ព័ត៌មានជាតិ
មានកុមារជាច្រើននៅរាជធានីភ្នំពេញបានទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដនៅថ្ងៃដំបូង
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។ ក្នុងយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដាមណ្ឌលសុខភាពទាំង០៨ នៅរាជធានីភ្នំពេញ មានអាណាព្យាបាល ឪពុកម្ដាយរបស់កុមារបាននាំកូន ចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារដើម្បីឆាប់បានចូលរៀនសូត្រ។

ក្នុងព្រឹត្តិការណ៍នេះគេក៏បានឃើញអភិបាលនៃគណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់វ៉ាក់សាំងទាំងនោះផងដែរ ដើម្បីឲ្យដំណើរការនៃការលក់ការចាក់វ៉ាក់សាំងនេះដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ។ ក្នុងនោះគេបានឃើញ អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានចុះទៅសម្របសម្រួលនិងពិនិត្យស្ថានភាពជាក់ស្តែងនៅមណ្ឌលសុខភាពច្បារអំពៅ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានចុះទៅមណ្ឌលសុខភាពសម្ដេចឪនិងសម្ដេចម៉ែ នៅគីឡូម៉ែត្រលេខ០៦ ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា នៅខណ្ឌឬស្សីកែវមានទីតាំង២កន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ក្នុងនោះមានមណ្ឌលសុខភាពសម្ដេចឪនិងសម្ដេចម៉ែ និងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ហើយបើស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំងមានចំនួនជាង១៨០០០នាក់ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រាប់ខណ្ឌច្បារអំពៅ មានកុមារយ៉ាងច្រើនមកទទួលការចាក់វ៉ាក់សាំង ដោយភាពខ្លាហាន ព្រោះពួកគេចង់បានចូលរៀនឆាប់ៗ ។ចំពោះស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំងមានចំនួនជាង១៧៩៧៣នាក់ ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ខណៈចុះពិនិត្យនិងសម្របសម្រួលនៅទីតាំងចាក់សាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ ឯណោះវិញ បានបញ្ជាក់ឲ្យដឹងដែរថា ការចាក់វ៉ាក់សាំងជូនកុមារ ពីអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ដោយសម្ដេចតែងតែបានគិតគូរពីសុខភាពប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា ការចុះមកទីតាំងខាងលើនេះ គឺដើម្បីសម្រួលឲ្យការចាក់វ៉ាក់សាំងដំណើរការទៅដោយរលូននៅតាមទីតាំងមួយៗលោកក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតាកុមារ សូមនាំកូន ចៅមកចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញរបស់អាជ្ញាធរអោយបានគ្រប់គ្នា ។ លោកបញ្ជាក់ថា បើតាមស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅក្នុងខណ្ឌចំការមនមានចំនួន៤៨៥០នាក់ ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលខណៈចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះដែរ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលជាមាតា បិតា អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង ពួកគាត់ ពិតជាមានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ចាក់ជូនកូន ចៅពួកគាត់ ដើម្បីការពារសុខមាលភាពកុមារ បង្កើតភាស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីមានលទ្ធភាពបេីកសាលារៀនឡើងវិញនាពេលឆាប់ខាងមុខ ។

គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញានេះ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន ៤២ ទីតាំង ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?