ព័ត៌មានជាតិ
អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ
ក្នុងវិធានការដើម្បីដាក់ពន្ធ «ឆ្លើយតបឱ្យស្មើគ្នា» លើកម្ពុជារហូតដល់ទៅ ៤៩ ភាគរយ ពោលគឺខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកបានអះអាងថា កម្ពុជាបានយកពន្ធលើទំនិញរបស់ខ្លួនទាំងអយុត្តិធម៌ ក្នុងអត្រារហូតដល់ទៅ ៩៧ ភាគរយ ជាមធ្យម។

យ៉ាងណាមិញ អ្នកជំនាញផ្នែកពាណិជ្ជកម្ម និងជាអតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ឆ្នាំ ២០១៦-២០២០ បានច្រានចោលតួលេខនេះ។ លោក Arnaud Darc ដែលស្ថាបនិក និងបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Thalias បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា៖ «បើក្រឡេកមើលពីតំបូង វាគួរឱ្យភ្ជាក់ផ្អើល។ ប៉ុន្តែនៅពេលជីកកកាយឱ្យជ្រៅទៅ វាកាន់តែច្បាស់៖ តួលេខនេះ គឺបំភ័ន្ត និងជំរុញដោយនយោបាយ ដោយមិនផ្អែកលើតារាងពន្ធគយផ្លូវការ ឬតួលេខពី WTO (អង្គការពាណិជ្ជកម្មពិភពលោក) ណាមួយទេ»។
«ក្នុងនាមជាអ្នកនាំចូល និងប្រតិបត្តិការក្នុងប្រទេសកម្ពុជាប្រចាំថ្ងៃ» លោក Arnaud Darc បានពន្យល់ជាលម្អិតអំពីរបៀបដែលកម្ពុជាដាក់ពន្ធលើទំនិញអាមេរិក យ៉ាងដូច្នេះថា៖ «កម្ពុជាជាសមាជិក WTO និងប្រើតារាងពន្ធសម្រាប់ប្រទេសទទួលបានការអនុគ្រោះបំផុត (MFN) សម្រាប់ប្រទេសដូចជាសហរដ្ឋអាមេរិក ដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា»។

ខណៈអះអាងថា ពន្ធរបស់កម្ពុជាលើទំនិញអាមេរិកខ្ពស់ឬទាបអាស្រ័យលើមុខទំនិញ លោកបានបន្តគូសបញ្ចាក់ថា ពន្ធសំខាន់ៗដែលត្រូវមើលរួមមាន៖
១. ពន្ធនាំចូល៖ សម្រាប់ប្រទេស MFN ត្រូវទទួលជាប់អត្រាពន្ធ ០-៣៥ ភាគរយ អាស្រ័យលើប្រភេទទំនិញ។ ជាឧទាហរណ៍៖ ទូរស័ព្ទ ០ ភាគរយ, ស្រាក្រហម ៣៥ ភាគរយ និងចំណីអាហារកែច្នៃ ១៥-៣៥ ភាគរយ។
២. ពន្ធលើតម្លៃបន្ថែម (VAT)៖ ១០ ភាគរយ ស្ទើរគ្រប់មុខទំនិញ។
៣. ពន្ធពិសេស (Excise)៖ ប្រើតែចំពោះមុខទំនិញមួយចំនួនប៉ុណ្ណោះ ដូចជា គ្រឿងស្រវឹង (១០-៣៥ ភាគរយ) យានយន្ត (១០-៤៥ ភាគរយ ដោយផ្អែកលើទំហំម៉ាស៊ីន) និងថ្នាំជក់ (លើសពី ២០ ភាគរយឡើងទៅ) ជាដើម។
៤. អាករសម្រាប់បំភ្លឺសាធារណៈ (PLT)៖ ៣ ភាគរយ សម្រាប់តែលើមុខទំនិញប្រណិតៗប៉ុណ្ណោះ។
ជាឧទាហរណ៍ជាក់ស្ដែង លោក Arnaud Darc ការនាំចូលស្រាក្រហមអាមេរិក ១ ដប ត្រូវជាប់ពន្ធនាំចូល ៣៥ ភាគរយ ពន្ធពិសេស ៣៥ ភាគរយ និង VAT ១០ ភាគរយ។ សរុបបន្ទុកពន្ធទាំងអស់ ប្រហែល ១០០ ភាគរយ ប៉ុន្តែនេះគិតតែលើមុខទំនិញមួយនេះប៉ុណ្ណេះ។ យ៉ាងណាមិញ ជាឧទាហរណ៍មួយទៀត ការនាំចូលកុំព្យូរទ័រពីអាមេរិក ១ គ្រឿង មិនជាប់ពន្ធនាំចូល ឬពន្ធពិសេសនោះទេ ដោយជាប់តែ VAT ១០ ភាគរយ ប៉ុណ្ណោះ។ បន្ទុកពន្ធទាំងមូល សរុប ១០ ភាគរយ។

ក្រោមឧទាហរណ៍ទាំងអស់នេះហើយ លោក Arnaud Darc បានលើកឡើងថា កម្ពុជាប្រើអត្រាពន្ធដោយផ្អែកលើប្រភេទទំនិញ ប្រព័ន្ធសុខដុមនីយកម្ម (HS Code) មិនមែនអត្រាពន្ធគ្របដណ្ដប់លើប្រទេសទាំងមូលនោះទេ។
ក្រោមការគូសបញ្ជាក់យ៉ាងដូច្នេះថា អតីតប្រធាន EuroCham ដដែលចោទសួរយ៉ាងដូច្នេះថា តើតួលេខ ៩៧ ភាគរយ របស់រដ្ឋបាល ត្រាំ បានមកពីណា? លោកបន្តយ៉ាងដូច្នេះថា៖ «វាមិនច្បាស់លាស់។ វាមិនត្រូវគ្នានឹងសៀវភៅពន្ធគយរបស់កម្ពុជា ឬទិន្នន័យពី WTO និហិតដ្ឋានព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មអាស៊ាន (ATR) ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នោះទេ»។
លោក Arnaud Darc បានបន្ថែមទៀតថា ក្រាហ្វិកតួលេខរបស់រដ្ឋបាល ត្រាំ បែបនេះ មានភាពទាក់ទាញ ប៉ុន្តែវាសាមញ្ញពេក និង «បង្ខូចទ្រង់ទ្រាយពិតនៃពាណិជ្ជកម្មអន្តរជាតិ»។ លោកបន្តថា៖ «កម្ពុជាមិនដាក់ជញ្ជាំងពន្ធខ្ពស់ប្រឆាំងនឹងសហរដ្ឋអាមេរិកទេ តាមពិត ព្រះរាជាណាចក្រនេះនាំចូលទំនិញពីសហរដ្ឋអាមេរិករាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយពន្ធដែលបានអនុវត្ត គឺស្របតាមស្តង់ដារ WTO ទាំងអស់»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


