បៃតង ជា​ពណ៌​នៃ​ភាព​សុខដុម និង​ភាព​សម្បូរបែប – Kampuchea Thmey Daily
Connect with us

KPT+

បៃតង ជា​ពណ៌​នៃ​ភាព​សុខដុម និង​ភាព​សម្បូរបែប

Published

on

ពណ៌បៃតង ជាពណ៌តំណាងឲ្យភពផែនដីនិងបរិស្ថានស្រស់បំព្រង។ ក្រៅពីនោះ ពណ៌បៃតង​តំណាង​ជីវិតមនុស្ស និង​អត្តចរិត​មួយចំនួនរបស់ពួកគេថែមទៀត។ វាជាពណ៌នៃការលូតលាស់ ភាពរឹងមាំ ភាពជឿជាក់ តុល្យភាព និងភាព​ស្ងប់ស្ងាត់។ អ្នក​ស្រឡាញ់​ពណ៌បៃតង ជា​អ្នក​ស្រឡាញ់​ធម្មជាតិ និងស្រឡាញ់គ្រួសារផងដែរ។ គេ​ជា​មនុស្ស​មាន​ការ​អាណិតអាសូរ សប្បុរស ស្មោះត្រង់ សីលធម៌​ខ្ពស់ ចេះ​សម្របខ្លួន ពូកែ​លើកទឹកចិត្ត​និង​ជា​មនុស្ស​ដែល​ច្រើន​តែ​វោហារ​បាន។

ទន្ទឹម​នឹង​ភាព​វិជ្ជមាន ពណ៌បៃតង​ក៏​តំណាង​ឲ្យ​ភាព​អវិជ្ជមាន​មួយ​ចំនួន​ដូចជា សម្ភារនិយម ភាព​ព្រងើយ​កន្តើយ ច្រណែន អាត្មានិយម លោភលន់ និង​ឆាប់ឈ្លក់វង្វេង។

ទោះ​យ៉ាងណា ពណ៌បៃតង​មាន​អត្ថន័យ​ផ្សេង​គ្នា​តាម​បម្រែបម្រួល​របស់​វា​ផងដែរ ដែល​ភាព​ប្រែប្រួល​នោះ​រួមមាន៖

ពណ៌បៃតង (Grass green)៖ ពណ៌​នេះ ជា​ពណ៌​តំណាង​ឲ្យ​លុយកាក់។ ចំពោះ​មនុស្ស​វា​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​ខ្លួនឯង ការស្រឡាញ់ធម្មជាតិ និងពោរពេញដោយសុខភាពល្អ។

ពណ៌បៃតង​ស្លេក (Pale green)៖ ជា​ពណ៌​នៃ​ការលូតលាស់ថ្មីរបស់រុក្ខជាតិ។ វា​បង្ហាញ​ពី​ភាព​ក្មេងខ្ចី​របស់​យុវវ័យដែលគ្មានបទពិសោធន៍ និងជាពណ៌តំណាង​ឲ្យ​ទស្សនៈ​ថ្មី​ដើម្បី​ចាប់ផ្ដើម​អ្វីថ្មីៗ។

ពណ៌បៃតង​ស្លាបកំភេន (Emerald green)៖ ជាពណ៌​នៃការបំផុសគំនិតនិងការ​លើកស្ទួយ​កិត្តិយស។ វា​បង្ហាញ​ពីភាពរុងរឿងនៃជីវិត។

ពណ៍បៃតង​ក្រម៉ៅ (Jade green)៖  ជាពណ៌នៃការជឿទុកចិត្ត ការរក្សាការសម្ងាត់ យុទ្ធសាស្ត្រ និង​ការទូត។ ពណ៌បៃតង​នេះ​បង្ហាញពីទឹកចិត្តសប្បុរស​ដែល​ផ្ដល់​ឲ្យ​ដោយ​មិន​រំពឹងអ្វី​ត្រឡប់​មក​វិញ។ វា​ក៏​ជា​ពណ៌​នៃ​ប្រាជ្ញា ការ​យល់ដឹង និងភាពស្ងប់​នៃផ្លូវធម៌។

ពណ៌បៃតង​កំបោរ (Lime green)៖ ជាពណ៌នៃអ្នក​ចំណូល​តន្រ្តី និង​ពេញនិយម​បំផុត​ពី​ក្រុម​មនុស្ស​វ័យក្មេង។ វាជាពណ៌ដែលបង្កើតអារម្មណ៍ប្រុងប្រយ័ត្ន និង​ការ​លុបបំបាត់​គំនិត​អវិជ្ជមាន។

ពណ៌បៃតង​ចាស់ (Dark green)៖ ជារឿយៗវាត្រូវបានប្រើដោយអ្នកជំនួញដែលមានទ្រព្យសម្បត្ដិ និង​តំណាង​មនុស្ស​មាន​មហិច្ឆតា​ធំ។ បន្ថែម​ពី​លើ​នេះ ពណ៌​បៃតង​ចាស់​បង្ហាញ​ពី​ភាព​លោភលន់ និង​ភាព​អាត្មានិយម​ផងដែរ។

ស៊ីលៀប (Aqua)៖ ជា​ពណ៌​តំណាង​ឲ្យ​ស្មារតី​ស្ងប់​សុខ ការ​ការពារ និង​ការ​ព្យាបាល​ផ្លូវ​អារម្មណ៍។

ពណ៌​ស្លឹក​អូលីវ (Olive green)៖ ចំពោះ​មនុស្ស​ដែល​និយម​ពណ៌​នេះ បង្ហាញ​ថា គេ​ចូលចិត្ត​នឹង​ការ​បោក​បញ្ឆោត​អ្នកដទៃ ការ​ផិត​ក្បត់ និង​ការ​បន្ទោស​អ្នកដទៃ​ចំពោះ​បញ្ហា​របស់​ខ្លួន។

ពណ៌ត្រួយចេក (Yellow green)៖ ពណ៌​នេះ​បង្ហាញ​ពី​មនុស្ស​ដែល​មាន​ភាព​កំសាក ចូលចិត្ត​បង្កជម្លោះ និង​ភ័យខ្លាច​ច្រើន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Empowered

ចុចអាន៖ពណ៌​លឿង​​ តំណាង​ឲ្យ​ខួរក្បាល​វៀងវៃ​និង​គំនិត​សុទិដ្ឋិនិយម

ចុចអាន៖កស្រាយ​អត្ថន័យ​ពណ៌​ផ្កាឈូក

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម