សុខភាព
៧ សំណួរ-ចម្លើយ សំខាន់ៗ អំពី ជំងឺចង្វាក់បេះដូងដើរយឺត ដែលអ្នកមិនទាន់ដឹង
ជំងឺបេះដូងដើរយឺត គឺជាឃាតកលាក់មុខ ដែលអាចធ្វើឱ្យមនុស្សគ្រប់វ័យ ពិសេសមនុស្សចាស់រងគ្រោះដល់បាត់បង់ជីវីត ប្រសិនខ្វះការប្រុងប្រយ័ត្ន ឬមិនបានដឹងពីរោគសញ្ញា ហើយជួយសង្គ្រោះមិនទាន់ពេលវេលា។

វេជ្ជបណ្ឌិត ខ្មៅ ពេជ្រម៉ានិល ឯកទេស ជំងឺបេះដូង សរសៃរឈាម និងជំងឺចង្វាក់បេះដូង នៅមជ្ឈមណ្ឌលជំងឺបេះដូង និងជំងឺមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឆ្លើយតប ៧ សំណួរសំខាន់ៗអំពី ជំងឺបេះដូងចង្វាក់បេះដូងដើរយឺត ដល់ “កម្ពុជាថ្មី” ដូចតទៅ៖
១. កម្ពុជាថ្មី៖ តើអ្វីទៅជាជំងឺចង្វាក់បេះដូងដើរយឺត?
វេជ្ជបណ្ឌិត៖ ជាបឋម ខ្ញុំសូមជម្រាបជូនថា បេះដូង ជាសរីរាង្គសាច់ដុំ ដែលមានតួនាទីកន្ត្រាក់ច្របាច់ឈាម ដើម្បីចែកចាយឈាមដល់សព្វសារពាង្គកាយឱ្យរស់រានមានជីវីត។ ជាទូទៅ នៅពេលយើងសម្រាកធម្មតា ចំនួនចង្វាក់បេះដូង ដែលកន្ត្រាក់ច្របាច់ឈាម ឬភាសារសាមញ្ញហៅថា បេះដូងដើរ ឬលោត គឺស្ថិតនៅចន្លោះពី ៦០ ទៅ ១០០ ដងក្នុងមួយនាទី។ ក្នុងករណីចង្វាក់បេះដូងដើរលើសពី ១០០ ដងក្នុងមួយនាទី ត្រូវបានគេហៅថា ចង្វាក់បេះដូងដើរលឿន (Tachycardia) រីឯចង្វាក់បេះដូងដើរក្រោម ៦០ ដងក្នុងមួយនាទី យើងហៅថា ចង្វាក់បេះដូងដើរយឺត (Bradycardia)។
២. កម្ពុជាថ្មី៖ តើមនុស្សណាខ្លះ អាចមានជំងឺចង្វាក់បេះដូងដើរយឺត?
វេជ្ជបណ្ឌិត៖ ជំងឺចង្វាក់បេះដូងប្រភេទនេះ អាចកើតមានលើប្រជាជនគ្រប់វ័យ ទាំងស្ត្រី និងបុរស ប៉ុន្តែភាគច្រើន យើងជួបញឹកញាប់បំផុតទៅលើអ្នកជំងឺដែលមានវ័យចាស់ អាយុចន្លោះពី ៦៥ ទៅ ៧០ ឆ្នាំឡើង ហើយកាន់តែប្រឈមមុខខ្ពស់ ប្រសិនបើពួកគាត់មានជំងឺរួមផ្សំបន្ថែមទៀតដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និងជក់បារីជាដើម។
៣. កម្ពុជាថ្មី៖ តើអ្នកជំងឺចង្វាក់បេះដូងដើរយឺត អាចមានរោគសញ្ញា ឬអាការៈដូចម្តេចខ្លះ?
វេជ្ជបណ្ឌិត៖ នៅពេលដែលចង្វាក់បេះដូងដើរយឺតខុសប្រក្រតី សារពាង្គកាយព្រមទាំងខួរក្បាលយើង មិនអាចទទួលបានឈាមទៅចិញ្ចឹមគ្រប់គ្រាន់នោះទេ។ អ្នកជំងឺមួយចំនួនអាចមានអាការៈតិចតួច ឬមិនមានអាការៈ ប៉ុន្តែអ្នកជំងឺភាគច្រើនមានអាការដូចជា៖
- ខ្សោយ អស់កម្លាំងល្ហិតល្ហៃ
- ចុក ឬញ័រដើមទ្រូង និងពិបាកដកដង្ហើម
- វិលមុខ និងងងឹតមុខញឹកញាប់
- ឬអាចធ្ងន់ធ្ងររហូតដល់ដួលសន្លប់បាត់បង់ស្មារតី និងគាំងបេះដូង
ជាទូទៅ បងប្អូនប្រជាពលរដ្ឋយើងតែងតែគិតអាការៈនេះថាជា ខ្យល់ចាប់។ កង្វះការប្រុងប្រយ័ត្នទៅលើអាការៈខាងលើនេះ អាចបណ្តាលឱ្យពួកគាត់ប្រឈមទៅនឹងការបាត់បង់អាយុជីវីត ដោយសារបេះដូងដើរយឺតខ្លាំង និងឈានទៅរកការគាំងបេះដូងភ្លាមៗតែម្តង។

៤. កម្ពុជាថ្មី៖ តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យមានជំងឺចង្វាក់បេះដូងដើរយឺត?
វេជ្ជបណ្ឌិត៖ ជំងឺចង្វាក់បេះដូងដើរយឺតអាចបណ្តាលមកពីមូលហេតុជាច្រើន ប៉ុន្តែខ្ញុំសូមលើកយកតែមូលហេតុចំបងៗ ដូចខាងក្រោម៖
- ការខូតនូវប្រព័ន្ធកោសិកាគ្រប់គ្រងចង្វាក់បេះដូង នៅពេលវ័យចាស់ជរា
- ជំងឺស្ទះសរសៃរឈាមបេះដូង
- ជំងឺរលាកសាច់ដុំបេះដូង
- ជំងឺចង្វាក់បេះដូងដើរយឺតពីកំណើត
- មូលហេតុផ្សេងៗទៀតក្រៅពីជំងឺបេះដូង ដូចជា ការប្រើប្រាស់ឱសថមួយចំនួនដែលបណ្តាលឱ្យចង្វាក់បេះដូងដើរយឺត ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ឬលើសសារធាតុរ៉ែប៉ូតាស្យូមក្នុងឈាមជាដើម
៥. កម្ពុជាថ្មី៖ តើធ្វើដូចម្តេចទើបអ្នកជំងឺអាចដឹងថា ខ្លួនពិតជាមានជំងឺចង្វាក់បេះដូងដើរយឺត?
វេជ្ជបណ្ឌិត៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈដូចការរៀបរាប់ខាងលើ យើងអាចវាស់ចង្វាក់បេះដូងដោយខ្លួនឯងបានតាមរយៈ ម៉ាស៊ីនវាស់សម្ពាធឈាមដោយស្វ័យប្រវត្តិ ឬពាក់ប្រភេទនាឡិកាឆ្លាតវៃ (Smart Watch) ជាដើម។ ប៉ុន្តែ អ្នកជំងឺគ្រប់រូបត្រូវតែស្វែងរកការពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសឱ្យបានត្រឹមត្រូវ ដើម្បីទទួលនូវការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដោយធ្វើការ៖
- វាស់ចង្វាក់បេះដូង (ECG)
- បំពាក់ម៉ាស៊ីនតាមដានចង្វាក់បេះដូង ២៤ ទៅ ៤៨ ម៉ោង (Holter ECG)
- រត់លើម៉ាស៊ីនតាមដានចង្វាក់បេះដូង (Stress test)
៦. កម្ពុជាថ្មី៖ តើមានវិធីព្យាបាលអ្វីខ្លះ សម្រាប់ជំងឺចង្វាក់បេះដូងដើរយឺត?
វេជ្ជបណ្ឌិត៖ ចំពោះការព្យាបាល យើងព្យាយាមស្វែងរក និងព្យាបាលមូលហេតុទាំងឡាយណា ដែលបណ្តាលឱ្យចង្វាក់បេះដូងដើរយឺត ដើម្បីឱ្យត្រលប់មកប្រក្រតីវិញ។ ឧទាហរណ៍ យើងព្យាបាល ការលើសសារធាតុរ៉ែប៉ូតាស្យូមក្នុងឈាម ឱ្យចុះមកកម្រិតធម្មតា នោះចង្វាក់បេះដូងនឹងត្រលប់ជាធម្មតាវិញ។ ក្នុងករណីធ្ងន់ធ្ងរ និងចាំបាច់ ព្រមទាំងអាស្រ័យទៅលើប្រភេទជំងឺចង្វាក់បេះដូងដើរយឺត អ្នកជំងឺអាចនឹងទទួលការវះកាត់ដាក់ថ្មរបេះដូង (Pacemaker) ដើម្បីការពារកុំឱ្យចង្វាក់បេះដូងដើរយឺត និងជួយឱ្យដើរក្នុងកម្រិតប្រក្រតីឡើងវិញ។

៧. កម្ពុជាថ្មី៖ តើមានវិធីបង្ការជំងឺចង្វាក់បេះដូងដើរយឺតទេ?
វេជ្ជបណ្ឌិត៖ រហូតមកដល់សព្វថ្ងៃ យើងមិនទាន់មានវិធីបង្ការច្បាស់លាស់ណាមួយចំពោះជំងឺនេះទេ ប៉ុន្តែ វិធីសាស្ត្រខាងក្រោមអាចការពារជំងឺបេះដូងផ្សេងៗបានដូចជា៖
- ហាត់ប្រាណឱ្យបានទៀងទាត់ និងត្រឹមត្រូវ
- ហាមជក់បារី
- គ្រប់គ្រងសម្ពាធឈាម អាត្រាជាតិស្ករ និងកូឡេស្តេរ៉ូលក្នុងឈាម (Cholesterol) ឱ្យបានល្អ
- តាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា