Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Sabrina Group បានបង្កើតការងារសរុបចំនួន ១៤ ០០០ កន្លែង

បានផុស

នៅ

រោងចក្រ Aroma Success Garment Co., LTD ដែលជាសមទ្ធិផលថ្មីមួយទៀត Sabrina Group ត្រូវបានសម្ភោធជាផ្លូវការនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

រោងចក្រ Aroma Success Garment Co., LTD មានទីតាំងស្ថិតក្នុងភូមិក្រាំងកន្ទួត ឃុំទំព័រមាស ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ដែលបានសាងសង់លើផ្ទៃដីជាង២០០ពាន់ម៉ែត្រករ៉ែ ដែលជាសមទ្ធផលថ្មីធំបំផុតរបស់ Sabrina Group ដែលបំពាក់ដោយគ្រឿងបរិក្ខាទំនើបចុងក្រោយបំផុតក្នុងវិស័យវេជ្ជភ័ណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរោងចក្រថ្មី របស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូង នៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជា ទើបទទួលបានសុខសន្តិភាពពេញ​លេញ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាក់ស្តែង គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Sabrina Group បានបង្កើតការងារសរុបចំនួន ១៤.០០០ កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានស្រុកសំរោងទងផ្ទាល់។

ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់សម្តេចតេជោ កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ។ សមិទ្ធផលដ៏មហាសាល និងមិនអាចកាត់ថ្លៃបាននេះ ពិតជាបាន និងកំពុងផ្តល់នូវផលជាក់ស្តែងដល់ប្រទេសជាតិទាំងមូល ក្រោមរូបភាពនៃការកើនឡើងនូវទុនវិនិយោគពីបរទេស និងជាពិសេសការកើនឡើងនូវឱកាសការងារល្អៗ សម្រាប់លើកកម្ពស់កម្រិតជីវភាពរបស់កម្មករ-និយោជិត។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិតដែលត្រូវបានព្យួរការងារ គឺម្នាក់ៗក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិកក្នុងមួយខែពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះ ដូចជា៖ ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា នៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣រួមមាន៖ 

ទី១- ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។ 

ទី២- ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។ 

ទី៣- ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម។

សូមបញ្ជាក់ថា ក្នុងពិធីសម្ភោធរោងចក្រ Aroma Success Garment Co., LTD ដែលជាសមទ្ធិផលថ្មីមួយទៀត Sabrina Group ប្រព្រឹត្តដោយភាពរីករាយ និងទទួលស្វាយគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់បងប្អូនកម្មករ កម្មការិនី៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម