ព័ត៌មានជាតិ
លោកវេជ្ជបណ្ឌិត ទន វុទ្ធី ថា អ្នកបរិភោគសត្វហ៊ីង អាចបង្កឲ្យមានជំងឺចាស់រើឡើងវិញ
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានណែនាំថា អ្នកបរិភោគសត្វហ៊ីង ចូរប្រយ័ត្នខ្ពស់ ព្រោះប្រភេទសត្វនេះ វាមានជាតិជ័រម្យ៉ាង អាចបង្កឲ្យជំងឺចាស់របស់យើងមួយចំនួនរើមកវិញបានដូចជា កម រមាស់ជាដើម។

លោកអនុប្រធានមន្ទីរ បន្តថា ជាងនេះទៀត អ្នកដើរប្រមាញ់សត្វហ៊ីងពេលយប់ ត្រូវការពារភ្លៀង ផ្គរ រន្ទះ និងសត្វមានពិសទិច ឬខាំ។ ចំណែកអ្នកទិញទៅបរិភោគនោះ ក៏ត្រូវពិនិត្យ ខ្លាចមានគីង្គក់មានពងអាចពុល និងត្រូវធ្វើអនាម័យ ហើយចម្អិនឲ្យបានឆ្អិនល្អផងដែរ។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ប្រមាណ ៦០% នៅតាមទីជនបទ បាននិយមបរិភោគសត្វហ៊ីង ដែលវាសំបូរតាមស្រែចម្ការ ហើយកសិករខ្លះចាប់យកមកលក់នៅទីផ្សារ គ្រាន់បានប្រាក់ដោះស្រាយជីវភាព ព្រោះមួយឆ្នាំមានតែម្ដងនៅរដូវមានភ្លៀងធ្លាក់ដំបូងចុងខែមេសា ឬដើមខែឧសភា។

នៅពេលភ្លៀងធ្លាក់ដើមរដូវ នាថ្ងៃទី ១៦-១៧ ខែឧសភា ឆ្នាំ ២០២៣ លោកស្រី ចិត្ត សុធី កសិកររស់នៅភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានបញ្ជាក់ថា សត្វហ៊ីងនេះ មួយរដូវមានម្តងពេលភ្លៀងធ្លាក់លើកដំបូង អ្នកស្រែចម្ការតែងចាប់យកមកចម្អិនធ្វើជាម្ហូបបរិភោគ និងសល់យកមកលក់។ លុះដល់មានភ្លៀងជោកជាំ សត្វហ៊ីងវាបើកមាត់ គេមិនបរិភោគវាទេ ព្រោះវាបានស៊ីចំណីផ្ដេសផ្ដាស។ លោកស្រីថា គ្រួសារ និងកូនចៅគាត់ ចុះចាប់ហ៊ីងពេលយប់ មានភ្លៀងធំម្តងៗ បានប្រមាណពី ៥ ទៅ ១០ គីឡូក្រាម ហើយសល់ពីបរិភោគ នាំយកមកលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ដោយមួយគីឡូលក់បាន ១ ម៉ឺន ៣ ពាន់រៀល អ្នកលក់ចេញវិញ ២ ម៉ឺន ឬ ២ ម៉ឺន ៥ ពាន់រៀល ក៏មាន។

លោកស្រី នាម បូផាន់ អាជីវករទិញលក់ត្រីសាច់ បានបញ្ជាក់ថា សត្វហ៊ីងស្រួលលក់ជាងកង្កែប ឬត្រី ព្រោះវារស់នៅកប់ដីជាច្រើនខែ ពេលភ្លៀងជ្រាយដីទើបវាចេញមកក្រៅ អ្នកស្រែចម្ការចាប់មកលក់ ខ្លះបាន ៣ គីឡូ ខ្លះបាន ៥ គីឡូតែប៉ុណ្ណោះ។ លោកស្រីថា គេនិយមទិញសត្វហ៊ីងយកទៅធ្វើម្ហូបតាមចំណង់ចំណូលចិត្ត ខ្លះអាំង ខ្លះបំពង ចំណែកខ្លះទៀតស្ងោជ្រក់ក៏មាន ដោយធ្វើតាមវិធីផ្សេងៗគ្នាតែប៉ុណ្ណោះ។ ហើយមានអ្នកខ្លះក៏ញញើត មិនហ៊ានទិញទៅបរិភោគដែរ ព្រោះសត្វហ៊ីងមាន ២ ប្រភេទ គឺ ១-ហ៊ីងដូង បរិភោគបាន ,២-ហ៊ីងជ័រ គេមិនបរិភោគទេ វាប៉ះពាល់សុខភាព។

លោកស្រី ឡាវ ណ្ណារី រស់នៅភូមិព្រែក ក្រុងស្ទឹងត្រែង បានបញ្ជាក់ថា គាត់និយមបរិភោគជារៀងរាល់ឆ្នាំតែម្ដង។ ហើយពេលទិញយកទៅ ត្រូវដាក់ត្រាំទឹកអំបិលឲ្យវាកាត់ឆ្អាបសិន ទើបច្នៃធ្វើម្ហូប ហើយជាពិសេសអ្នកនិយមបរិភោគស្រាគេចូលចិត្ត ព្រោះវាមានរសជាតិឆ្ងាញ់ជាងកង្កែប។

សូមបញ្ជាក់ថា សត្វហ៊ីង ជាប្រភេទសត្វមានជីវិតក្រាំង ស្ថិតនៅក្នុងអំបូររ៉ានីឌៀរ មិនមានដាក់បញ្ចូលទៅក្នុងប្រភេទសត្វដែលត្រូវអភិរក្សដូចពពួកអំបូរសត្វល្មូននោះទេ។ សត្វហ៊ីងនេះ វាសំបូរនៅតាមដងអូរ បឹង ប្រឡាយ និងតាមវាលស្រែដែលធ្លាប់ដក់ទឹក ហើយវាចេញពេលមានភ្លៀងធ្លាក់ដើមឆ្នាំ៕
អត្ថបទ ៖ ងិន លីម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?