កូវីដ-១៩
លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី បានផ្តល់អំណោយក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានទទួលអំណោយជាស្បៀងពី សប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី តាមរយៈលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន នៅទីស្តីការក្រសួង នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១។

ជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើជូននូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ហើយមិនត្រឹមតែបានចុះជួយមូលដ្ឋាននៅក្រុងបាវិតនោះទេ គឺថែមទាំងមកចូលរួមចំណែកនៅរាជធានីភ្នំពេញទៀត ។
ជាក់ស្តែងនៅថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី បាននាំមកនូវអំណោយជាស្បៀងមកផ្តល់ជូនរួមមាន ៖ ត្រីខ ៥០កេសធំ, មី ១០០កេសតូច, អង្ករ ៨តោន, ទឹកត្រី ៤០០យួរ, ទឹកស៊ីអ៊ីវ ៤០០យួរ ដែលជាអំណោយសប្បុរសពីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងសប្បុរសជនៅរាជធានីភ្នំពេញ មកជួយដល់ប្រជាពលរដ្ឋខ្មែរ នាពេលនេះ ។
ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកចំពោះមុខនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានចាត់ទុកការចូលរួមគៀងគររបស់លោកលី ធុជ ជាមួយបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី គឺជាការលះបង់នូវកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ពីវិប្បត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលនេះ។ ម្យ៉ាងទៀត អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួមសាមគ្គីគ្នា បើទោះជាបងប្អូនរស់នៅឯក្រៅប្រទេសក៏ដោយ តែនៅបានយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។

ឆ្លៀងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើទោះបីជាបានទទួល ការចាក់វ៉ាក់សំាងទាំងពីរលើករួចរាល់ហើយក៏ដោយ ជាពិសេស សូមគោរពគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈតែម្ដង៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


