ព័ត៌មានអន្ដរជាតិ
មានការព្រួយបារម្ភខ្លាំងជុំវិញអំពើហិង្សាផ្ទុះឡើងចំថ្ងៃប្រកាសសាលក្រម លោក Yoon
នៅព្រឹកថ្ងៃសុក្រទី៤ខែមេសាឆ្នាំ២០២៥ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកូរ៉េខាងត្បូង ដែលតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនឹងប្រកាសសាលក្រមលើសំណុំរឿងទម្លាក់អំណាចរបស់ប្រធានាធិបតី Yoon Suk Yeol ដែលបានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។

ក្នុងដំណើរការរឿងក្តីដ៏ចម្រូងចម្រាស់របសប្រទេសកូរ៉េខាងត្បូងនេះ ស្ថានភាពកូរ៉េខាងត្បូងបានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏យ៉ាប់យឺនក្នុងប្រវត្តិសាស្រ្តកូរ៉េសម័យទំនើប ដោយសារតែការបែងចែកក្នុងសង្គមកូរ៉េដ៏ខ្លាំងរវាងអ្នកគាំទ្របក្សប្រជាជាធិបតេយ្យ ( DPK) ដែលគ្រប់គ្រងអំណាចសភា និងគណបក្សអំណាចប្រជាជន (PPP) ដែលគ្រប់គ្រងអំណាចប្រធានាធិបតី។
ក្នុងថ្ងៃដ៏សំខាន់នេះ ប៉ូលីសកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា នឹងប្រមូលផ្តុំ«ធនធានដែលមានទាំងអស់» ដើម្បីការពារអំពើហឹង្សា នៅពេលដែលតុលាការធម្មនុញ្ញប្រកាសសាលក្រមនៅថ្ងៃសុក្រស្តីពីជោគវាសនារបស់ប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់អំណាចដោយសារសភា ស្របពេលដែលតំបន់ទេសចរណ៍សំខាន់ៗក្នុងក្រុងសេអ៊ូល ត្រូវបានបិទ ហើយស្ថានទូតខ្លះបានព្រមានពលរដ្ឋឱ្យស្ថិតនៅឆ្ងាយ។
តុលាការធម្មនុញ្ញរបស់ប្រទេសនេះ នឹងសម្រេចសេចក្តីមួយដែលបិទផ្លូវតវ៉ា ថាតើត្រូវដកលោក Yoon ចេញពីដំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់ ដែលបណ្តាលឱ្យអំណាចរបស់គាត់ត្រូវបានព្យួរដោយសមាជិកសភារួចហើយ និងចាប់ខ្លួនពីបទបះបោរ ឬក៏ត្រូវប្រគល់អំណាចឲ្យគាត់វិញ។

តុលាការធម្មនុញ្ញដែលស្ថិតនៅកណ្តាលទីក្រុងសេអ៊ូលបានក្លាយទៅជាចំណុចដ៏ក្តៅមួយ ជាមួយនឹងការតវ៉ាមិនឈប់ឈរនៅក្នុងតំបន់នេះក្នុងចាប់តាំងពីតុលាការបញ្ចប់សវនាការចុងក្រោយកាលថ្ងៃទី២៥ខែកុម្ភៈ រហូតដល់ប៉ូលីសបានផ្លាស់ប្តូរកាលពីថ្ងៃអង្គារ ដើម្បីបិទផ្លូវនានា ដើម្បីបញ្ចៀសការប៉ះទង្គិចដែលអាចកើតមានរវាងអ្នកគាំទ្ររបស់ភាគីទាំងពីរគណបក្ស។
ទីភ្នាក់ងារព័ត៌មានបារាំង AFP ដកស្រង់សម្តី លោក Lee Ho-young ប្រធានស្តីទីនៃទីភ្នាក់ងារប៉ូលីសជាតិកូរ៉េបាននិយាយកាលពីថ្ងៃពុធថា៖«ស្ថានភាពកាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់»។
លោក Lee បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីប៉ូលិសកំពូលៗថា ប៉ូលីសមានការព្រួយបារម្ភថា ទោះជាសាលក្រមណាមួយត្រូវបានប្រកាសក៏ដោយ មនុស្សមួយចំនួន «អាចបង្កឲ្យមានការរំជើបរំជួល និងចូលរួមក្នុងការតវ៉ាដ៏ខ្លាំងក្លា ឬដោយហិង្សា»។
អ្នកគាំទ្ររបស់ Yoon បានសម្រុកចូលអគារតុលាការមួយកាលពីខែមករា បន្ទាប់ពីចៅក្រមបានបន្តការឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរ។ ក្រោយមកគាត់ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងតាមមូលដ្ឋាននីតិវិធី។
លោក Lee បាននិយាយថា៖«ប៉ូលីសនឹងប្រមូលធនធានដែលមានទាំងអស់ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងដើម្បីការពារស្ថានភាពកុំឱ្យកើនឡើងទៅជាជម្លោះសង្គមធ្ងន់ធ្ងរ»។
ដើម្បីទប់ស្កាត់បាតុភាពដែលអាចកើតឡើងជាយថាហេតុនៅទីក្រុងសេអ៊ូល ប៉ូលិសកុបកម្មជាង ១៤០០០នាក់នឹងត្រូវដាក់ពង្រាយ ការពារសន្តិសុខ។
ជុំវិញតំបន់អគារតុលាការធម្មនុញ្ញនោះ សាលារៀននិងហាងជាច្រើននឹងបិទនៅថ្ងៃប្រកាសសាលក្រម ដោយសារបញ្ហាសុវត្ថិភាព។ ក្រៅពីនោះ តំបន់បម្រើឲ្យវិស័យសេវាកម្មទេសចរណ៍ ដូចជា វិមាន Gyeongbok និង Changdeok ទាំងនៅចម្ងាយផ្លូវដើរពីតុលាការក៏នឹងត្រូវបិទផងដែរ។
ស្ថានទូតចិននៅទីក្រុងសេអ៊ូល បានព្រមានប្រជាជនរបស់ខ្លួនឱ្យនៅឆ្ងាយពីការតវ៉ានយោបាយក្នុងស្រុក។ ទន្ទឹមនឹងនោះ ស្ថានទូតអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យ «ជៀសវាងតំបន់ដែលបាតុកម្មកំពុងកើតឡើង ហើយអនុវត្តការប្រុងប្រយ័ត្ននៅតំបន់ជុំវិញនៃហ្វូងមនុស្សច្រើន ការប្រមូលផ្តុំ ការតវ៉ា ឬការប្រមូលផ្តុំ»។
ប្រធានាធិបតីស្តីទី លោក Han Duck-soo បានជំរុញឱ្យមេដឹកនាំនយោបាយ ចៀសវាងការថ្លែងសុន្ទរកថា ដែលអាចញុះញង់ ឬលើកទឹកចិត្តឱ្យមានការតវ៉ាខុសច្បាប់ ឬអំពើហិង្សា៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


