Connect with us

ព័ត៌មានជាតិ

កម្ពុជា​ផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី ដល់​ដំរី Kaavan

បានផុស

នៅ

​ដំរី​ឈ្មោះ​ខា​វ៉ាន់ ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅ​លើ​លោក ទីបំផុត​លែង​ឯកោ​ទៀតហើយ ក្រោយពេល​ត្រូវបាន​បញ្ជូន​ពី ប្រទេស​ប៉ា​គី​ស្ថាន​ឱ្យមក​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​នៃ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​មក នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នា​រសៀល ថ្ងៃទី​១៨ ខែធ្នូ នេះ​។

បើ​តាម​លោក នេត្រ ភក្ត្រា រហូតមក​ទល់នឹង​ថ្ងៃទី​១៨ ខែធ្នូ​នេះ ដំរី​ខា​វ៉ាន់​បាន​ផ្តើម​ជីវិត​ថ្មី និង​ក្តីសង្ឃឹម​ថ្មី​របស់​ខ្លួន​នៅក្នុង​ជម្រក​ថ្មី ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​ជូន​រយៈពេល​១៨​ថ្ងៃ​មក​ហើយ ហើយ​ដំរី​ខា​វ៉ាន់​ក៏បាន​បន្ស៊ាំ​ខ្លួន​បាន​យ៉ាង​ល្អ​នឹង​បរិស្ថាន​ថ្មី ហើយ​ជាង​នេះ គឺ​ការធ្វើទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ដំរី​ញី​ទាំង​៣​ក្បាល​។ លោក​បន្តថា កម្ពុជា​បាន​ផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។ ដំរី​ខា​វ៉ាន់​ជា​ដំរី​ឈ្មោល មាន​អាយុ​៣៥ ឆ្នាំ ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​ជួយសង្គ្រោះ​ពី​សួនសត្វ​មួយ នៃ​ប្រទេស​ប៉ា​គី​ស្ថាន តាមរយៈ​ការតស៊ូ​ផ្នែក​ច្បាប់ ហើយ​ចុងក្រោយ​តុលា​កំពូល​របស់​ប៉ា​គី​ស្ថាន​បានសម្រេច​ឱ្យ​ដំរី​ខា​វ៉ាន់ ត្រូវមាន​សេរីភាព និង​បញ្ជូនមក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា កម្ពុជា​មាន​ក្តី​សោមនស្ស​រីករាយ​ទទួល​ស្វាគមន៍​ដំរី​ខា​វ៉ាន់​។ ពី​ពេលនេះ​តទៅ ដំរី​ខា​វ៉ាន់​នឹង​លែង​រស់នៅក្នុង​ភាព​ឯកោ​ទៀតហើយ​។ សត្វ​ដំរី​ខា​វ៉ាន់​នេះ​នឹង​ត្រូវ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្រោម​ការយកចិត្តទុកដាក់​ថែរក្សា​ការពារ​ខ្ពស់​របស់​ក្រសួងបរិស្ថាន​និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS)​។ ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​អន្តរជាតិ ក៏ដូចជា​អ្នកចម្រៀង​ដ៏​ល្បី​ស័​រ (Cher) រួម​នឹង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS) និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បាន​ខិតខំ​ជួយ​ជ្រោមជ្រែង ដើម្បី​អាច​ឲ្យ​ដំរី​អាស៊ី​ដ៏​ឯកោ​មួយ​ក្បាល​នេះ​មាន​សេរីភាព និង​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​។

លោក នេត្រ ភក្ត្រា អះអាងថា ផ្ទះ​ថ្មី​របស់​ដំរី​ខា​វ៉ាន់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​តំបន់ការពារធម្មជាតិ មួយ​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង​៦៨ កន្លែង​របស់​ប្រទេស​កម្ពុជា​។ កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភពលោក​ថា សម្បូណ៌​ដោយ​ជីវចម្រុះ​ជាច្រើន ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត ជិត​ផុត​ពូជ និង​ប្រភេទ​សត្វ ដែល​ទទួល​ការគំរាមកំហែង គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា ដំរី​ខា​វ៉ាន់ គឺជា​ប្រភេទ​ដំរី​អាស៊ី ដែល​ជា​ប្រភេទ​រង​ការ​គំរាមកំហែង ហើយ​កម្ពុ​ជា​មាន​ប្រភេទ​ដំរី​អាស៊ី​នេះ​ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល​ដែល​កំពុងតែ​រស់ នៅក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ក្នុង​ខេត្តរតនគិរី​និង​មណ្ឌលគិរី និង​នោ​ក្នុង​តំបន់ ជួរ​ភ្នំ​ក្រវ៉ា​ញ​។ កម្ពុ​ជាមាន​ដំរី​ស្រុក​ប្រមាណ​ជាង​៧០ ក្បាល​ផងដែរ​។ សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​នេះ នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក ដើម្បី​បង្កើត​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ បង្កើន​នានា​ព​ន្ធុ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​វិធានការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​សមត្ថកិច្ច និង​ការ​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​រយៈពេល​ជាង​១០ ឆ្នាំ​ចុង​ក្រោយនេះ លោក នេត្រ ភក្ត្រា អះអាង​ថា កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ ដើម្បី​យក​ភ្លុក និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ស្ទើរតែ​គ្មាន​។

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ក្នុងនោះ “​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG)” ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការ​រក្សា​ស្ថិរភាព និង​ជំរុញ​ឲ្យ​មាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឲ្យ​នៅ​គង់វង្ស​ត្រូវ​បាន​រៀបចំឡើង​សម្រាប់​រយៈពេល​១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​បាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន​៦ ក្នុង​នោះ​រួមមាន ១, ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក ២, អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ ៣, ពង្រឹង​ការអនុវត្ត​ច្បាប់ ៤, បង្ការ​មិន​ឲ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ៥, បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ និង​មនុស្ស ៦, អប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

យោង​តាម​ការ​ប៉ាន់ស្មាន ផែនការ​សកម្មភាព​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន​៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​គម្រោង​នេះ​រំពឹងថា នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម