ព័ត៌មានជាតិ
ស្វែងយល់ពីរចនាសម្ព័ន្ធ និងប្រព័ន្ធការងារនៅក្រសួងការបរទេស
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើការដឹកនាំនិងគ្រប់គ្រងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចដូចតទៅ៖
-ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ព្រះរាជាណាចក កម្ពុជា
-រៀបចំ អនុវត្ត តាមដានការអនុវត្ត និងការពារគោលនយោបាយនិងផែនការយុទ្ធសាស្ត្រការបរទេស របស់រាជរដ្ឋាភិបាលកម្ពុជា
-រៀបចំ អនុវត្ត និងតាមដានការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ឬលិខិតូបករណ៍អន្តរជាតិក្នុងន័យ ធានានិងការពារផលប្រយោជន៍របស់រាជរដ្ឋាភិបាលក្នុងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
-ជាច្រកចេញចូលការទូតតែមួយក្នុងទំនាក់ទំនងជាមួយប្រទេសនិងអង្គការតំបន់ អន្តរជាតិនានាលើរាល់សកម្មភាពរបស់ក្រសួងស្ថាប័ននានាដែលមានទំនាក់ទំនងជាមួយបរទស
-តំណាងរាជរដ្ឋាភិបាលកម្ពុជាក្នុងការចរចា និងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាមួយ បណ្តាប្រទេស អង្គការតំបន់ និងស្ថាប័នអន្តរជាតិនានា
-ពង្រឹងនិងពង្រីកទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេស អង្គការតំបន់ និងអង្គការ អន្តរជាតិនានា តាមរយៈកិច្ចការការទូត កុងស៊ុល និងសហប្រតិបត្តិការអន្តរជាតិ
-ពង្រឹងវិស័យការទូតសេដ្ឋកិច្ចតាមរយៈការចូលរួមជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ទេសចរណ៍ ការងារ អប់រំ និងបច្ចេកវិទ្យា
-ផ្សព្វផ្សាយនិងលើកតម្កើងភាសា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរនៅក្រៅប្រទេស
-ចូលរួមការពារនិងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ នៅថ្នាក់អនុតំបន់ តំបន់ និងពិភពលោក
-ចូលរួម និងទទួលរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងពិភពលោកពាក់ព័ន្ធកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬតាមការចាត់តាំងរបស់រាជរដ្ឋាភិបាល
-តំណាងនិងការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ព្រមទាំង លើកកម្ពស់ និងការពារកិត្តិយសជាតិ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ
-ដឹកនាំគ្រប់គ្រងស្ថានតំណាងរបស់ព្រះរាជាណាចក្រកម្ពុជាដែលតាំងនៅបរទេស
-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចុះបញ្ជី និងសហការសម្របសម្រួលការធ្វើអង្គការក្រៅរដ្ឋាភិបាលបរទេស ដោយយោងតាមច្បាប់ជាតិនិងអន្តរជាតិ
-សម្របសម្រួលនិងរៀបចំទស្សនកិច្ចរបស់គណៈប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទៅបរទេស និងទទួលគណៈប្រតិភូបរទេសដែលមកបំពេញបេសកកម្មឬទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា
-បណ្តុះបណ្តាលនិងធ្វើវិក្រឹតការជាប្រចាំនូវមុខជំនាញកិច្ចការបរទេស និងការទូត
-តាមដាន ស្វែងយល់ និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលអំពីការវិវត្តនៃព្រឹត្តិការណ៍តំបន់ និង អន្តរជាតិសំខាន់ៗ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានរចនាសម្ព័ន្ធ៖
ក- អង្គភាពរដ្ឋបាលកណ្ដាល
-ខុទ្ទកាល័យរដ្ឋមន្ត្រី
-អគ្គលេខាធិការដ្ឋាន
-អគ្គនាយកដ្ឋានអាស៊ាន
-អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន
-អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក
-អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា
-អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
-អគ្គាធិការដ្ឋាន
-វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ
-នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
-នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ចនិងផែនការយុទ្ធសាស្ត្រ
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ខ-ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
-ស្ថានឯកអគ្គរាជទូតនិងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ
-ស្ថានអគ្គកុងស៊ុលនិងស្ថានកុងស៊ុល ស្ថានកុងស៊ុលកិត្តិយស។
អគ្គលេខាធិការដ្ឋានដឹកនាំដោយអគ្គលេខាធិការមួយរូប និងអមដោយអគ្គលេខាធិការរងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួនតាមការចាំបាច់។ អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងអមដោយអគ្គាធិការរងមួយចំនួនតាមការចាំបាច់។
វិទ្យាស្ថាន ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយអនុប្រធានមួយចំនួនមានឋានៈស្មើអគ្គនាយករង តាមការចាំបាច់។
នាយកដ្ឋាន ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់។
ខុទ្ទកាល័យរដ្ឋមន្តី
ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងនិង រដ្ឋលេខាធិការដ្ឋាន។
អគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លើបេសកកម្មគ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង និងសម្របសម្រួលការងារពាក់ព័ន្ធពិធីការរដ្ឋ។
អគ្គលេខាធិការដ្ឋានមាននាយកដ្ឋានចំណុះចំនួន ០៤(បួន) ជាសេនាធិការ៖
-នាយកដ្ឋានរដ្ឋបាល : មានមុខងារសម្របសម្រួលការងារទូទៅរបស់ក្រសួងនៅថ្នាក់កណ្ដាល និងរវាងថ្នាក់កណ្តាលជាមួយស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
-នាយកដ្ឋានហិរញ្ញវត្ថុ-គណនេយ្យ : មានមុខងារសម្របសម្រួលការងារហិរញ្ញវត្ថុ និងគណនេយ្យ
-នាយកដ្ឋានបុគ្គលិក : មានមុខងារសម្របសម្រួលការងារគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ និងការងារបណ្តុះបណ្តាល
-នាយកដ្ឋានពិធីការ : មានមុខងារសម្របសម្រួលការងារពិធីការ។
អគ្គនាយកដា្ឋនអាស៊ាន
អគ្គនាយកដ្ឋានអាស៊ាន បំពេញមុខងារជាសេនាធិការឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសេនាធិការឲ្យលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ដោយធ្វើការងារសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ តំបន់ លើបេសកកម្មពាក់ព័ន្ធនឹងកិច្ចការអាស៊ាន ។
អគ្គនាយកដ្ឋានអាស៊ាន មាននាយកដ្ឋានចំណុះចំនួន ០៥ (ប្រាំ) ជាសេនាធិការ៖
-នាយកដ្ឋានកិច្ចការទូទៅ និងសហគមន៍ មានមុខងារសម្របសម្រួលការងាររដ្ឋបាលទូទៅ ថវិកា និងកិច្ចការសហគមន៍។
-នាយកដ្ឋានកិច្ចការសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មានមុខងារសម្របសម្រួលការងារសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។
-នាយកដ្ឋានកិច្ចការសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសង្គម-វប្បធម៌អាស៊ាន មានមុខងារសម្រប សម្រួលការងារសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន -នាយកដ្ឋានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន មានមុខងារសម្របសម្រួលការងារទំនាក់ទំនងរវាង អាស៊ាន និងប្រទេសជាដៃគូសន្ទនារបស់អាស៊ាន។
-នាយកដ្ឋានទំនាក់ទំនងអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា: មានមុខងារសម្របសម្រួល ទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសបូកបី (ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ និងការងារកិច្ច ប្រជុំកំពូលអាស៊ីបូព៌ា។
អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន
អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន បំពេញមុខងារជាសេនាធិការឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងបេសកកម្មពាក់ព័ន្ធនឹងកិច្ចការច្បាប់ កិច្ចការកុងស៊ុល និងកិច្ចការព្រំដែន។
អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន មាននាយកដ្ឋានចំណុះចំនួន៣ (បី) ជាសេនាធិការ ៖
-នាយកដ្ឋានកិច្ចការច្បាប់និងសន្ធិសញ្ញា : មានមុខងារសម្របសម្រួលកិច្ចការច្បាប់ និងសន្ធិសញ្ញ
-នាយកដ្ឋានកិច្ចការកុងស៊ុល : មានមុខងារសម្របសម្រួលកិច្ចការកុងស៊ុល
-នាយកដ្ឋានកិច្ចការព្រំដែន : មានមុខងារសម្របសម្រួលកិច្ចការព្រំដែន។
អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក
អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក បំពេញមុខងារជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលើការងារនយោបាយ និងការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក មាននាយកដ្ឋានចំណុះចំនួន០៣(បី)ជាសេនាធិការ៖ -នាយកដ្ឋានអាស៊ីអាគ្នេយ៍ : មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយបណ្ត ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
-នាយកដ្ឋានអាស៊ីកណ្តាល អាស៊ីខាងត្បូង និងអូសេអានី : មានមុខងារសម្របសម្រួលកិច្ចការ ទំនាក់ទំនងទ្វេភាគីជាមួយប្រទេស ក្នុងតំបន់អាស៊ីកណ្ដាល អាស៊ីខាងត្បូងនិងអូសេអានី -នាយកដ្ឋានអាស៊ីបូព៌ា : មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសក្នុង តំបន់អាស៊ីបូព៌ា។
អគ្គនាយកដា្ឋនអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា
អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា បំពេញមុខងារជាសេនាធិការឱ្យក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិលើការងារនយោបាយនិងការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា។
អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា មាននាយកដ្ឋានចំណុះចំនួន០៣(បី)ជាសេនាធិការ៖
-នាយកដ្ឋានអឺរ៉ុប: មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអ៊ឺរ៉ុប
-នាយកដ្ឋានអាមេរិក មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអាមេរិក
-នាយកដ្ឋានអាហ្វ្រិក-មជ្ឈិមបូព៌ា មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយ ប្រទេសនៅអាហ្វ្រិក-មជ្ឈិមបូព៌ា។
អគ្គនាយកដា្ឋនសហប្រតិបត្តិការអន្តរជាតិ
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបំពេញមុខងារជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងបេសកកម្មលើកកម្ពស់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងសម្របសម្រួល ការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុងកម្រិតអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក ព្រមទាំង ការងារពាក់ព័ន្ធនឹងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពនៅ ព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំណុះចំនួន០៥(ប្រាំ) ជាសេនាធិការ៖
-នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការអន្តររដ្ឋាភិបាល អនុតំបន់ តំបន់ អន្តរតំបន់ និងអង្គការពិភពលោកដែលពាក់ព័ន្ធ
-នាយកដ្ឋានសហប្រតិបត្តិការមេគង្គ មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការមេគង្គ
-នាយកដ្ឋានអង្គការសហប្រជាជាតិ : មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងអង្គការ សហប្រជាជាតិ
-នាយកដ្ឋានអង្គការអន្តរជាតិ មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលមានទីស្នាក់ការនិងធ្វើសកម្មភាពនៅព្រះរាជាណាចក្រកម្ពុជា
-នាយកដ្ឋានអង្គការហ្វ្រង់កូហ្វូនី: មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងអង្គការហ្វ្រង់កូហ្វូនី
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុង បេសកកម្មធ្វើអធិការកិច្ចជាប្រចាំលើការងាររដ្ឋបាល ហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងមន្ត្រីរាជការក្នុងនិងក្រៅប្រទេស។
អគ្គាធិការដ្ឋាន មានភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រ និងថវិកាសម្រាប់ការងារអធិការកិច្ចធ្វើអធិការកិច្ចទូទៅលើកិច្ចដំណើរការរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការរបស់ ក្រសួង អង្គភាពក្រោមឱវាទ និងស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។ ចុះត្រួតពិនិត្យពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហាររបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលទាក់ទងនឹងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
អគ្គាធិការដ្ឋានមាននាយកដ្ឋានចំណុះចំនួន ០២(ពីរ) ជាសេនាធិការ៖
-នាយកដ្ឋានអធិការកិច្ចរដ្ឋបាលកណ្ដាល: មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងអធិការកិច្ចរដ្ឋបាលកណ្ដាល
-នាយកដ្ឋានអធិការកិច្ចស្ថានតំណាងក្រៅប្រទេស: មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹង អធិការកិច្ចស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។
វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ
វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ បំពេញមុខងារជាសេនាធិការឱ្យក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលើការងារអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវលើវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិមាននាយកដ្ឋានចំណុះចំនួន ០២(ពីរ) ជាសេនាធិការ ៖
-នាយកដ្ឋានទំនាក់ទំនងការទូត : មានមុខងារសម្របសម្រួលការសិក្សាស្រាវជ្រាវកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំដៅបណ្តុះបណ្តាលជំនាញការទូត
-នាយកដ្ឋានសិក្សាអន្តរជាតិ មានមុខងារសម្របសម្រួលការសិក្សាស្រាវជ្រាវកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សំដៅបណ្តុះបណ្តាលជំនាញការសិក្សាអន្តរជាតិ។
នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លើការងារគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន និងឯកសារ ។
នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រ
នាយកដ្ឋានគោលនយោបាយនិងផែនការយុទ្ធសាស្ត្រ ជាសេនាធិការឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើការងារសម្របសម្រួលរៀបចំគោលនយោបាយ ការងារការទូតសេដ្ឋកិច្ចនិងផែនការយុទ្ធសាស្តការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
នាយកដា្ឋនសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លើការងារពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ តាមស្មារតីខ្លឹមសារនៃអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាក្រសួងស្ថាប័ន និងសហគ្រាសសាធារណៈ។
ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
ស្ថានឯកអគ្គរាជទូត ស្ថានតំណាង ឬ ស្ថានបេសកកម្មអចិន្ត្រៃយ៍នានាប្រចាំអង្គការតំបន់ និងអង្គការ អន្តរជាតិ ត្រូវដឹកនាំដោយឯកអគ្គរាជទូតជាប្រធានបេសកកម្ម។
ការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់បេសកកម្មឯកអគ្គរាជទូត ត្រូវស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីទូលថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្តលេខា។ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព គឺតំណាងឱ្យរាជរដ្ឋាភិបាលលើគ្រប់វិស័យ។
-ស្ថានអគ្គកុងស៊ុល ត្រូវដឹកនាំដោយអគ្គកុងស៊ុលជាប្រធានបេសកកម្ម។
-ស្ថានកុងស៊ុល ត្រូវដឹកនាំដោយកុងស៊ុលជាប្រធានបេសកកម្ម។
-អគ្គកុងស៊ុល ត្រូវជ្រើសរើសនិងស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនប្រមុខរាជរដ្ឋាភិបាល។
-កុងស៊ុល និងកុងស៊ុលកិត្តិយស ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
អង្គភាពត្រូវពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមលក្ខខណ្ឌនៃបទបញ្ហា កំណត់ក្នុងអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតស្ថាប័នត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង។
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់