នៅសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣ នៃជំពូកទី៣ លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់។
សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះ មានចំនួនសរុប៩ជំពូក និងចំនួន៥០មាត្រា ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងប្រទេសកម្ពុជា លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិ ដែលកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ប៊ុន ហុន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំលើកទី៦ ដែលត្រូវបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣។ ពីព្រោះកិច្ចប្រជុំលើទី៥ កាលពីថ្មីៗនេះ អង្គប្រជុំបានបញ្ចប់ការពិភាក្សាលើមាត្រា១១ នៃជំពូកទី៣ រួចហើយ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមបច្ចេកទេសអន្ដរក្រសួង ក៏បានធ្វើការជជែក និងពិភាក្សា ពិគ្រោះយោបល់ដោយលើកយកនូវធាតុចូលសំខាន់ៗស្វែងរកការឯកភាពគ្នា ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះមានភាពល្អប្រសើរបន្ថែមទៀត។
លោក ប៊ុន ហុន បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីកិច្ចប្រជុំលើកទី៥ថា កិច្ចប្រជុំតែងតែពិភាក្សាលើបរិបទច្បាប់នៅកម្ពុជា និងច្បាប់បរទេស ដើម្បីពិនិត្យមើលថា តើគួររៀបចំបញ្ញត្តិបែបណា ដើម្បីបម្រើឱ្យប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិយើង ហើយធានាមិនឲ្យផ្ទុយពីគោលការអន្តរជាតិ។ បើតាមលោក ប៊ុន ហុន នៅក្នុងអង្គប្រជុំនោះកន្លងមក ក៏មានសមាជិកសមាជិកា បានស្នើសុំកែសម្រួលនូវចំណុចខ្លះ។ ដោយឡែក ច្បាប់ចាស់ដែលកំពុងអនុវត្តរាល់ថ្ងៃនេះ មានបញ្ហាខ្លះ ដែលមិនសមស្របតាមបរិបទសង្គមបច្ចុប្បន្ន ដោយមានចំណុចខ្លះត្រូវកែសម្រួលឡើងវិញ ខ្លះក៏ត្រូវបានលុបចោល ខ្លះត្រូវបន្ថែមខ្លឹមសារ និងចំណុចខ្លះទៀត គឺត្រូវបានតាក់តែងថ្មី៕
ដោយ ៖ កោះកែវ