ព័ត៌មានជាតិ
អ្នកជំនាញថៃពន្យល់មូលហេតុដែលរោងចក្រថៃជាច្រើនបិទទ្វារ ហើយព្រមានឱ្យរដ្ឋាភិបាលរកដំណោះស្រាយ
ទិន្នន័យពីនាយកដ្ឋានការងារឧស្សាហកម្មនៃក្រសួងឧស្សាហកម្មថៃ និងការស្រាវជ្រាវថ្មីរបស់ KKP Research បានបង្ហាញថា វិស័យផលិតកម្មរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ដោយក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ រោងចក្រប្រមាណ ៤៨៨ បានបិទទ្វារប្រតិបត្តិការរបស់ខ្លួន។

អ្នកជំនាញមើលឃើញថា ការណ៍នេះបណ្ដាលមកពីមូលហេតុផ្សេងៗ រួមទាំងកត្តាក្នុងស្រុកផ្ទាល់ និងពីបរទេស ហើយបន្តព្រមានឱ្យរដ្ឋាភិបាលបញ្ចេញសកម្មភាពដោះស្រាយ ដើម្បីកុំឱ្យវិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation។
រោងចក្រជាធម្យមចំនួន ៩៧ បានបិទក្នុង១ខែនៅឆ្នាំនេះ បើប្រៀបធៀបនឹងវិបត្តិបិទទ្វាររោងចក្រដូចគ្នាជាមធ្យមចំនួន ៥៧/ខែ ក្នុងឆ្នាំ ២០២១។ ទិន្នន័យពីនាយកដ្ឋានការងារឧស្សាហកម្ម បង្ហាញថា ចាប់ពីខែមករា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ រោងចក្រសរុបចំនួន ១ ៧០៤ បានឈប់ដំណើរការក្រោយវិបត្តិកូវីដ ដែលជាមធ្យម រោងចក្រចំនួន ១១៣/ខែ បានបិទទ្វារ។ សរុបមក ចាប់ពីឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២៤ គេប៉ាន់ប្រមាណថា មានរោងចក្រជាង ៣ ៥០០ បានបិទទ្វារ។
រោងចក្រដែលបិទភាគច្រើន គឺស្ថិតនៅក្នុងវិស័យផលិតផលិតផលផ្លាស្ទិក ផលិតផលស្បែក កៅស៊ូ និងផលិតផលកៅស៊ូ អាហារ គ្រឿងម៉ាស៊ីន និងផលិតផលមេកានិច ផលិតផលដែក កែច្នៃឈើ និងផលិតផលឈើ។
អ្នកជំនាញជឿជាក់ថា រោងចក្រថៃច្រើនទៀត ទំនងជានឹងបិទទ្វារនៅពេលខាងមុខ។ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បានចង្អុលបង្ហាញទៅលើកត្តាសំខាន់ៗមួយចំនួន ដែលធ្វើឱ្យមាននិន្នាការបិទរោងចក្រឧស្សាហកម្ម។

លោកថ្លែងប្រាប់កាសែត The Nation ថា ក្រុមហ៊ុនផលិតក្នុងស្រុកប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីទំនិញនាំចូលតម្លៃដែលមានទាប ជាពិសេសពីប្រទេសចិន ដោយហូរចូលទីផ្សារក្នុងស្រុក ទាំងតាមរយៈបណ្តាញស្របច្បាប់ និងបណ្ដាញខុសច្បាប់។ ការណ៍នេះធ្វើឱ្យផលិតផលថៃធ្លាក់ចុះ ហើយបានប៉ះពាល់ទាំងទីផ្សារលក់រាយ និងតាមអ៊ិនធឺណិត។
ក្រោមបញ្ហានេះ លោក Kriengkrai បានបកស្រាយថា ប្រទេសចិន បានបង្កើនផលិតកម្មសម្រាប់ការនាំចេញរបស់ខ្លួន ដើម្បីទូទាត់ទៅនឹងការបាត់បង់នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែវិបត្តិអចលនទ្រព្យ។ លើសពីនេះ ការតម្លើងពន្ធលើមុខទំនិញរបស់ចិនពីសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ក៏រួមចំណែកជាបញ្ហា ដោយធ្វើឱ្យចិនងាកទៅបង្កើនការនាំចេញទៅទីផ្សារអាស៊ី ដូចជាប្លុកអាស៊ីអាគ្នេយ៍ រួមមានទាំងប្រទេសថៃ ដែលអំណាចនៃការទិញនៅខ្លាំងនៅឡើយ។
ប្រធាន FTI រូបនេះ បានបន្តយ៉ាងដូច្នេះថា៖ «សេណារីយ៉ូនេះ កំពុងបង្ខំឱ្យសហគ្រាសធុនតូច និងមធ្យមថៃជាច្រើនត្រូវបិទ ខណៈក្រុមហ៊ុនផ្សេងទៀត ទោះបីជានៅតែដំណើរការក៏ដោយ ក៏ត្រូវបិទបណ្តាញផលិតកម្ម ប៉ុន្តែបានរក្សាផ្នែកលក់ ឬទីផ្សាររបស់ពួកគេ ដោយផ្លាស់ប្តូរពីការផលិតទៅជាការនាំចូលទំនិញសម្រាប់លក់បន្ត»។

ផលប៉ះពាល់នៃទំនិញនាំចូលតម្លៃទាបដែលហូរចូលក្នុងទីផ្សារថៃ បានរាតត្បាតលើក្រុមឧស្សាហកម្មជាង ២០ ក្នុងចំណោម ៤៥ ដែលមានក្នុងបញ្ជី FTI កាលពីឆ្នាំមុន។ លោក Kriengkrai ព្រមានថា ប្រសិនបើមិនមានវិធានការដែលមានប្រសិទ្ធភាពក្នុងឆ្នាំនេះទេ ក្រុមឧស្សាហកម្មជាង ៣០ រំពឹងថានឹងអាចរងផលប៉ះពាល់ដោយសារតែបញ្ហានេះ។
ទន្ទឹងនឹងនោះផងដែរ លោក Kriengkrai ក៏បានកត់សម្គាល់ថា ឧស្សាហកម្មភាគច្រើនរបស់ថៃ នៅតែមានលក្ខណៈប្រពៃណី និងមិនស្របតាមនិន្នាការពិភពលោកទំនើប។
លោកថា ឧស្សាហកម្មទាំងនោះ តែងតែដំណើរការជាក្រុមហ៊ុនផលិតឧបករណ៍ដើម ដោយផលិតផលិតផលស្រដៀងគ្នានឹងផលិតផលមកពីប្រទេសក្បែរខាងដូចជា វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ប៉ុន្តែថៃ ត្រូវប្រឈមមុខនឹងគុណវិបត្តិទាក់ទងនឹងថ្លៃដើមដូចជា អគ្គិសនី កម្លាំងពលកម្ម ក៏ដូចជាកង្វះកម្លាំងពលកម្មគាំទ្រផលិតកម្ម ដោយសារចំនួនប្រជាជនវ័យចំណាស់ ដែលនាំឱ្យមានការពឹងផ្អែកលើកម្លាំងពលកម្មបរទេស។ ការណ៍ទាំងនេះ បានកាត់បន្ថយការប្រកួតប្រជែងរបស់ឧស្សាហកម្មថៃ។

អ្នកជំនាញដដែលគូសបញ្ជាក់ថា ឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជាសម្លៀកបំពាក់ និងកាត់ដេរ បានផ្លាស់ប្តូរទីតាំងរោងចក្រទៅកាន់ប្រទេសជិតខាង ដែលមានកម្លាំងពលកម្មច្រើនជាង។
បើងាកទៅមើលឧស្សាហកម្មដែលមានតម្លៃ និងបច្ចេកវិទ្យាខ្ពស់វិញ លោក Kriengkrai បានលើកឡើងថា វាមិនមានការវិនិយោគសំខាន់ៗនៅក្នុងប្រទេសថៃទេ ដោយការវិនិយោគភាគច្រើនធ្លាក់ទៅប្រទេសសិង្ហបុរី ឬម៉ាឡេស៊ីវិញ។
លោកបន្តថា វិស័យឧស្សាហកម្មទាំងអស់ប្រឈមនឹងការបិទទ្វារបន្ថែមទៀត ដោយសារតែវិធានការរបស់ប្រទេសថៃ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជាប្រទេសឥណ្ឌូណេស៊ី គឺមិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់ ឬគ្រប់គ្រាន់ដើម្បីពន្យឺតលំហូរនៃទំនិញនាំចូលដែលមានតម្លៃ និងស្តង់ដារទាប។
មិនមែនតែឧស្សាហកម្មក្នុងស្រុកទេ ដែលរងផលប៉ះពាល់។ លោក Kriengkrai បានចង្អុលបង្ហាញថា វិនិយោគិនបរទេសនៅប្រទេសថៃក៏ប្រឈមនឹងបញ្ហា ដោយគេឃើញមានក្រុមហ៊ុនដូចជា ក្រុមហ៊ុនផលិតយានយន្ត Suzuki បានប្រកាសបិទរោងចក្រផលិតកម្មនៅថៃត្រឹមឆ្នាំ ២០២៥ ដោយសារតែការលក់ធ្លាក់ចុះ ក្រោមការប្រកួតប្រជែងផលិតផលដូចគ្នារបស់ចិននៅលើទីផ្សារថៃ។ ចំណែកឯក្រុមហ៊ុនឡាន Subaru Automotive ក៏បានប្រកាសផងដែរ លើការបញ្ឈប់ផលិតកម្មឡានក្នុងប្រទេសថៃនៅឆ្នាំ ២០២៤ នេះ ដោយសារតែការខាតបង់ជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?