កំពង់ស្ពឺ ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដាក់បារ៉ាស់ហាមឃាត់រថយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍លើចេញ-ចូលខេត្តព្រះសីហនុលើកលេងតែរថយន្តដឹកជញ្ជូនទំនិញដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅ ត្រង់ចំណុចស្ពានអូរគគីរ (ចំណោតលោកយាយម៉ៅពេជ្រនិល) ជាប់ព្រំប្រទល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការដាក់បារ៉ាស់ឃាត់រថយន្តអ្នកដំណើរចេញ-ចូលខេត្តព្រះសីហនុខាងលើ ចាប់ផ្តើមអនុវត្តន៍ នៅម៉ោង ៣រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ដោយអាជ្ញាធរខេត្តមួយនេះ ដាក់គោលដៅ ចំនួន ៣គោលដៅដើម្បីត្រួតពិនិត្យ និងបិទផ្លូវចេញ-ចូលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន លើកលេងតែរថយន្តដឹកទំនិញប៉ុណ្ណោះ។
តាមគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានឲ្យដឹងថា គោលដៅសំខាន់ៗទាំង៣ ដែលកម្លាំងសមត្ថដាក់បិទផ្លូវការធ្វើចរាចរណ៍ចេញពីព្រះសីហនុទៅកាន់ខេត្តផ្សេងៗ និងពីខេត្តផ្សេងៗចូលមកខេត្តព្រះសីហនុនោះ រួមមាន៖ -គោលដៅទី១- នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានត្រពាំងរពៅ ដែលជាព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត។ -គោលដៅទី២- នៅផ្លូវជាតិលេខ៤៨ ផ្លូវបំបែកស្រែអំបិល កោះកុង។
-គោលដៅទី៣- ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ជាប់ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សេចក្តីជូនដំណឹង សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរអ្នកបើកបររថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា ៕
ដោយ ៖ ភួងរដ្ឋា