ព័ត៌មានជាតិ
២០ ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងាររួមបាន ៧៥% ក្នុងចំណោមសំណុំរឿងជាង ៣ ពាន់
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងរយៈពេល ២០ ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានទទួលដោះស្រាយសំណុំរឿងវិវាទការងាររួម ចំនួន ៣,០៤២ ជាមួយនឹងអត្រាជោគជ័យប្រមាណ ៧៥% ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិអំពីប្រសិទ្ធភាព នៃការដោះស្រាយវិវាទការងាររួមដែលមានអត្រាសះជាខ្ពស់។

ថ្លែងក្នុងពិធីអបអរខួប ២០ ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីរសៀលថ្ងៃទី ២៧ មេសា នៅសណ្ឋាគារឡឺ រ៉ូយ៉ាល់ លោករដ្ឋមន្ត្រី បានបន្តថា ចាប់តាំងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្កើតឲ្យមានក្រុមប្រឹក្សាអាជ្ញាកណ្ដាល នាឆ្នាំ ២០០៣ ដែលជាយន្តការត្រីភាគីសម្រាប់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការមក ពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពជឿទុកចិត្តពីដៃគូ ជាពិសេសអ្នកវិនិយោគ អ្នកបញ្ជាទិញអន្តរជាតិ ដែលបាននាំឲ្យមានកំណើន នៃការវិនិយោគ កំណើនការងារ កំណើនការនាំចេញ កំណើនប្រាក់ឈ្នួល ក៏ដូចជាធ្វើឲ្យលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្នទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលនេះសុទ្ធសឹងតែជាសមិទ្ធផល នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យការងារ ជាពិសេសច្បាប់ស្ដីពីការងារ និងយន្តការ នៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងជាពិសេស គឺការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈរបស់អាជ្ញាកណ្ដាលគ្រប់រូប។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងតែងតែបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសង្គម អង្គការ ILO និងដៃគូអភិវឌ្ឍន៍នានា សំដៅបន្តបង្កើនសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ និងគាំទ្រនូវនិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទន្ទឹមនឹងនេះ បានពង្រីកវិសាលភាព ក្រុមប្រឹក្សាកណ្ដាល ឲ្យទទួលយកសេវាដោះស្រាយវិវាទការងារបុគ្គលថែមទៀត ដោយសារតែបច្ចុប្បន្នការធ្លាក់ចុះនូវវិវាទការងាររួម ដោយសារតែគ្រប់ភាគីយល់កាន់តែច្បាស់ក្នុងការចូលរួមការអនុវត្តច្បាប់ស្ដីពីការងារ ការបង្កើតឲ្យមាននូវវប្បធម៌រោងចក្រ សហគ្រាស ជាសហគមន៍សុខសាន្ត តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃអនុសាសន៍ទាំង ១០ ចំណុច ដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត ចំនួន ៧៧ លើក និងមានកម្មករចូលរួមប្រមាណ ១ លាននាក់។

លោករដ្ឋមន្ត្រី បានអះអាងទៀតថា ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះ គឺភាគីវិវាទមានសេរីភាពក្នុងការជ្រើសរើសអាជ្ញាកណ្ដាលចេញពីបញ្ជីអាជ្ញាកណ្ដាល ដែលបានស្នើដោយភាគីតំណាងកម្មករនិយោជិត, បញ្ជីអាជ្ញាកណ្ដាលដែលស្នើដោយភាគីនិយោជក និងបញ្ជីអាជ្ញាកណ្ដាល ដែលស្នើដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយការដោះស្រាយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងគោលការណ៍សមធម៌។ ចំណុចទាំងនេះ បានធ្វើឲ្យការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ត្រូវបានទទួលស្គាល់ថា មានតម្លាភាព និងភាពជឿជាក់ពីភាគីវិវាទ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្អែកលើលទ្ធផលជោគជ័យទាំងនេះ បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការពង្រឹងយន្តការដោះស្រាយវិវាទការងារតាមរយៈការលើកកម្ពស់កម្រិតអនុលោមភាព នៃការអនុវត្តច្បាប់ស្ដីពីការងារ, ច្បាប់ស្ដីពីសហជីព, ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា, និងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជាពិសេសការជំរុញឲ្យមានការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារនៅតាមសហគ្រាស គ្រឹះស្ថាន សំដៅទប់ស្កាត់ឲ្យបាននូវការរីករាលដាលពីវិវាទការងារតូចៗ ទៅជាវិវាទការងារធំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?