បច្ចុប្បន្នការប្រើប្រាស់ឡេ ឬម្សៅលាយឲ្យឆាប់ស មានលក់លើទីផ្សារអនឡាញ ពិតជាសម្បូរបែបខ្លាំងណាស់មានទាំងធ្វើឲ្យស្បែកសក្នុងរយៈពេល ៣ថ្ងៃ ៥ ថ្ងៃ ។ ការប្រើឡេ ឬម្សៅលាយគ្មានគុណភាព មិនមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលពិតជាប៉ះពាល់ចំពោះទាំងសុខភាពស្បែក និងសុខភាពទូទៅ។ ខាងក្រោមគឺជាសារធាតុគីមីមួយចំនួនមាននៅក្នុងឡេ ឬម្សៅលាយ ណែនាំដោយលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ។
១– សារធាតុស្តេរ៉យ
ក្នុងគ្រឿងសម្អាងជាច្រើនតែងមានលាយជាមួយសារធាតុស្តេរ៉យ ដែលជួយឲ្យស្បែកសស្អាត ក្នុងពេលឆាប់រហ័ស។ ក្នុងនោះដែរវាក៏ជួយព្យាបាលមុនក្នុងរយៈពេលខ្លី ប៉ុន្តែនៅពេលយើងឈប់ប្រើ មុខក៏កាន់តែមានបញ្ហាដូចជាឡើងមុនច្រើន ជាំ មុខឡើងសរសៃក្រហម មានរលាកស្បែកនៅជុំវិញមាត់ជាដើម។ ចំពោះដងខ្លួន ដៃជើង ដែលមានផ្ទៃធំវិញ អាចទៅជាបែកសង្វារ អាចធ្វើឲ្យជាតិគីមីជ្រាបចូលទៅក្នុងឈាមដោយមិនដឹងខ្លួន ទៅជាខ្សោយតម្រងនោម កើតជំងឺទឹកនោម លើសឈាម ឬស្ពោតឆ្អឹងជាដើម។
២– ជាតិបារត
ជាតិបារតដែលប្រើក្នុងឡេ ឬម្សៅលាយគឺជួយពន្លឿនឲ្យស្បែកកាន់តែឆាប់ស កាត់បន្ថយអាចម៍រុយ ស្លាកស្នាម និងបំបាត់មុនរហ័ស។ នៅពេលដែលយើងឈប់ប្រើសារធាតុនេះ ស្បែកនឹងក្លាយទៅជាខ្មៅជាងមុន រហូតឃើញស្រគាំ ប្រផេះ ឬមើលទៅគ្មានសំណើម។ ការប្រើឡេលាយសារធាតុនេះយូរៗទៅអាចជ្រាបចូលទៅក្នុងចរន្តឈាម និងបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្ដាលថែមទៀតផង។
៣– សារធាតុអ៊ីដ្រូកគីនណុន (Hydroquinone )
នៅក្នុងម្សៅ ឬឡេលាយ គឺគេប្រើអ៊ីដ្រូកគីនណុន ដើម្បីជួយឲ្យស្បែកស្អាត ស ម៉ដ្តរលោង ពិសេសកន្លែងស្បែកខ្មៅខ្លាំង ឬខ្មៅជាំដូចជាជង្គង់ កែងដៃ។ វាមានសមត្ថភាពរារាំងដំណើរការផលិតជាតិពណ៌មេឡានីននៅលើស្បែក។ អ្នកដែលប្រើវារយៈពេលយូរ អាចបណ្ដាលរលាកស្បែក ពណ៌ស្បែកមិនស្មើគ្នា និងបណ្ដាលឲ្យស្បែកមុខរលាកនឹងពន្លឺព្រះអាទិត្យ ឆាប់ក្រហម រួចទៅជាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖សារៈសំខាន់នៃការធ្វើអេកូសរសៃឈាម ដែលទៅចិញ្ចឹមខួរក្បាល!
ចុចអាន៖ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា