បើទោះបីជាកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសិទ្ធិផលិតថ្នាំប្រឆាំងមេរោគ Molnupiravir របស់ក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិក តែរហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានគម្រោងឬផែនការផលិតថ្នាំនេះនៅឡើយទេ។
នៅពេលសួរថាតើកម្ពុជានឹងមានគម្រោងផលិតថ្នាំព្យាបាលកូវីដ១៩ដែរឬទេ? លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍យ៉ាងខ្លីថា « ខ្ញុំមិនទាន់មានព័ត៍មានទេ»។
កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានសិទ្ធិផលិតថ្នាំប្រឆាំងមេរោគ Molnupiravir របស់ក្រុមហ៊ុន Merck ដែលថ្នាំប្រភេទនេះ បានបង្ហាញប្រសិទ្ធភាពកាត់បន្ថយការបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់បាន ៥០% ចំពោះអ្នកជំងឺកូវីដ-១៩។
ហេតុផលតែម្យ៉ាងគត់ដែលកម្ពុជានិងអ្នកជិតខាងអាស៊ានផ្សេងទៀត ទទួលបានសិទ្ធិផលិតថ្នាំនេះគឺដោយសារតែប្រទេសទាំងនេះត្រូវបានធនាគារពិភពលោក ចាត់ទុកថាជាប្រទេសមានប្រាក់ចំណូលទាបទៅមធ្យម ខុសពីថៃដែលត្រូវបានចាត់ទុកថាជាប្រទេសមានប្រាក់ចំណូលមធ្យមទៅខ្ពស់។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន៥០ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការទទួលបានអាជ្ញាប័ណ្ណបន្តដើម្បីផលិតថ្នាំនេះ។
យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមានមហិច្ឆិតាចង់បើករោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងប្រទេសខ្លួនឯងផង និងលក់ទៅឱ្យប្រទេសជិតខាងផង។
មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងពិធីប្រគល់និងទទួលជំនួយវ៉ាក់សាំងចិនចំនួន២លានដូសបន្ថែមទៀតមកកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសំណើទៅកាន់រដ្ឋាភិបាលចិនឱ្យបើករោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ សម្តេចហ៊ុន សែន បានលើកឡើងថា ការបង្កើតឱ្យមានរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ផលិតផលសម្រេចចុងក្រោយ) នៅកម្ពុជា ដោយយកវត្ថុធាតុដើមពីក្រុមហ៊ុនចិន គឺដើម្បីផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចទិញយកវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រនៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងប្រទេសខ្លួនឯងផង និងដើម្បីលក់ទៅឱ្យប្រទេសជិតខាងផង។
សម្តេចបានថ្លែងថា៖ «ប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើដូច្នេះ ដូចអ្វីដែលខ្ញុំបាននិយាយ ប្រទេសថៃក៏បានធ្វើ [រោងចក្រ] អាស្ត្រាហ្សេណេកា ត្រូវបានផលិតនៅក្នុងប្រទេសថៃ តាមរយៈការដឹកជញ្ជូនមករៀបចំផលិតចុងក្រោយនៅប្រទេសថៃ។ យើងក៏មានលទ្ធភាពដើម្បីធ្វើករណីនេះ គឺដឹកស៊ីណូវ៉ាក់ ឬ ស៊ីណូហ្វាម មកផលិត មករៀបចំដំណាក់កាលចុងក្រោយចេញពីកម្ពុជា»៕
អត្ថបទ៖ សំអឿន