតីបានរម្លឹកថា ភាពសុខដុមនៃសាសនានៅកម្ពុជាកើតពីថ្ងៃរំដោះ៧ មករា និងការប្រឆាំងនូវលិទ្ធិជ្រុលនិយមនៅកម្ពុជា។

សម្ដេចថ្លែងថា៖ «យើងពិតជាមានមោទនភាពក្រៃលែងដែលអង្គការសម្ព័ន្ធឥស្លាមបានទទួលស្គាល់នូវភាពអត់អោន និងភាពមិនជ្រុលនិយមនិងសុខដុមនីយកម្មជាតិសាសន៍ សាសនានៅព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ដោយេហតុថាកត្តាទាំងនេះគឺធាតុផ្សំមិនអាចខ្វះបាននៃស្ថិរភាព និងសន្ដិភាពយូរអង្វែងរបស់កម្ពុជា»។
សម្ដេចធិបតីបានប្រកាសជាថ្មីថា ការជំរុញភាពសុខដុមនៃសាសនាគឺជាកោសិកាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះ ហើយសម្ដេចធានាក្នុងនាមជាអ្នកដឹកនាំបន្តវេនគឺនៅតែបន្តអនុវត្តន៍នូវគោលនយោបាយនេះដើម្បីធានានូវភាពសុខសាន្តរបស់សង្គមជាតិទាំងមូល។
ជារួម ការជ្រើសរើសកម្ពុជាជាទីតាំងប្រជុំកំពូលឥស្លាម ជាកិត្តិយសមួយរបស់កម្ពុជាក្នុងនាមជាប្រទេសកាន់ពុទ្ធសាសនាដែលរក្សាបាននូវភាពសុខដុមដល់គ្រប់សាសនាទាំងអស់ក្នុងប្រទេស ជាគំរូមួយដល់ពិភពលោកនៃការថែរក្សាសន្ដិភាព និងប្រឆាំងនូវអំពើជ្រុលនិយម ដែលជាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីថ្ងៃដួលរលំនៃរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


