Connect with us

វប្បធម៌ ជំនឿ

រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

បានផុស

នៅ

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំរបាំ ចម្រៀងខ្មែរ រយៈពេល ១ថ្ងៃពេញ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សិស្ស និស្សិត នៅទីនោះ ដើម្បីបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ស្របពេលបច្ចុប្បន្នយុវជនមួយចំនួនយកឱកាសចូលឆ្នាំខ្មែរទៅលេងកម្សាន្តមិនសមរម្យ ខុសពីប្រពៃណីវប្បធម៌ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្ក្រាន្តរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឡើងដោយមានការចូលរួមពីបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ព្រមទាំងមានការចូលរួមអបអរ លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរច្រើន ពីបណ្ឌិត សាស្ត្រាចារ្យ សិស្ស និស្សិត យ៉ាងសប្បាយរីករាយ។ ចំពោះល្បែងប្រជាប្រិយខ្មែរ ដែលនឹងត្រូវយកទៅលេងកម្សាន្តនៅក្នុងសង្ក្រាន្តនេះ មានដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អម។

ប្រភពខាងលើបញ្ជាក់ថា ការលេងកម្សាន្តក្នុងឱកាសនេះ ៖“ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក”

បន្ថែមពីនេះ ក៏មានការរៀបចំទទួលទាននំបញ្ចុក សម្រាប់អាហារថ្ងៃត្រង់ ដែលជាមុខម្ហូបរបស់ខ្មែរ ក្នុងគោលបំណងបង្ហាញពីអាហារដែលសាមញ្ញៗបែបខ្មែរ មាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងរម្លឹកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់។ នេះជាឱកាសបង្កើន និងបង្ហាញពីភាពស្និទ្ធស្នាល ស្មារតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។ នេះបើតាមរាជបណ្ឌិត្យសភាកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម