Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​ថៅកែ​ម្ចាស់​សណ្ឋាគារ​សមុទ្រមាស ដែល​ដាក់​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​នៅ​ព្រះសីហនុ

បានផុស

នៅ

សំណុំ​រឿង​ក្តី​កញ្ញា ដេននី ក្វាន់ ដែល​ចោទ​​ម្ចាស់​សណ្ឋាគារ​លួច​បង្កប់​កាមេរ៉ា​ ក្នុង​បន្ទប់ ត្រូវ​បាន​តុលាការ​សម្រេចក្ដី​តាំង​ពី​ដំណាច់​ខែតុលា ឆ្នាំ២០២០រួចទៅហើយ។

ករណី​នេះ បាន​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បន្ទាប់​ពីកញ្ញាបានបង្ហោះលើ​បណ្តាញសង្គម​នៅថ្ងៃទី ២៥ ខែ​ឧសភា​ នេះ ទាម​ទារ​យុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​សណ្ឋាគារ​សមុទ្រមាស ឈ្មោះ ជា ណារី ភេទ​ស្រី អាយុ ៤៨ ឆ្នាំ​មាន​ទី​កន្លែង​កំណើត នៅ​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ពាក់​ព័ន្ធ​នឹង​ការ​ដាក់​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន ហើយ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគារ​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ តុលា និង​មិន​អនុញ្ញាត​ឱ្យ​សណ្ឋាគារ​ធ្វើអាជីវកម្ម​នោះ​ទេ។ ក្រៅ​ពីនេះ តុលាការក៏សម្រេច​ឱ្យ​ជន​ល្មើស​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​១ម៉ឺនដុល្លារ។

ដីកាបង្គាប់ឱ្យឃុំខ្លួនបញ្ជាក់ថា ជននេះ ដាក់ឱ្យស្ថិតនៅក្រោម​ការពិនិត្យពីបទ «អំពើ​ថត​រូប​ភាព ​នៃ​បុគ្គល​នៅ​ក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​ និង​អំពើ​ផលិត​រូបភាព​អាសអាភាស​ក្នុង​គោល​ដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ប្រព្រឹត្តិ​បទ​ល្មើស​ណាមួយ»។

តុលាការបញ្ជាក់ថា ករណីនេះ បទល្មើស​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស តាម​បញ្ញាត្តិមាត្រា ២៩ មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ និងមត្រា ៤ មាត្រា ៣៩ នៃច្បាប់​ស្តី​ពីការ​បង្ក្រាប​អំពើជួញ​ដូរមនុស្ស​ និងអំពើអាជីវកម្មផ្លូវភេទ។

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែឧសភាថា ករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈ​ដែលជន​ដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោស​ក្នុងពន្ធនា​គារនៅឡើយ។

សូមរំឭកថា កញ្ញា​ដេននី​ ក្វាន់ នៅ​ថ្ងៃ​ទី ២៥ ខែ​ឧ​សភា​ បានបង្ហោះសារទាមទារយុត្តិធម៌ ខណៈដែល​នាង​អះអាងថា ករណីនេះ អយុត្តិធម៌សម្រាប់រូបនាង។ នាងអះអាងថា សំណងលុយ១ម៉ឺនដុល្លារ នាងទទួល​យក​មិនបាន និងមើលងាយកិត្តិយសនាងជាស្ត្រីខ្មែរ។

ដេននី ក្វាន់ បង្ហោះថា ” ខ្ញុំ​គេង​សណ្ឋាគារ​សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់​មិនមែន​តែ​បន្ទប់​ខ្ញុំ​ទេ​គឺ​គ្រប់​បន្ទប់​ទាំង​អស់​ក្នុង​Hotel នោះ រឿង​ក្ដី​ខ្ញុំ​កើត​ឡើង​តាំង​ពី​ខែ​១០ ឆ្នាំ ២០២០ ខ្ញុំ​មិន​ឡាយ ព្រោះ​រង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមក​វាអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ សំណង១ម៉ឺនដុល្លារនេះដូច​ជាមើលងាយកិត្តិយសខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ពេក​ហើយ ខ្ញុំឈឺចាប់​ខ្លាំងណាស់ ខ្ញុំ​ទទួល​យក​មិន​បានទេ​ អយុត្តិធម៌ណាស់”៕

អត្ថបទ៖ ឡេង ដេត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម