Connect with us

សេដ្ឋកិច្ច

សហគ្រាសផលិតទឹកត្រីង៉ូវហេង ដាក់ផែនការពង្រីកការផលិតរបស់ខ្លួន ខណៈប្រជាជនខ្មែរពហិការឈប់ប្រើទំនិញថៃ

បានផុស

នៅ

សហគ្រាសផលិតទឹកត្រី និងទឹកស៊ីអ៊ីវង៉ូវហេង កំពុងដាក់ផែនការពង្រីកការផលិតរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈប្រជាជនខ្មែរធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សិល្បសុជាតិ អគ្គនាយក នៃក្រុមហ៊ុនផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ង៉ូវហេង ខេត្តកំពត ប្រាប់កម្ពុជាថ្មី ថា ក្រុមហ៊ុនរបស់លោក កំពុងតែដាក់ផែនការពង្រីកការផលិតក្នុងបរិមាណច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោក សិល្បសុជាតិ ថ្លែងបន្តថា ស្របពេលប្រជាជនខ្មែរធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ ដោយផ្ដើមចេញពីរឿងជម្លោះព្រំដែនមួយរយៈចុងក្រោយមកនេះ ក្រុមហ៊ុនរបស់លោក ក៏កំពុងតែព្យាយាមដាក់ផែនការពង្រីក និងពង្រឹងគុណភាពទៅលើផលិតផលរបស់ខ្លួនសម្រាប់ចែកចាយជូនដល់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។

ជាក់ស្ដែងថ្មីៗនេះ លោក សិល្បសុជាតិ សង្កេតឃើញថា ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានងាកមកគាំទ្រផលិតក្នុងស្រុកស្ទើរតែទាំងស្រុង ដែលនេះអាចចាត់ទុកថាជាស្មារតីជាតិនិយមមួយរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ង៉ូវហេង ជានិច្ចជាកាលតែងតែបានជួយដល់ប្រជាជនខ្មែរឱ្យមានការងារធ្វើតាមរយៈកម្លាំងពលកម្ម ពិសេសគឺប្រជានេសាទ និងប្រជាកសិករដែលជាអ្នកដាំសណ្ដែកដី ឱ្យមានទីផ្សារក្នុងល្អ ក្នុងការងាររបស់ពួកគាត់រហូតមកផងដែរ។

សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក ចាន់ សិល្បសុជាតិ មានផលិតផលជាច្រើនមុខដែលផលិតដោយស្នាដៃកូនខ្មែរផ្ទាល់ ក្នុងនោះមានដូចជា៖ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង អំបិល និងម្រេចកំពត ដែលភាគច្រើនសុទ្ធសឹងតែជាទំនិញសម្គាល់ភូមិសាស្រ្ដប្រចាំខេត្តកំពត-កែប។

ក្រៅពីការផលិតស​ម្រាប់ចែកចាយក្នុងស្រុក ក្រុមហ៊ុនផលិតទឹកត្រី ង៉ូវហេង ក៏បាននាំយកផលិតផលរបស់ខ្លួនទៅដាក់លក់នៅលើឆាកអន្តរជាតិ ដែលមានដូចជា៖ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដូចជាប្រទេសអូស្ដ្រាលី ជាដើម។

យ៉ាងណាមិញ លោក សិល្បសុជាតិ ក្នុងនាមលោកជាសហគ្រិនខ្មែរម្នាក់ ក៏សូមលើកទឹកចិត្តប្រជាជនខ្មែរចាប់ពីពេលវេលានេះតទៅ សូមនឹកឃើញដល់ផលិតផលរបស់ខ្មែរជាជម្រើសទី១ បន្ទាប់ពីផលិតផលនាំចូល ដើម្បីចូលរួមចំណែកដល់ការលើកស្ទួយផលិតផលជាតិឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត។

ក្រុមហ៊ុនផលិតទឹកត្រី ង៉ូវហេង ជាសហគ្រាសក្នុងស្រុកមួយដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ គិតមកទល់ពេលនេះ ក្រុមហ៊ុនរបស់កូនខ្មែរមួយនេះ មានអាយុកាលប្រមាណ៣០ឆ្នាំមកហើយ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម