ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារព្រហ្មទណ្ឌ បានចាត់តាំងឲ្យលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ សារ៉ូត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងយកមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យខាងលើបានធ្វើសកម្មភាព រំលោភសេចក្តីទុកចិត្តលើឈ្មោះ អឹម កៅទី ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ស្រុកស្ទឹង សែន ខេត្តកំពង់ធំ ដោយយកប្រាក់អស់ចំនួន ៨៣,៧0០,០០០ រៀល(ប៉ែត សិបបីលាននិងចិតសិបម៉ឺន) ក្នុងពេលដែលជនរងគ្រោះទុកចិត្តនិងបានផ្ញើប្រាក់ពីមូលដ្ឋានស្រុកថ្មគោល ខេត្តបាត់ដំបង តាមជនសង្ស័យខាងលើ តែជនសង្ស័យបានយកប្រាក់នោះតែម្តង។
នៅក្រោយពេលដឹងថា ជនសង្ស័យខាងលើបាន រំលោភលើសេចក្តីទុកចិត្តខ្លួនរួចមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង។ តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តបាត់ដំបង សមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញានិងសហការនាំខ្លួនជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន ប្រាក់រៀលចំនួន ៧៥,0០០,០០០រៀល(ចិតសិបប្រាំលានរៀល) ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ។ នៅពេលនេះសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់រួចហើយ៕
ប្រភព ៖ (រូបភាពផែនការងារ/ព្រហ្មទណ្ឌ/គឹមសុង)
By kosal!០២/មីនា/២០២១
កែសម្រួលដោយ ៖ នាគព័ន្ធ