ព័ត៌មានជាតិ
ក្រុមចុះឈ្មោះបោះឆ្នោតជួបប្រទះបញ្ហាប្រឈមចំនួន៥ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១
នេះជាការបញ្ជាក់របស់លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ឌុច សុន ថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោតចំពោះអ្នក ដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ ច្បាស់លាស់។ លោកថា ស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គ.ជ.ប បានចាត់វិធានការនានាទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់ នូវវិធានការ ៣កុំ ៣ការពារ។

បើតាមលោក ឌុច សុន ដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។ ទោះជាយ៉ាងណា ដំណើរការនេះ ជួបបញ្ហាប្រឈមមួយចំនួនដូចជា៖
ទី១- សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីតាំងមានសុវត្ថិភាព។
ទី២- ក្រុមចុះឈ្មោះបោះឆ្នោតមួយចំនួន ពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ដោយសារភ្លៀងធ្លាក់ច្រើន និងផ្លូវពិបាកធ្វើដំណើរផ្លូវរអិល និងផ្លូវលិចទឹក។
ទី៣- សម្ភារ បរិក្ខារ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមួយចំនួន ខូច គាំង ឬដំណើរការរអាក់ រអួល បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតតិចតួច។
ទី៤- តំបន់ខ្លះមានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធឺណែត សម្រាប់ការបញ្ជូនទិន្នន័យមក គ.ជ.ប ។
ទី៥- ប្រជាពលរដ្ឋមួយចំនួនត្រូវជាប់ចត្តាឡីស័ក និងត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ ហើយ ប្រជាពលរដ្ឋខ្លះខ្លាចជំងឺកូវីដ-១៩ មិនហ៊ានមកធ្វើការចុះឈ្មោះបោះឆ្នោត ។
ជាមួយគ្នានោះ លោក ឌុច សុន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា ឃុំ សង្កាត់ និង គ.ជ.ប ពុំទាន់បានទទួលពាក្យ បណ្តឹងណាមួយទេពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះទេ។ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ