សេដ្ឋកិច្ច
ចិន អាចទិញត្រីប្រាកម្ពុជា ៣០តោនក្នុងមួយថ្ងៃ បើចរចាតម្លៃត្រូវគ្នា
រដ្ឋបាលគយចិន បានសិក្សាលើកសិដ្ឋានចិញ្ចឹមត្រីប្រាធំៗចំនួនបីទីតាំង នៅខេត្តកំពង់ធំ ខេត្តកណ្តាល និងព្រែព្នៅ ដើម្បីត្រួតពិនិត្យគុណភាព និងចរចាតម្លៃ ក្នុងការនាំចេញទៅទីផ្សារចិន។

ក្នុងដំណាក់កាលដំបូងនេះ ភាគីចិន គ្រោងនាំចេញត្រីប្រាកម្ពុជា ប្រមាណ ៣០តោនក្នុងមួយថ្ងៃ។ ចំពោះតម្លៃអ្នកចិញ្ចឹមបានស្នើសុំ ៥៥០០រៀល-៥៧០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ ភាគីចិន លើកឡើងថា រាងខ្ពស់បន្តិចសម្រាប់អ្នកកែច្នៃ។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានប្រាប់កម្ពុជាថ្មីថា ទាក់ទងគុណភាព សុវត្ថិភាព ភាគីគយចិនបានទទួលស្គាល់អស់ហើយ នៅឡើយតែតម្លៃប៉ុណ្ណោះ។ លោក សុមុនី បានបញ្ជាក់ថា «យើងបានជជែកគ្នា រវាងភាគីចិន និងរដ្ឋបាលជលផលថា នាំចេញសាកល្បងមួយកុងតឺន័រខ្ទង់ ២៥តោន ទៅ ៣០តោន ក្នុងមួយថ្ងៃ តែឥឡូវមិនទាន់បានចេញ ដោយសារក្រុមហ៊ុនកែច្នៃត្រី នៅមានភាពយឺតយ៉ាវ និងកត្តាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ក្រុមហ៊ុនមិនអាចដឹកជញ្ជូនទៅបាន»។
បើតាមលោក ថាយ សុមុនី គិតមកដល់ពេលនេះ កសិករដ្ឋានចំនួន ៣ ដែលមានលទ្ធភាពនាំចេញត្រីប្រា ទៅកាន់ប្រទេសចិន អាចផលិតត្រីប្រាបានរហូតដល់ ៣ទៅ៤ពាន់តោនក្នុងមួយឆ្នាំ។
លោក ឡែមផូរ វរិទ្ធិ អ្នកគាំទ្រការអភិវឌ្ឍនៃសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា ប្រសិនបើរដ្ឋបាលគយចិនបញ្ជាក់ពីពេលវេលាច្បាស់នៃការនាំចេញ ក្រុមវារីវប្បករ នឹងចាប់ផ្តើមចិញ្ចឹមឱ្យទាន់តម្រូវការ។ លោកបញ្ជាក់ថា ត្រីប្រាចិញ្ចឹមប្រើរយៈពេលចន្លោះពី ៦ខែ ទៅ ៨ខែ ទើបប្រមូលផលបាន។ លោកថា«ឧទាហរណ៍បើគេត្រូវការ១ពាន់តោនក្នុងមួយខែ កសិករយើងស្រាក់ដៃគ្នាចិញ្ចឹម ឱ្យតែមានកិច្ចសន្យាត្រឹមត្រូវ [ ] កសិករអត់ហ៊ានធ្វើមុនទេ ព្រោះរឿងនេះត្រូវការចំណាយលុយ បើគេត្រូវការពិតប្រាកដត្រូវការចុះកិច្ចសន្យាជាមួយគ្នា មានអាជ្ញាធរជាតិដឹងលឺ យើងនឹងចិញ្ចឹមផ្គត់ផ្គង់បាន»។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានលើកឡើងថា ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិននេះនឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករកម្ពុជាលើផ្នែកទីផ្សារ បង្កើនប្រាក់ចំណូល និងការងារបន្ថែមដល់វារីវប្បករ។

សូមបញ្ជាក់ថា ការនាំចេញត្រីប្រាទៅចិនបានត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព។ ចំណែកការចិញ្ចឹមវិញត្រូវអនុវត្តគោលការណ៍វារីវប្បកម្មល្អ ដែលប្រើប្រភពទឹកគ្មានជាតិពុលនិងការឱ្យចំណីមិនត្រូវប្រើអកម៉ូន ជាពិសេសមិនត្រូវប្រើថ្នាំព្យាបាលខុសបច្ចេកទេស រួមទាំងការអនាម័យក្នុងកសិដ្ឋានជាដើម។ រីឯការនាំចេញ គឺជាប្រភេទសាច់បង្កក ដែលតម្រូវឱ្យអ្នកចិញ្ចឹមនិងរោងចក្រវិចខ្ចប់ ចាំបាច់មានប្រព័ន្ធត្រួតពិនិត្យស្ដង់ដារមួយច្បាស់លាស់មុននាំចេញទៅចិន។
យោងតាមរដ្ឋបាលជលផល បានបង្ហាញថា ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជា សរុបមានជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


