ស្នងការកោះកុង បដិសេធការយកលុយ៤០០ដុល្លារ ករណីគ្រោះថ្នាក់ចរាចរណ៍បុកតកន្ទុកគ្នានៅស្រុកស្រែអំបិល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្នងការកោះកុង បដិសេធការយកលុយ៤០០ដុល្លារ ករណីគ្រោះថ្នាក់ចរាចរណ៍បុកតកន្ទុកគ្នានៅស្រុកស្រែអំបិល

បានផុស

នៅ

កោះកុង៖ លោកស្នងការនគរបាលខេត្តកោះកុង បដិសេធចំពោះការចោទប្រកាន់ថា សមត្ថកិច្ចអធិការនគរបាលស្រុកស្រែអំបិលបានយកលុយចំនួន៤០០ដុល្លារពីភាគីជនរងគ្រោះក្នុងករណីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានប្រាប់ “កម្ពុជាថ្មី” រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយច្រានចោល និងចាត់ទុកថាព័ត៌មាននោះជារឿងមិនពិតនោះទេ ពោលគឺសមត្ថកិច្ចជំនាញរបស់លោកបានប្រឹងប្រែងចំណាយពេលវេលាអស់ជាច្រើនម៉ោង ដើម្បីសម្របសម្រួលរវាងភាគីបង្ក និងជនរងគ្រោះខ្លាំងណាស់។

លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ហៅការចោទប្រកាន់របស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Rith Thy មួយនេះមកលើកងកម្លាំងសមត្ថកិច្ចថា ជាការយល់ច្រឡំមកលើក្រុមសមត្ថកិច្ចយ៉ាងធ្ងន់ធ្ងរ។

លោកស្នងការនគរបាលខេត្ត អះអាងទៀតថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ភាគីបង្ក និងភាគីជនរងគ្រោះចូលខ្លួនមកដោះស្រាយទូទាត់សំណងគ្នាអស់រួចរាល់ហើយដែរ។ គួរជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទុយគ្នាលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានកើតឡើងតាំងតែពីថ្ងៃទី១៩ ខែកក្កដា មកម្ល៉េះ តែដោះស្រាយគ្នាមិនត្រូវ។

លោកស្នងការ ក៏ថ្លែងថា ដោយឆ្លងយោបល់ទៅឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង លោកក៏សម្រេចអនុញ្ញាតឱ្យនាំយករថយន្តពីអធិការដ្ឋានស្រុកស្រែអំបិលប្រគល់ជូនភាគីរងគ្រោះ ហើយចាំធ្វើលិខិតតាមក្រោយវិញ។ ប៉ុន្តែដោយមើលឃើញភាគីម្ចាស់រថយន្តប្រតិកម្មលឿនពេក ពុំគិតពីនិតីវិធីដំណើរការរដោះស្រាយ ទើបបុគ្គលខាងលើនេះបង្ហោះហ្វេសប៊ុក។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយ គឺដើមបង្កឡើងដោយរថយន្តម៉ាកស៊ូភើគ្រីត ពណ៌ស ពាក់ស្លាកលេខ: ភ្នំពេញ-3F-6664 និងរថយន្តពាក់ស្លាកលេខ ភ្នំពេញ-4A-7707 អ្នកបើករត់គេចខ្លួនបាត់។ ហើយគ្រាន់តែថា លោកអធិការស្រុកស្រែអំបិលមិនទាន់បានធ្វើសំណុំរឿងបញ្ចូនមកស្នងការនគរបាលខេត្ត ហើយស្នងការខេត្តពុំទាន់មានលិខិតបញ្ចូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តប៉ុណ្ណោះ។ 

ដូច្នេះទើបធ្វើឱ្យលោក អែម ចិន ជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Rith Thy បានសរសេរថា “ឡានខ្ញុំបុកគ្នាបានយល់ព្រមដោះស្រាយបញ្ចប់រឿង និងទូរទាត់សំណងរួចរាល់ហើយនៅអធិការស្រុករួចរាល់ហើយ ខាងខ្ញុំជាអ្នករងគ្រោះ ហើយខ្ញុំក៏ព្រមទទួលយកសំណងហើយដែរ តែពេលទៅដកឡានត្រូវអស់លុយ៤០០ដុល្លារទៀត។ ខាងខ្ញុំជាជនរងគ្រោះរកតែលុយធ្វើឡានមិនគ្រប់ផងបានលុយណាឱ្យថ្លៃដកឡានបួនប្រាំរយទៀត សុំអត់យល់ហ្មង ខាងខ្ញុំជនរងគ្រោះសោះអស់លុយថ្លៃអីគេទៀត៤០០ដុល្លារ។ សូមបងប្អូនជួយគិតបន្តិចមើលចាប់ទុកថាខ្ញុំល្ងង់ចោះជួយគិតគ្នាផង”។

បន្ទាប់ពីមានការហៅទូរសព្ទសួរបំភ្លឺឡើងវិញរបស់លោកអធិការស្រុកស្រែអំបិល លោកអ្នកលេងហ្វេសប៊ុកខាងលើ បានលុបសារដែលខ្លួនបានបង្ហោះចោលអស់ ដោយជំនួសការសរសេរជាថ្មីថា “រាល់ការផុសទាំងអស់ គឺជាការយល់ច្រឡំទេ ហើយក៏សុំទោសដល់បងអធិការស្រុកស្រែអំបិលផង។ សុំទោសបងប្អូនត្រឹមរឿងយល់ច្រឡំទេ តែសុំបងព្រះរាជអាជ្ញាមេត្តាយោគបល់ជួយសំរួលនៅក្នុងការដករថយន្តមកប្រើប្រាស់បន្តទៀតហើយ។ សូមអរគុណដល់បងៗមន្រ្តីជំនាញ បងអធិការស្រុកដែរបានជួយដោះស្រាយនឹងសម្របសម្រួលរឿងឡានរបស់ខ្ញុំបាទ។ សូមអរគុណបងប្អូន និងថ្នាក់ដឹកនាំពីចំងាយដោយក្តីគោរពពីខ្ញុំបាទផង”។

ចំណែកឯលោក ហុន ណុន អធិការនគរបាលនៃអធិការនគរបាលស្រុកស្រែអំបិល ថ្លែងថា លោកកំពុងត្រៀមប្រគល់រថយន្តទៅជនរងគ្រោះឈ្មោះ អែម ចិន អាយុ៣១ឆ្នាំ ជាម្ចាស់រថយន្តម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2BD-7028 រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅអធិការដ្ឋានផ្ទាល់នៅរសៀលថ្ងៃទី២៣ ខែកក្ដដា ហើយក៏មិនទាន់ឃើញវត្តមានម្ចាស់រថយន្តមកដល់អធិការនៅឡើយទេ។

លោកអធិការស្រុកស្រែអំបិល បដិសេធដាច់ណាត់ថា ខ្លួនពុំបានទាញលុយចំនួន៤០០ដុល្លារពីជនរងគ្រោះនោះទេ និងមូលហេតុដែលឈានដល់បុរសជនរងគ្រោះបង្ហោះហ្វេសប៊ុក គឺក្រោយដោះស្រាយទូទាត់សំណងជាមួយក្រុមហ៊ុនធនារ៉ាប់រងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្នុងថ្លៃ១,៨០០ដុល្លារ ហើយពុំយល់ពីការបកស្រាយនៃនិតីវិធីរបស់សមត្ថកិច្ច និងវិស័យតុលាការ ដោយចង់ទាញយករថយន្តទៅផ្ទះជួសជុល។

ដូច្នេះលោក ហុន ណុល អធិការនគរបាលស្រុកស្រែអំបិល លើកឡើងថា មិនអាចប្រគល់ឱ្យបានទេ ដោយត្រូវឆ្លងកាត់ការដោះស្រាយសំណុំរឿងជាមួយនឹងខាងតុលាការជាសិន ទើបប្រគល់រថយន្តជូនជនរងគ្រោះបាន បែរជាទៅបង្ហោះហ្វេសប៊ុករិះគន់សមត្ថកចិទៅវិញ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services