Connect with us

ព័ត៌មានជាតិ

ការ​ស្លាប់​ដោយ​ថ្នាំជក់​នៅ​លើ​ពិភពលោក​រៀងរាល់​ឆ្នាំមានចំនួន១៥​ពាន់​នាក់

បានផុស

នៅ

សៀម​រា​ប ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ខេត្ត បានធ្វើ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល ក្រោម​កិច្ចដឹកនាំ​របស់ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​ប្រធាន​អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​នៃ​អនុគណៈកម្មាធិការ និង អង្គការ​ដៃគូរ កាល​ព្រឹក​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​អនុគណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ខេត្តសៀមរាប នូវ​ទង្វើ​ល្មើស​ទៅនឹង​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង គតិយុត្តិ​ពាក់ព័ន្ធ និង ស្វែងរក​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព និង ឆ្លើយតប​ទៅ​បទល្មើស​ទាំងនេះ។

មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ លោក ពិន ប្រាកដ បាន​គូសបញ្ជាក់ថា ក្នុង​មួយៗ​ឆ្នាំ​នៅលើ​ពិភពលោក អ្នក​រង គ្រោះ​ស្លាប់​ដោយសា​ថ្នាំជក់ ប្រមាណ​១៥​ពាន់​នាក់​រៀងរាល់ឆ្នាំ ដោយសារតែ​ការប្រើប្រាស់​ថ្នាំជក់ និង បន្ថែម​ពីលើ​នេះ ការប្រើប្រាស់​ថ្នាំជក់​បានធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាច្រើន​និង​បាត់បង់​ចំណូល​ក្នុង​គ្រួសារ​ទៀតផង​។ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នេះ​ផង​ដែរ។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ស្ថានភាព​ជាក់ស្ដែង យើង​ពិនិត្យ​ឃើញ​ថា ការអនុវត្ត​មាន​ភាព​ខ្វះ​ចន្លោះ និង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដូចជា​មាន​ជន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ និង​ដាក់​តាំង​លក់​ផលិតផល​ថ្នាំជក់​ដោយ​ពុំបាន​គោរព​តាមច្បាប់​ជា​ធរមាន ហើយ​ទោះជា​នៅក្នុង​បរិបទ​កូ​វីដ​-១៩ ដែល​យើង​ជួបប្រទះ​កន្លងមក ឃើញថា គឺមាន​ការប្រើប្រាស់ ផ្សព្វផ្សាយ ផលិត និង​ជក់ ដែល​អាច​បង្ក​ឱកាស​ជាច្រើន​ដល់​ការឆ្លង​កូ​វីដ​-១៩ ដោយ​អ្នក​ជក់ ដោះ​ម៉ាស់​ចេញ ដើម្បី​ជក់បារី ប៉ុន្តែ​ក្រុមហ៊ុន​ថ្នាំជក់​មិនបាន​កាត់បន្ថយ​ការលក់​បារី​ឡើយ។ ផ្ទុយទៅវិញ បច្ចុប្បន្ន​ក្រុមហ៊ុន​ថ្នាំជក់​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​លក់​ថ្មីៗ​សំបូរបែប ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ជក់បារី ដូចជា​ការទិញ​កញ្ចប់​បារី​ពី​អ្នក​ជក់​វិញ​ជាដើម ។ ជាងនេះទៅទៀត យើង​ឃើញថា​ក្រុមហ៊ុន​បារី​មួយចំនួន​បាន​បង្កើន​សកម្មភាព​លើកតម្កើង​មុខមាត់​របស់ខ្លួន តាមរយៈ​កម្មវិធី​សម្បុ​រសធម៌ ជួយ​សង្គម​ក្នុងពេល​មាន​វិបត្តិ ។ លោក ពិន ប្រាកដ បាន​បន្តទៀតថា ក្រៅពី​បញ្ហា​ដែល​បានលើកឡើង​ខាងលើនេះ លោក សុំ​ឲ្យ​សមាជិក សមាជិកា នៃ​អង្គប្រជុំ​ទាំងអស់ ចាប់អារម្មណ៍​ទៅលើ​បញ្ហា​បារី​អេឡិចត្រូនិក និង​ផលិតផល អេ​ច​ឈ៍ ធី ភី ដែលជា​ផលិតផល​ថ្នាំជក់​ប្រភេទ​ថ្មី​ដ៏​មាន​គ្រោះថ្នាក់ ហើយ​កម្ពុជា​យើង​បាន​ហាមឃាត់ ហើយ​មួយរយៈ​ក្រោយ​មកនេះ វា​ត្រូវបាន​ចែកចាយ និង​ប្រើប្រាស់​ក្នុងចំណោម​យុវជន​គួរ​ឲ្យ​បារម្ភ មិន​ថា​នៅតាម​ទីសាធារណៈ ឬ​ដោយ​លួចលាក់ ។ បញ្ហា​ដែល​ចង់​ឲ្យ​សមាជិក​អង្គប្រជុំ​ទាំងអស់​ចូលរួម​ពិភាក្សា​ឲ្យ​បាន​ផុសផុល​ឡើងថា​ តើ​យើង​គួរ​មាន​វិធានការ​យ៉ាងណាខ្លះ​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព។ លោក​អភិបាលរង​ខេត្ត សង្ឃឹមថា ការខិតខំ​ប្រឹងប្រែងរ​បស់​យើង នឹង​ទទួលបាន​ផ្លែផ្កា ជាទី​ពេញចិត្ត​! គឺ​សង្គមជាតិ​មួយ​ដែលមាន បរិស្ថាន​ល្អ មាន​សុខ​ភាពល្អ សម្រាប់​យើង និង​កូនចៅ គ្រប់ៗ​គ្នា៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម