ព័ត៌មានជាតិ
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ក្នុងអាណត្តិទី៧ ជាយុទ្ធសាស្ត្រគន្លឹះក្នុងពង្រឹងខឿននៃកម្លាំងសេដ្ឋកិច្ចជាតិដែលពលរដ្ឋខ្មែរគួរមានមោទន
នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ នេះ ចំនួន ៦ ចំណុច សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។
ក្នុងនោះ ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥ លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានណែនាំអំពីការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។
ក្នុងនោះ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ សម្រាប់បងប្អូនកម្មករនិយោជិត។
នេះ គឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល បន្ថែមលើការកសាងធនធានមនុស្ស ដែលស្ថិតក្នុងអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
កម្មវិធីថ្មីនេះ ក្រៅតែពីបង្រៀនឱ្យយុវជន មានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏អាចបង្កើនចំណេះ និងជំនាញបន្ថែមដល់កម្មករនិយោជិត ពិសេសកម្មករកាត់ដេររបស់យើង។ ពោលគឺប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ ប្រាកដជានឹងទទួលបានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន។

និយាយឱ្យងាយស្តាប់ បើសិនជាយុវជន ដែលទើបចេញពីសាលា ដែលរៀនចប់ត្រឹមមធ្យមសិក្សា ឬក៏ប្រឡងបាក់ឌុបធ្លាក់ ស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព ដែលអាចចុះឈ្មោះចូលរួមជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាកម្មវិធីអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្រៀនរួចហើយនូវជំនាញ ក្នុងវិស័យកម្មន្តសាល វិស័យសំណង់ វិស័យអគ្គិសនី វិស័យមេកានិករថយន្ត សេវាកម្មធុរកិច្ច និងបរិក្ខាត្រជាក់ និងក្តៅ។
ក្រៅពីជំនាញក្នុងវិស័យគោលទាំងនេះ អំឡុងពេលបើកវគ្គបណ្តុះបណ្តាលពិសេស ១,៥លាននាក់ ក៏អាចបង្កើតជំនាញ ក្នុងវគ្គសិក្សារយៈពេលខ្លីនូវជំនាញជួសជុលម៉ូតូ ជាងទឹកភ្លើង ជាងម៉ាស៊ីនត្រជាក់ ខាងសំអាង សាឡន ឬក៏ជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈ ជាដើម។
សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មានចំនួន ១០៧។ ក្នុងនោះ មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧ នៅទូទាំង ២៥រាជធានីខេត្ត។ ក្នុងនោះ ក្រសួង ក៏បានបង្កើតទីតាំងបណ្តុះបណ្តាលជំនាញពហុបច្ចេកទេសវិជ្ជាជីវៈ ច្រើនទីតាំង មាននៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប នៅខេត្តបាត់ដំបង នៅកំពង់ធំ និងនៅខេត្តបន្ទាយមានជ័យ ជាដើម។

ក្រៅពីកន្លែងបណ្តុះបណ្តាលជំនាញថ្មី សម្រាប់យុវជន នៅតាមទីតាំងខាងលើនេះ កម្មករនិយោជិត ពិសេសកម្មករកាត់ដេរ ដែលកំពុងធ្វើការងារប្រចាំថ្ងៃ គឺនៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីនេះ នៅតាមរាជធានីខេត្ត គឺបងប្អូនកម្មករនិយោជិតយើង អាចឆ្លៀតពេលទំនេរពីការងារ ឬនៅម៉ោងចេញពីធ្វើការងាររៀងរាល់ថ្ងៃ ឬក៏នៅថ្ងៃអាទិត្យចុងសប្តាហ៍ ចូលរៀនជំនាញណាមួយ ដោយឥតគិតថ្លៃ។ រៀនចប់ មានជំនាញច្បាស់លាស់ កម្មករនិយោជិតយើង អាចផ្លាស់ប្តូការងារ ពីកម្មករ ដែលប្រើកម្លាំងសុទ្ធ ទៅជាកម្មករនិយោជិត ដែលមានជំនាញ ហើយទទួលបានប្រាក់ខែខ្ពស់ជាងមុន។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើនឡើងចំនួនប្រជាជន គួរកត់សម្គាល់ក្នុងរយៈពេល ២ ទស្សវត្សរ៍កន្លងមកនេះ។
ពោលគឺកើនឡើងពីប្រមាណ ១១,៤លាននាក់ ដល់ ១៦,៨លាននាក់ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ឬមានអត្រាកំណើនមធ្យមប្រចាំឆ្នាំប្រមាណ ១,៦%។ នៅកម្ពុជាយើង និន្នាការកើនឡើងនូវអត្រាប្រជាជន ក្នុងវ័យធ្វើការអាយុចន្លោះ ១៥ឆ្នាំ ទៅ ៦៤ឆ្នាំ កាន់តែច្រើន ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើតការងារថ្មីប្រមាណពី ២០ ទៅ ៣០ម៉ឺនកន្លែង ក្នុង ១ឆ្នាំ។
ក្រសួងការងារ ក៏បានប្រកាសថា នៅប្រទេសកម្ពុជាយើង អត្រាមានការងារធ្វើ មានប្រមាណ ៩៩,៣% និងមានកម្លាំងពលកម្ម ទាំងក្នុង និងក្រៅប្រទេស ១០.៨លាននាក់។ ក្នុងនោះ ការងារក្នុងប្រទេស ផ្នែកឧស្សាហកម្ម ២.៥លាននាក់ កសិកម្ម ៣.៤លាននាក់ សេវាកម្ម ៣.១លាននាក់ និងមន្ត្រីសាធារណៈ ៥០ម៉ឺននាក់។
រីឯពលករទេសន្តរប្រវេសន៍ ឬពលករកម្ពុជាចំណាកស្រុក មានប្រមាណ ១.៣លាននាក់ ខណៈដែលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ មានជាង ៨៣ម៉ឺននាក់។
ដូច្នេះដើម្បីឆ្លើយតបនឹងក្តីប្រាថ្នាកាន់តែខ្ពស់ ក្នុងការមានការងារកាន់តែមានគុណភាព ប្រាក់ចំណូលកាន់តែកើនខ្ពស់ និងជីវភាពកាន់តែប្រសើរ ច្បាស់ណាស់ទាមទារឱ្យយុវជនយើង ពិសេសកម្មករនិយោជិត រួមទាំងកម្មករកាត់ដេរផង ត្រូវតែសង្វាត ចូលរៀន ដើម្បីបង្កើនចំណេះដឹង និងជំនាញ។
យុវជនយើង រួមទាំងកម្មករនិយោជិត ត្រូវតែឆ្លៀតពេលចាប់យកជំនាញ។ ក្នុងនោះ ក្រៅតែពីជំនាញបច្ចេកទេសវិជ្ជាជីវៈ ភាសាបរទេស ដូចជា រៀនភាសាចិន ជប៉ុន កូរ៉េ ឬអង់គ្លេស ជាដើម រួមផ្សំនឹងចំណេះដឹងខាងបច្ចេកវិទ្យាឌីជីថលផង ក៏សុទ្ធតែជាជំនាញ ដែលកម្មករនិយោជិត មិនអាចមើលរំលងឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ