ព័ត៌មានជាតិ
អ្នកជំនាញ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆមាសទី១កើនទាបជាងការរំពឹងទុក
លោក Stephen Higgins សហនាយកគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategy បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់ផ្តើមថមថយកំណើនចាប់តាំងប៉ុន្មានឆ្នាំមុន ហើយកំណើនយឺតនៅតែបន្តនៅឆមាសទី១ឆ្នាំ២០២៤នេះ ដែលកើនតិចជាងការរំពឹងទុកដោយសារតែស្ថានភាពសេដ្ឋកិច្ចទាំងក្នុងតំបន់និងសកលហាក់មានសភាពមិនប្រាកដប្រជានៅឡើយ។

យោងតាមលោក Stephen Higgins បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីពេលថ្មីៗនេះថាការធ្លាក់ចុះសេដ្ឋកិច្ចបានចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំ ២០២២ ប្រហែលមួយឆ្នាំមុនការបោះឆ្នោតជាតិឆ្នាំ 2023។ ការធ្លាក់ចុះនេះដោយសារលក្ខខណ្ឌសាច់ប្រាក់ងាយស្រួលសកលកាន់តែតឹងរ៉ឹង និងការថមថយយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ ដែលជាលទ្ធផលបានរួមចំណែកដល់ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក។
លោកបានថ្លែងអះអាថា៖«ខ្ញុំនៅតែគិតថាកំណើនផលិតផលក្នុងស្រុកសរុបមានប្រហែល ២% ក្នុងឆ្នាំ ២០២៣ ជាជាងការប៉ាន់ប្រមាណជាផ្លូវការក្នុងអត្រា៥% ។ ជាមួយគ្នានេះដែរ កម្រិតនៃការចំណាយក្នុងស្រុក ការបង់ពន្ធ ការផ្តល់ប្រាក់កម្ចីពីធនាគារ ការជំពាក់ប្រាក់កម្ចី និងការនាំចេញសុទ្ធ គឺមិនស៊ីសង្វាក់គ្នាជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥% នោះទេ»។

«ខ្ញុំគិតថាកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះខ្លាំង នៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ហើយយើងរំពឹងថានឹងមានកំណើនតិចតួចនៅក្នុងឆមាសទី១ឆ្នាំនេះ»។ នេះបើយោងតាមលោក Stephen។
លោកបានគូសបញ្ជាក់កំណើននេះត្រូវបានគាំទ្រដោយកំណើនខ្ពស់នៃការនាំចេញ ដែលក្នុងនោះគឺការនាំចេញសម្លៀកបំពាក់កាត់ដេរ និងវាយនភ័ណ្ឌដោយកើនឡើងជាង ២២% នៅឆ្នាំ ២០២៣ ។ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបក៏បានចូលរួមបំពេញតម្រូវការក្នុងស្រុកផងដែរ។
សម្រាប់វិស័យទេសចរណ៍នៅឆមាសទីមួយឆ្នាំ ២០២៤ មានកំណើនយឺតជាងការរំពឹងទុក ប៉ុន្តែយើងរំពឹងថានឹងមានកំណើនខ្ពស់នៅត្រីមាសទី ៤ ដោយសារតែតម្លៃនៃជើងហោះហើរថោកជាងមុន និងសមត្ថភាពហោះហើរកាន់តែច្រើនទិសដៅ។ ជាមួយគ្នានេះដែរ សម្រាប់សាច់ប្រាក់ងាយស្រួលមានភាពប្រសើរជាងមុននៅក្នុងវិស័យធនាគារ។ ជាមួយគ្នានេះដែរ អត្រាការប្រាក់បានកំពុងធ្លាក់ចុះ ហើយការផ្តល់កម្ចីអាចនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំ។

លោកបានថ្លែងបន្តទៀតថា៖«កម្ពុជាបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ រដ្ឋាភិបាលកម្ពុជាថ្មីបន្តចាប់អារម្មណ៍លើការផ្តល់បរិយាកាសធុរកិច្ចល្អ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវពិចារណាលើការលើកទឹកចិត្តផ្នែកសារពើពន្ធបន្ថែមទៀត។ ជាមួយគ្នានេះដែរ យើងក៏មើលឃើញថាស្ថានភាពសកលអាចនៅតែបន្តមានភាពមិនប្រាកដប្រជានៅក្នុងរយៈពេល៦ទៅមុខទៀត»។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពាក់កណ្តាលខែសីហា តាមរយៈសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុងអត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។
ជាមួយនឹងអត្រាកំណើនគាំទ្រដោយមានវិស័យខ្លះបានងើបឡើងវិញ, វិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។

«ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤ នៅតែបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃបរិការណ៍ខាងក្រៅដោយសារការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ជាពិសេសការអាចផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនូវជម្លោះនៅតំបន់សមុទ្រក្រហម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកលអាចរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញ«។ល។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


