ព័ត៌មានជាតិ
ការដោះដូរពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានជាង១១ ពាន់លានដុល្លារក្នុងរយៈពេល៩ខែ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រេចបានជាង១១ ពាន់លានដុល្លារ កើនឡើង ២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមាន ៩ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

យោងតាម GDCE ក្នុងនោះកម្ពុជាបាននាំចេញទៅចិនសម្រេចបានជាង ១,២៧៨ លានដុល្លារ កើនឡើង ២០,៨ ភាគរយ ខណៈការនាំចូលមានជាង ៩,៨៦៨ ពាន់លានដុល្លារកើនឡើងប្រមាណ២២,៧ភាគរយ។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្មនៅក្នុងរយៈពេល៩កន្លងមកនេះ គឺកម្ពុជាមានឱនភាព ៨,៥៨៩ ពាន់លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កម្ពុជាថ្មីកាលពេលថ្មីៗនេះថា រហូតមកទាល់បច្ចុប្បន្នការនាំចេញរបស់កម្ពុជាទៅប្រទេសចិនកំពុងកើនឡើងជារៀងរាល់ឆ្នាំ ស្របពេលដែលប្រទេសទាំងពីរបានកំពុងអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមុខទំនិញកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារដ៏ធំជាងគេនៅអាស៊ីមួយនេះ។

លោកថា៖«ស្របពេលដែលកម្ពុជាកំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារចិន យើងក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងកាន់តែសម្បូរបែប ដើម្បីលើកកម្ពស់ការនាំចេញឱ្យកាន់តែច្រើន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្មដែលកម្ពុជាមានច្រើនជាមួយប្រទេសចិន ដោយសារតែប្រទេសចិនជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរនៅតាមបណ្តារោងចក្រនានា ។

លោកថា លើសពីនោះទៅទៀត ចិនក៏ជាប្រភពនៃអ្នកផ្គត់ផ្គង់សំភារៈសំណង់ដ៏ធំមួយរបស់កម្ពុជាផងដែរ ស្របពេលដែលផលិតផលចំណីអាហារនិងម្ហូបមួយចំនួនក៏ត្រូវបានកម្ពុជានាំចូលដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុកផងដែរ។
លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលកសិផលជាច្រើនត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន ដូចជាអង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយ ចេកជាដើម។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការនាំចេញទៅទីផ្សារបរទេសកើនឡើង ដោយសារកម្ពុជាបើកទីផ្សារថ្មីដូចជាប្រទេសចិនជាដើម។
ក្នុងឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១២,២៦ ពាន់លានដុល្លារ កើន ៥ ភាគរយបើធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅប្រទេសចិន ១,៤៨ ពាន់លានដុល្លារ កើន ១៩,២ ភាគរយ និងទំនិញចិននាំមកកម្ពុជា ១០,៧៩ ពាន់លានដុល្លារ កើន ៣,៣ ភាគរយ។ នេះបើយោងតាម GDCE៕
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


