Connect with us

ព័ត៌មានជាតិ

បំភ្លឺ​ឲ្យ​កាន់តែ​ច្បាស់​ ចាក់វ៉ាក់សាំង​ដូសទី២ ប្តូរ​ពី១៤ថ្ងៃទៅ២១ថ្ងៃវិញ កុំ​ឲ្យ​ពលរដ្ឋ​សង្ស័យ

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ពីការកែសម្រួលនូវរយៈពេលនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី២ ពី១៤ថ្ងៃ មក២១ថ្ងៃក្រោយចាក់ដូសទី១វិញ សម្រាប់ពលរដ្ឋក្រោយៗទៀតដែលនឹងមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាស លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៥លាន គឺលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

​លោស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះ ការចាក់វ៉ាក់សាំងរបស់កម្ពុជា ផ្នែកតាមការណែនាំដ៏ត្រឹមត្រូវពីក្រុមហ៊ុនផលិតវ៉ាក់សាំងអំពីគម្លាតនៃការចាក់វ៉ាក់សាំងមានរយៈពេល១៤ថ្ងៃសម្រាប់ការចាក់ដូសទី២ តាមលក្ខណៈបច្ចេកទេសនៃរបកគំហើញវិទ្យាសាស្ត្រ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ដោយសារភាពរីករាលដាលនៃការចម្លងជំងឺកូវីដ-១៩ មានភាព​ស្ថានភាពខ្លាំង និងលឿន ដូច្នេះការចាក់វ៉ាក់សាំងរបស់យើង ក៏ត្រូវអនុវត្ត​​ឱ្យបានលឿនដែរ ដែលអ្នកវិទ្យាសាស្ត្របានបង្ហាញថា នៅពេលមានករណីចាំបាច់បន្ទាន់ ឬ​តំបន់ក្រហម ហើយយើងចង់ឱ្យចាក់វ៉ាក់សាំងបង្ការឱ្យបានទាន់សភាពការណ៍ ដូច្នេះការចាក់វ៉ាក់សាំងដូសទី២យើងអាចអនុវត្តបានក្នុងកម្រិតពី២សប្ដាហ៍ បានន័យថា ពី១៤ថ្ងៃទៅ២៨ថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “ប៉ុន្តែដូចយើងទាំងអស់គ្នាដឹងហើយថា វិទ្យាសាស្ត្រមានការរីកចម្រើន និងវិវត្តទៅមុខ នៅពេលមានការសិក្សាជាបន្តបន្ទាប់ទៀត ពិសេសក្នុងបរិបទនៃការកើតចេញនូវវីរុសបំប្លែងថ្មីនេះ ការសិក្សានានាក៏បាន និងកំពុងបន្តធ្វើ។ អ៊ីចឹងនៅពេលវ៉ាក់សាំងបានទទួលស្គាល់ដាក់ឱ្យប្រើប្រាស់ក្នុងបញ្ជី​អង្គការសុខភាពពិភពលោក ហើយក្នុងពេលថ្មីៗនេះ យើងទទួលបានឯកសារជាផ្លូវការដែលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី២នៅរយៈពេល១៤ថ្ងៃក្រោយនោះគឺត្រឹមត្រូវហើយមិនខុសទេ ក៏ប៉ុន្តែប្រសិនបើយើងចង់ឱ្យមានការបង្កើតអង្គការពារនៅក្នុងខ្លួន បើយើងពន្យារការចាក់វ៉ាក់សាំងដូសទី២ ថែម១សប្ដាហ៍ទៀត នោះការពង្រឹង និងការបង្កើតអង្គការពារនឹងកាន់តែល្អប្រសើរ”។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា៖ “អ៊ីចឹងហើយទើបមានការគិតគូរឡើងវិញដោយសារគម្លាតនៃការចាក់ដូសទី២ បើខុសគ្នាថែមតែ១សប្ដាហ៍ ដែលអាចបង្កើនភាពស៊ាំឱ្យកាន់តែរឹងមាំ ហេតុអី​យើងមិនចាប់យក។ សម្ដេចតេជោលោកឈ្លាសវៃណាស់ ​​លោកបានពិចារណាទៅលើចំណុចនេះ ហើយលោកក៏ផ្ដល់ឯកភាព និងកែសម្រួលរយៈពេលនៃការចាក់វ៉ាក់សាំងនេះ”។

​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស រូបនេះ បានអះអាងផងដែរថា ចំពោះប្រជាពលរដ្ឋជាង៥លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ កន្លងមកនោះ ក៏មានមួយកន្លែងខ្លះចាក់ដូសទី២នៅ២សប្ដាហ៍ ឬ១៤ថ្ងៃ ហើយក៏មានមួយចំនួនធំបានចាក់ដូសទី២នូវរយៈពេល២១ថ្ងៃ គ្រាន់តែឥឡូវជាការកែតម្រូវដែលកន្លងមកក្រសួងសុខាភិបាលជម្រុញចាក់ឱ្យបានលឿនក្នុងរយៈពេល២សប្ដាហ៍ឱ្យមកចាក់ដូសទី២នៅរយៈពេល២១ថ្ងៃដូចគ្នា ទន្ទឹមពេលមិនមានតំបន់ហានិភ័យខ្ពស់ដូចពីមុន និងវ៉ាក់សាំងបានបែងចែកនៅទូទាំងប្រទេសអស់ហើយ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំង​ប្រទេសសរុបចំនួន ៥,១០៤,៨៤៦នាក់ ស្មើ បានចំនួន៥១.០៥% សម្រាប់លទ្ធផលចាក់​វ៉ាក់សាំង​គោលដៅ​១០លាននាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម