នយោបាយ
អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ
ភ្នំពេញ ៖ អ្នកវិភាគស្ថានភាពនយោបាយ និងកិច្ចការបរទេស បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកុំជ្រួលជ្រើម ទៅតាមរបត់នយោបាយនៅប្រទេសថៃ ដោយមិនមានជះឥទ្ធិពលធ្ងន់ធ្ងរទៅលើទំនាក់ទំនងប្រទេសទាំងពីរទេ ខណៈអ្នកនយោបាយប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ ដើម្បីបង្កចលាចលផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «បើទោះបីជានយោបាយថៃមានការប្រែប្រួលយ៉ាងណាក៏ដោយ ទោះអ្នកដឹកនាំថៃជាមន្រ្តីយោធាដោយ ក៏មិនមានអ្វីប្រែប្រួលជាដុំកំភួនចំពោះទំនាក់ទំនងកម្ពុជា និងថៃ ប៉ុន្ដែកម្ពុជាត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់នៃការវិវត្តពីមួយជំហានទៅមួយជំហានសម្រាប់នយោបាយថៃ ដើម្បីយើងអាចសម្របខ្លួនទៅតាមស្ថានការក្នុងកិច្ចសហប្រតិបត្តិការជាមួយថៃ»។

លោកបណ្ឌិតបន្តថា «ចំពោះបញ្ហាព្រំដែន គឺនឹងមិនអាចជៀសផុតពីការឡើងកម្ដៅម្ដងៗនោះទេ ព្រោះអ្នកនយោបាយប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីបង្កឱ្យមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន។ ក្នុងករណីដែលក្រុមប្រឆាំងចង់ទម្លាក់រដ្ឋាភិបាលណាមួយ គឺពួកគេតែងតែរុញបញ្ហាព្រំដែនឱ្យឡើងកម្ដៅ»។
បើតាមលោកបណ្ឌិតបានលើកឡើងថា កម្ពុជាមិនអាចលូកលន់កិច្ចការផ្ទៃក្នុងរបស់ថៃបានទេ ទោះបីជាបុគ្គលណា ឬអ្នកដឹកនាំមកពីគណបក្សណាមួយក៏ដោយ ក៏កម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយថៃ ព្រោះកម្ពុជា និងថៃមិនអាចបាត់បង់ភាគីណាមួយបានទេ ដោយត្រូវពឹងផ្អែកគ្នាទៅវិញទៅមកទាំងសេដ្ឋកិច្ច និងសន្ដិសុខជាតិ។
ដើម្បីទប់ទល់នឹងចរន្តរុញច្រានបញ្ហាព្រំដែនកម្ពុជា-ថៃឱ្យឡើងកម្ដៅ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា កម្ពុជាត្រូវតែពង្រឹងវិស័យការពារជាតិតាមព្រំដែនថែមទៀតទាំងព្រំដែនថៃ និងវៀតណាម ដើម្បីកុំឱ្យពួកគេរំលោភលើដែនអធិបតេយ្យភាព ហើយពួកគេមិនអាចយកលេសព្រំដែនទៅកេងចំណេញនយោបាយផ្ទៃក្នុងរបស់ពួកគេបានទេ។
កម្ពុជាត្រូវតែមានអ្នកជំនាញផ្នែកកិច្ចការព្រំដែនឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យមានជំនាញកិច្ចការព្រំដែនឱ្យបានច្បាស់លាស់។ បន្ថែមលើនេះ ត្រូវតែផ្សព្វផ្សាយឱ្យពលរដ្ឋ និងកូនចៅខ្មែរជំនាន់ក្រោយយល់ដឹងពីកិច្ចការព្រំដែន និងប្រវត្តិសាស្រ្តរបស់ខ្លួន។
ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «ក្នុងករណីដែលថៃមានជម្លោះនយោបាយ ពួកគេតែងធ្វើអន្តរជាតិតូបនីយកម្មនយោបាយជាមួយប្រទេសជិតខាង ហើយរឿងដែលពួកគេផ្ដោតជាចំណុចសំខាន់នោះ គឺបង្កើតភ្លើងជាតិនិយមទៅលើបញ្ហានៅតាមព្រំដែនជាមួយកម្ពុជា ហើយគេតែងលេងល្បែងស្នេហាជាតិជាមួយកម្ពុជា»។

លោកបណ្ឌិតបន្តថា រាល់ការផ្លាស់ប្ដូររដ្ឋាភិបាលថៃ តែងតែមានផលជះឥទ្ធិពល ឬមានការលំបាកតិចតួចមកលើកម្ពុជា ប៉ុន្ដែប្រទេសទាំងពីរនៅតែមិនអាចបាត់បង់ភាគីណាមួយ ដែលមិនអាចចាត់ទុកភាគីណាមួយជាសត្រូវជារៀងរហូតបាននោះទេ ព្រោះប្រទេសទាំងពីរត្រូវការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ កម្លាំងពលកម្ម សន្ដិសុខជាតិ និងនយោបាយការទូតទៅវិញទៅមក។
បញ្ហាដែលរសើបនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលតែងតែត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយប្រឆាំងថៃ ត្រូវបានលោកបណ្ឌិតកត់សម្គាល់ឃើញថា គឺមានកត្តាប្រវត្តិសាស្រ្តតាមរយៈបកស្រាយប្រវត្តិសាស្រ្ត ការបំភ្លៃ និងការពន្យល់ប្រវត្តិសាស្រ្តដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបញ្ហាវប្បធម៌នានាដែលជាប់ពាក់ព័ន្ធគ្នា។ លើសពីនេះ បញ្ហាទឹកដី និងបញ្ហាព្រំដែនដែលចំណុចក្ដៅបំផុត ហើយត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយថៃ។
អ្វីដែលកម្ពុជាត្រូវធ្វើនាពេលនេះ គឺពលរដ្ឋកុំជ្រួលច្របល់ទៅតាមរបត់នយោបាយថៃ ប៉ុន្ដែត្រូវពង្រឹងសមត្ថភាពកងទ័ព និងធ្វើទំនើបកម្មសព្វាវុធការពារជាតិរបស់ខ្លួនថែមទៀត។ លើសពីនេះលោកបណ្ឌិតថា កម្ពុជាត្រូវតែយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីកាត់បន្ថយការពឹងទាំងស្រុងទៅលើផលិតផលរបស់បរទេស និងកាត់បង្កើនបង្កើតការងារជូនពលរដ្ឋខ្មែរដែលជាកត្តាចៀសវាងពីការធ្វើចំណាកស្រុកទៅថៃច្រើន។
បើតាមលោកបណ្ឌិត យង់ ពៅ វាជាទម្លាប់អ្នកនយោបាយថៃដែលនាយករដ្ឋមន្រ្តីតែងតែទទួលរងនូវការរិះគន់ និងយាយីឈានដល់ការប្រកាសឱ្យមានរដ្ឋប្រហារយោធាទម្លាក់ចេញពីតំណែង។ អ្វីដែលជាការកត់សម្គាល់នោះ គឺអ្នកនយោបាយដែលមកពីគណបក្សភឿថៃ ហើយអ្នកយោបាយមកពីគ្រួសារលោក ថាក់ស៊ីន តែងតែទទួលរងគ្រោះដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត ឬឈានដល់ការធ្វើរដ្ឋប្រហារយោធា។
ចំពោះប្រទេសថៃ គឺរងនូវការធ្វើរដ្ឋប្រហារយោធាប្រមាណជិត ២០លើករួចមកហើយទាំងរដ្ឋប្រហារជោគជ័យ និងមិនបានជោគជ័យ ប៉ុន្ដែស្ថានភាពនៃការអភិវឌ្ឍន៍សង្គមជាតិរបស់គេនៅតែបន្តដើរទៅមុខជានិច្ចដោយមិនមានផលប៉ះពាល់សន្ដិសុខសង្គមធ្ងន់ធ្ងរ ឬបំផ្លាញ់ប្រទេសជាតិនោះទេ ដែលផ្ទុយពីនយោបាយកម្ពុជាមានរដ្ឋប្រហារយោធាតែមួយលើកប៉ុណ្ណោះ ប៉ុន្ដែបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិជាច្រើនឆ្នាំ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


