ភ្នំពេញ ៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹងថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា គឺជាឯកសារយុទ្ធសាស្ត្រ ដែល បាន ឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាចន្ទល់កំណើន សេដ្ឋកិច្ចថ្មី ព្រមទាំងចូល រួម ចំណែក លើកកម្ពស់ភាព ប្រកួតប្រជែង និងជំរុញ ការ ធ្វើពិពិធកម្ម សេដ្ឋកិច្ច និង លើកកម្ពស់ សុខុមាលភាព របស់ ប្រជាជននៃសង្គមឌីជីថលកម្ពុជា។
លោក វង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងអង្គប្រជុំ ការងាររៀបចំ សេចក្ដីព្រាងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្តីការក្រសួង។
លោកបន្តថា យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បានចង្អុលបង្ហាញអំពីភាពចាំបាច់ ក្នុង ការត្រៀមខ្លួន សម្រាប់សេដ្ឋកិច្ចឌីជីថល និង ឆ្លើយត ប នឹង បដិវត្តន៍ ឧស្សាហកម្ម ទី៤ សំដៅទាញយកអត្ថប្រយោជន៍ជាអតិបរមាពី ការរីកចម្រើន យ៉ាងឆាប់រហ័ស ផ្នែក បច្ចេកវិទ្យា និង ឌីជីថលូបនីយកម្ម ទាំងក្នុងប្រទេសតំបន់និងសកល។
ការកំណត់របស់យុទ្ធសាស្ត្រ ចតុកោណ-ដំណាក់កាលទី ៤, សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច និង ណែនាំឲ្យឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ដោយគិតគូរ អំពីការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម សម្រាប់កម្ពុជា, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា បាន ពង្រីក វិសាលភាពគ្របដណ្ដប់ ទាំងលើ ផ្នែក សង្គមឌីជីថល ផងដែរ ដោយ ប្រែក្លាយ ជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា។
ក្របខណ្ឌគោលនយោបាយ នេះ ក៏នឹងចាប់យកនូវកាលានុវត្តន៍ភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណាប្រើប្រាស់វិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ធ្វើការពង្រួមផ្លូវនិងពន្លឿនការអភិវឌ្ឍប្រទេស, និងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈម និងផលប៉ះពាល់ អវិជ្ជមាន នានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាឌីថីថល។ បន្ថែមលើនេះ ស្ថិតក្នុង បរិការណ៍នៃ វិបត្តិ ជំងឺកូវីដ-១៩ ឯកសារ គោលនយោបាយ នេះ ក៏ នឹងក្លាយ ជាឧបករណ៍មួយដ៏យ៉ាង សំខាន់ នៃ ផែនការ ស្តារសេដ្ឋកិច្ច ក្រោយ វិបត្តិកូវីដ-១៩ របស់កម្ពុជា ពោលគឺ ផ្តល់ការគាំទ្រ ទាំងដោយផ្ទាល់ និង ប្រយោលក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្បូរបែប , ឡូជីស្ទីក, ការទាក់ទាញវិនិយោគ , ការ បង្កើត ផលិតភាព និង ការ លើកកម្ពស់ភាព ប្រកួតប្រជែងជាដើម។
សេចក្តីព្រាងក្របខណ្ឌគោលនយោបាយនេះគ្រោងនឹងដាក់ជូនកិច្ចប្រជុំ ដែលនឹងដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធាន ឧត្ដម ក្រុមប្រឹក្សាសេដ្ឋកិច្ច ជាតិ ពិនិត្យ និងសម្រេចនាពេលខាងមុខ ដើម្បីបន្តនីតិវិធីស្នើសុំការអនុម័ត ឯកសារ គោលនយោបាយ នេះពី រាជរដ្ឋាភិបាល៕
ដោយ ៖ វត្តី