ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ជំរុញឲ្យមានយន្តការត្រៀមដោះស្រាយគ្រោះមហន្តរាយ កាន់តែមានប្រសិទ្ធិភាព
អភិបាលរងខេត្តកោះកុង បានជំរុញដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធរិះរកយន្តការថ្មីៗ ដើម្បីត្រៀមបង្ការដោះស្រាយគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ខេត្តកោះកុង ត្រូវបានគេសង្កេតឃើញថា តែងរងគ្រោះថ្នាក់ដោយសារបញ្ហាគ្រោះធម្មជាតិនានា ដែលតម្រូវឲ្យមានផែនការជួយដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ចៀសវាងផលប៉ះពាល់ទាំងនោះបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងដំណើរការអភិវឌ្ឍ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្ដីពី «ការរៀបចំផែនការសកម្មភាពកាត់បន្ថយហានិភ័យ នៃគ្រោះមហន្ដរាយថ្នាក់មូលដ្ឋាន» លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឲ្យដឹងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯង អាចធ្វើការងារនេះ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ។

លោកអភិបាលរងខេត្តកោះកុង ក៏ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ដាក់ចេញយន្តការថ្មីៗបន្ថែមត្រៀមបង្ការទប់ស្កាត់ និងរៀបចំផែនការសកម្មភាពកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយថ្នាក់មូលដ្ឋាន គឺជាកត្តាមួយដែលមិនអាចខ្វះបាន។
កន្លងមកខេត្តកោះកុង ធ្លាប់បានទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ដូចជា៖ ទឹកជំនន់ រាំងស្ងួត ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ការបម្រែបម្រួលអាកាសធាតុ ការកើនឡើងទឹកសមុទ្រ និងរលកធំៗបោកបក់មកលើឆ្នេរ និងតំបន់មាត់សមុទ្រ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំ រួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងជីវិតសត្វ អស់ជាច្រើន។

ដោយអាជ្ញាធរជឿជាក់ថា ការចូលរួមរបស់ពហុភាគីពាក់ព័ន្ធ នឹងរួមចំណែកដល់ការកាត់បន្ថយបញ្ហាប្រឈមខាងលើបានយ៉ាងច្រើន ដែលធ្វើឲ្យដៃគូទាំងអស់ ជាពិសេសកសិករងាយរងគ្រោះទទួលបាន អត្ថប្រយោជន៍ និងអាចចូលរួមក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ។
លោកស្រី ឯក សុធា នាយិកាអង្គការ CWSប្រចាំនៅកម្ពុជា លើកឡើងថា អង្គការរបស់លោកស្រី បានបង្កើតជាសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី កាត់បន្ថយហានិភ័យនៃគ្រោះមហន្ដរាយថ្នាក់មូលដ្ឋាន ក្នុងគោលដៅដើម្បីស្វែងរកមតិយោបល់ពាក់ព័ន្ធ មុននឹងចងក្រងជាយន្តការបន្ថែមអំពីការដោះស្រាយ និងកាត់បន្ថយផលគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយ នៅក្នុងខេត្តកោះកុង។

យោងតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់គម្រោងVFL ឆ្នាំ ២០១៩ បង្ហាញថា ផលប៉ះពាល់នៃគ្រោះមហន្តរាយត្រូវបានកាត់បន្ថយតិចតួច ខណៈគ្រោះរាំងស្ងួត និងទឹកជំនន់ ជាការគំរាមកំហែងចម្បងចំពោះក្មេងជំនាន់ក្រោយ។ ការទទួលព័ត៌មាន និងធនធានក្នុងការឆ្លើយតប នឹងការគំរាមកំហែងគ្រោះមហន្តរាយនៅមានកម្រិតនៅឡើយ។ និងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគពុំទាន់បានគិតគូរពេញលេញនោះទេ ពីហានិភ័យគ្រោះមហន្តរាយ និងបញ្ហាប្រែប្រួលអាកាសធាតុ។
បញ្ហានេះ លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកោះកុង បានបដិសេធចំពោះលទ្ធផលសិក្សាស្រាវជ្រាវរបស់គម្រោងVFLថា រាល់ទទួលបានព័ត៌មាន និងការឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្តរាយនៅមានកម្រិតឡើយនោះ ហាក់បីដូចជាធ្ងរធ្ងន់មកលើតំណាងសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរជំនាញ រដ្ឋបាលក្រុងស្រុក។ ជាក់ស្តែង គ្រប់អ្នកពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ណាស់ទៅលើការត្រៀមបង្ការទប់ស្កាត់ និងចុះជួយដោះស្រាយជូនពលរដ្ឋក្នុងមូលដ្ឋាន ដែលរងគ្រោះថ្នាក់ដោយគ្រោះមហន្តរាយ។

លោក យ៉ាដា បន្ថែមថា ក្រោយបញ្ហាគ្រោះមហន្តរាយកើតមាននៅមូលដ្ឋាន គឺមន្រ្តីរបស់លោកបានទទួលព័ត៌មានតាមរយៈបណ្តាញតេឡេក្រាម ពីអាជ្ញាធរដែនដីភូមិឃុំក្រុងស្រុក និងមន្រ្តីអនុសាខាកាកបាទក្រហម ដោយចាត់វិធានការចុះជួយឧបត្តម្ភមនុស្សធម៌ និងកសាងនូវលំនៅដ្ឋានជូនពលរដ្ឋជាបណ្ដោះអាសន្នឥតប្រកាន់និន្នាការនយោបាយ។
បច្ចុប្បន្នតំណាងមន្ទីរ អង្គភាព រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ក្នុងស្រុកស្រែអំបិល និងអង្គការសង្គមស៊ីវិលជាច្រើន បានជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងរកយុទ្ធសាស្ត្រ និងដំណោះស្រាយរួម ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនកិច្ចសហការគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់