ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៣ តម្លៃជ្រូករស់ឡើងថ្លៃបន្តិច តែមិនទាន់អាចឲ្យអ្នកចិញ្ចឹមរួចខ្លួន និងចំណេញនៅឡើយទេ
នាដើមឆ្នាំ ២០២៣នេះ តម្លៃជ្រូករស់ ដែលលក់នៅមុខកសិដ្ឋាន មានការឡើងថ្លៃបន្តិច បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ។ ប៉ុន្តែការឡើងថ្លៃបន្តិចនេះ មិនទាន់អាចឲ្យអ្នកចិញ្ចឹមរួចខ្លួន ឬចំណេញនៅឡើយទេ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះថា តម្លៃជ្រូករស់ ដែលលក់នៅមុខកសិដ្ឋាន មានការឡើងថ្លៃបន្តិច នាដើមឆ្នាំ ២០២៣នេះ។ តម្លៃជ្រូករស់ ទទួលបានការឡើងថ្លៃបន្តិចនេះ ដោយសារមានការអន្តរាគមន៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធផង និងដោយសារកត្តាមួយចំនួនទៀត។

លោក ស្រ៊ុន ពៅ បានឲ្យដឹងថា «ចឹងយើងឃើញថា តម្លៃជ្រូកប្រសើរឡើងវិញបន្តិច បន្តិចទេ អត់ទាន់រួចខ្លួនទេ បានសេចក្ដីថា វាអត់ទាន់រួចខ្លួន តែវាខាតតិច មិនខាតច្រើនដូចមុនពេក»។ បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រសិនបើតម្លៃជ្រូករស់ អាចលក់បានចាប់ពី ១ម៉ឺនរៀលឡើងទៅ ក្នុង ១គីឡូក្រាម ទើបអាចធ្វើឲ្យប្រជាកសិករអ្នកចិញ្ចឹម រួចខ្លួន និងអាចចំណេញបានខ្លះ។
ជាវិធានការរកដំណោះស្រាយបន្ទាប់ គឺសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំជួយបណ្ដុះបណ្ដាល និងពង្រឹងឲ្យប្រជាកសិករអ្នកចិញ្ចឹមសត្វជ្រូក ធ្វើយ៉ាងណាកុំឲ្យជ្រូករបស់ពួកគាត់ឈឺ និងមិនត្រូវឲ្យមានមេរោគឆ្លងជាដើម។ ម្យ៉ាងទៀត សមាគមក៏កំពុងធ្វើការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យតម្លៃចំណីជ្រូក មានការចុះថ្លៃបន្តិចទៀត ដើម្បីឲ្យការចំណាយថ្លៃដើមរបស់ប្រជាកសិករអ្នកចិញ្ចឹម មានការកាត់បន្ថយបន្ថែមទៀត។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ទៀតថា «យើងឥឡូវនេះ កំពុងតែពង្រឹងអារឿងតម្លៃចំណី ធ្វើយ៉ាងម៉េចឲ្យវាចំណីនេះ ចុះថ្លៃជាងនេះទៀត ដើម្បីឲ្យថ្លៃដើមផលិតយើងទាបទៅ យើងនឹងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើងបាន»។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ បានឲ្យដឹងថា តម្លៃជ្រូករស់ ដែលលក់មុខកសិដ្ឋាន នាសប្តាហ៍ទី ១ នាឆ្នាំ ២០២៣នេះ មានតម្លៃចាប់ពី ៧,៨០០រៀល ដល់ ៨,០០០រៀល ក្នុង ១គីឡូក្រាម។ បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ តម្លៃជ្រូករស់ មានការឡើងថ្លៃចាប់ពី ២០០រៀល ដល់ ៤០០រៀល។
សូមជម្រាបដែរថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងចំនួន ៣ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងពាណិជ្ជកម្ម បានប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយ ចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក។ ជាលទ្ធផលកិច្ចប្រជុំអន្ដរក្រសួងនេះ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៤ចំណុចរួមមាន៖
ទី១- អង្គប្រជុំ បានស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់ ដោយសហការជាមួយអង្គភាពមានសមត្ថកិច្ច ដូចជាអាជ្ញាធរដែនដី នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសជិតខាង និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។
ទី២- អង្គប្រជុំ ក៏បានសម្រេចផងដែរ រួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពីលិខិតបទដ្ឋានដែលតម្រូវឲ្យមានក្នុងការនាំចូល ហើយសហការរួមគ្នារវាងអង្គភាពជំនាញផ្សេងៗ ដូចជាពីខាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ករណីមិនមានការនាំចូលដោយខុសច្បាប់ ត្រូវចាត់វិធានការតាមនីតិវិធី។
ទី៣- អង្គប្រជុំ បានស្នើជំរុញឲ្យអនុវត្តប្រព័ន្ធបញ្ជាតែមួយ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ ឲ្យបានលឿនដើម្បីចែករំលែកព័ត៌មាន និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន។
ទី៤- អង្គប្រជុំ បានឯកភាពស្នើបង្កើតក្រុមការងារអ្នកច្បាប់ដើម្បីពិភាក្សា ពិនិត្យមើលច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងអនុក្រឹត្យលេខ ១៧ ដើម្បីលើកសំណើ កែសម្រួល ឬធ្វើវិសោធនកម្ម ដើម្បីឲ្យមានសង្គតភាព ក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេស ក៏ដូចជាមានសង្គតភាពជាមួយយន្តការ ដែលតម្រូវដោយតំបន់ និងសាកល៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


