ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលវាយប្រហារយ៉ាងសន្ធាប់
ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី Donald Trump និយាយអំពីសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៧ខែមេសានេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលពេញមួយយប់ថ្ងៃអាទិត្យទៅលើតង់បណ្តោះអាសន្នមួយនិងផ្ទះមួយនៅភាគខាងត្បូងនៃទីក្រុង Khan Younis បានសម្លាប់បុរស៥នាក់ស្ត្រី៥នាក់និងកុមារ៥នាក់ ដោយរួមទាំងក្មេងទើបចេះដើរតេះតះម្នាក់និង អ្នកកាសែតស្រីម្នាក់។
ការបាញ់ផ្លោងរបស់អ៊ីស្រាអែលក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់នៅក្នុងជំរុំជនភៀសខ្លួន Jabaliya នៅភាគខាងជើងហ្គាហ្សា។ ជាមួយគ្នានេះយោងតាមអ្នកយកព័ត៌មានរបស់ Associated Press មានសាកសពមនុស្ស ៧នាក់ រួមទាំងកុមារម្នាក់ និងស្ត្រី៣នាក់ បញ្ជូនមកដល់មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah ។
លើសពីនេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើហ្វូងមនុស្សដែលកំពុងរង់ចាំនៅខាងក្រៅហាងនំប៉័ងមួយកន្លែង បានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ ក្នុងនោះមានកុមារ៣នាក់។ នេះបើយោងតាមការការពារស៊ីវិលដែលប្រតិបត្តិការក្រោមរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោក Netanyahu បានទៅជួបលោក Trump ចំពេលមានការតវ៉ាប្រឆាំងសង្គ្រាម។ ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានដើរតាមផ្លូវក្នុងទីក្រុង Jabaliya តវ៉ាប្រឆាំងសង្គ្រាមថ្មីនេះ។ ហ្វូងមនុស្សមានការខឹងសម្បារប្រទេសអ៊ីស្រាអែលចំពោះការបន្តសង្រ្គាមឡើងវិញ និងឥទ្ធិពលរបស់ហាម៉ាសទៅលើចំណាប់ខ្មាំងដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សា។ គ្រួសារចំណាប់ខ្មាំង រួមជាមួយនឹងអ្នកមួយចំនួនដែលទើបរួចខ្លួនពីហ្គាហ្សា បានជំរុញឱ្យលោក Trump ជួយធានាឱ្យការប្រយុទ្ធគ្នាបញ្ចប់។
លោក Netanyahu នៅថ្ងៃចន្ទនេះ នឹងជួបជាមួយលោក Trump ដែលជាជំនួបលើកទីពីរចាប់តាំងពីលោក Trump បានចាប់ផ្តើមអាណត្តិថ្មីក្នុងខែមករា។ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីសង្គ្រាម និងពន្ធថ្មីចំនួន១៧% ដែលត្រូវបានដាក់លើអ៊ីស្រាអែល ដែលជាផ្នែកនៃការសម្រេចចិត្តជាសកលដ៏ធំទូលាយដោយសហរដ្ឋអាមេរិក ខណៈសហរដ្ឋអាមេរិក ដែលជាអ្នកសម្រុះសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ជាមួយអេហ្ស៊ីប និងកាតា បានបង្ហាញការគាំទ្រចំពោះការបន្តសង្គ្រាមរបស់អ៊ីស្រាអែលកាលពីខែមុន។

គួរបញ្ជាក់ថា សង្រ្គាមបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស បានវាយប្រហារលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។
ជាការឆ្លើយតប អ៊ីស្រាអែលប្រកាសសង្គ្រាមប្រឆាំងក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០០៦៩៥នាក់រហូតដល់ពេលនេះ។ យោងតាមតួលេខរបស់ក្រសួងសុខាភិបាលរបស់ហ្គាហ្សា ដែលមិនបានបញ្ជាក់ថាប៉ុន្មាននាក់ជាជនស៊ីវិល ឬអ្នកប្រយុទ្ធ ប៉ុន្តែបានឲ្យដឹងថាជាងពាក់កណ្តាលជាស្ត្រី និងកុមារ។ រីឯអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល២០០០០នាក់ ដោយមិនបានផ្តល់ភស្តុតាងជាក់លាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


