ព័ត៌មានជាតិ
ខណៈស្ងាត់ភ្ញៀវទេសចរ តើអាជ្ញាធរអប្សរាបានថវិកាពីណា ជួសជុលកែលម្អរមណីដ្ឋានអង្គររហូត?
បញ្ហាការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល ២ ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ ជាក់ស្តែងនៅឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជា បានធ្លាក់ចុះប្រមាណ ៨៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ១,៣ លាននាក់។ ទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា តែងសកម្ម អភិរក្សជួលជុលប្រាសាទនានា ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់។

តើ អាជ្ញាធរជាតិអប្សរា បានថវិកាពីប្រភពណា ទើបអាចចំណាយលើកកិច្ចការទាំងនោះ?
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាកំលុងពេលស្ងាត់ភ្ញៀវទេសចរ ប៉ុន្តែ អាជ្ញាធរជាតិអប្សរា តែងបាន និងបន្តការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងជួសជុលប្រាសាទបានយ៉ាងច្រើន ដោយប្រភពថវិការបស់អាជ្ញាធរជាតិអប្សរា មានចំនួនបី។

លោក ឡុង កុសល បញ្ជាក់ថា៖ “ទី១ ថវិកាផ្គត់ផ្គង់ពីរាជរដ្ឋាភិបាលកម្ពុជា ទី២ ថវិកាផ្គត់ផ្គង់ដោយវិស័យឯកជន និងទី៣ ជាថវិកាបានពីបដិភាគតាមរយៈយន្តការ ឯកភាពអង្គរ។ ថវិកានោះមិនបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាទេ គឺគ្រប់គ្រងដោយប្រទេសជាមិត្តដែលអនុវត្តគម្រោងនោះដោយខ្លួនឯង ហើយថវិកាខ្លះទៀតអនុវត្តក្រោមឆត្រអង្គការយូនីស្កូ ដូច្នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ យូនីស្កូ”។
ចំពោះថវិកាចំណាយកន្លងមក លោក ឡុង កុសល មិនមានតួលេខចំណាយនោះទេ លោកគ្រាន់ប៉ាន់ស្មានថា មានចំនួនច្រើនរយលានដុល្លារ ដោយលោកបញ្ជាក់ថា ការងារអភិរក្សជួសជុល ត្រូវការប្រើពេលយូរ មិនមែនធ្វើ ១ ឆ្នាំ ឬ ២ ឆ្នាំចប់នោះទេ ពោលគឺគម្រោងនៅតែបន្តរហូត និងមានតម្លាភាពចាយវាយច្បាស់លាស់។

លោក ឡុង កុសល មានប្រសាសន៍ថា៖ “ចំពោះតម្លាភាពនៃការចំណាយ ធម្មតាទេ គឺតែងមានអង្គភាពការត្រួតពិនិត្យលើការចំណាយតាមនីតិវធីហិរញ្ញវត្ថុ។ បើគម្រោងស្ថិតក្រោម យូនីស្កូ គឺក្រុមការងារយូនីស្កូជាអ្នកត្រួតពិនិត្យ បើគម្រោងប្រើប្រាស់ថវិការបស់រដ្ឋ គឺមានស្ថាប័នគ្រប់គ្រងថវិកា មានទាំងសវនកម្មជាតិ ជំនាញមកពីក្រសួងហិរញ្ញវត្ថុ ព្រមទាំងសវនកម្មផ្ទៃក្នុងជាដើម ដែលការងារទាក់ទងហិរញ្ញវត្ថុនេះ មិនអាចលេងសើចបានទេ ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរាល់ចំណូលចំណាយត្រូវកត់ត្រាយ៉ាងច្បាស់លាស់”។

គួរបញ្ជាក់ថា រយៈពេលវិបត្តិកូវីដ-១៩ ដែលស្ងប់ស្ងាត់ភ្ញៀវទេសចរនេះ អាជ្ញាធរបានជួសជុលប្រាង្គប្រាសាទដូចជា ប្រាសាទនៅកណ្ដាលស្រះស្រង់, ខ្លោងទា្វរតាកាវ, កស្សិនស្ពានហាល, កំពង់ទឹកស្ពានហាល ប្រាសាទអង្គរវត្ត, ជួលជុលប្រាសាទបាយន្ត ព្រលានជល់ដំរី នៅតំបន់បន្ទាយស្រី និងកិច្ចការជាច្រើនទៀត ក៏ដូចជាបានរៀបចំឱ្យមានការអភិវឌ្ឍប្រកបដោយចេរភាពនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបរិស្ថាន ទេសភាព នៅប្រាសាទ និងតំបន់រមណីដ្ឋានអង្គរ។

ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


