ព័ត៌មានជាតិ
រូបចម្លាក់បុរាណខ្មែរនៅអាមេរិកអាចនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញចុងខែនេះ
Published
2 months agoon
By
KC Virakក្រុមការងារជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរង់ចាំទទួលវត្ថុបុរាណខ្មែរពីសហរដ្ឋអាមេរិចមកវិញដែលភាពមានភាពយឺតយ៉ាវនេះ ដោយសារបញ្ហាកូវីដ១៩។ ដូចនេះរូបចម្លាក់អាចមកដល់កម្ពុជាវិញបណ្ដើរៗកំឡុងខែមីនា ឆ្នាំ២០២១នេះ ឬមុនពិធីបុណ្យចូលឆ្នាំ។
លោក ហាប់ ទូច រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ កម្ពុជាថ្មី ថ្ងៃនេះថា កម្ពុជារង់ចាំដោយអន្ទះសារនូវការមកដល់នៃរូបចម្លាក់បុរាណខ្មែរ ដោយខិតខំទាក់ទងទៅភាគីពាក់ព័ន្ធ បើទោះជាស្ថានភាពកូវីដ១៩មានភាពលំបាកក្នុងការទាក់ទងផ្ទាល់ខ្លាំងក្ដី។
លោក ហាប់ ទូច មានប្រសាសន៍ថា៖ “ចំណែកអ្នកជំនាញយើងក៏មិនអាចទៅចាត់ចែងដោយផ្ទាល់បាន ធ្វើឱ្យមានភាពយឺតយ៉ាវ អ៊ីចឹងហើយយើងពឹងអាស្រ័យលើកការទាក់ទងតាមអនឡាញ។ តែទោះយ៉ាងណាក៏ដោយយើងសង្ឃឹមថា នឹងមកដល់ក្នុងខែមីនានេះដែរ។”
លោក មានប្រសាសន៍បន្តថា៖ “ខ្ញុំគិតថាក្នុងខែមីនាហ្នឹង ប្រហែលជាសប្ដាហ៍ទី៣ រូបចម្លាក់ទាំងនោះនឹងមកដល់កម្ពុជាវិញ។ ពីព្រោះខាងកម្ពុជាយើងមានគម្រោងរៀបចំពិធីទទួលរូបចម្លាក់បុរាណខ្មែរទាំងនោះនៅមុនពេលបុណ្យចូលឆ្នាំ ដើម្បីអបអរសាទរស្វាគមន៍ព្រលឹងដូនតាយើងត្រឡប់មកមាតុភូមិវិញដើម្បីសិរីសួស្ដី ប៉ុន្តែយើងនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែងបន្តទៀត។”

រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើនេះ បានបញ្ជាក់ថា ការដឹកជញ្ជូនវត្ថុបុរាណខ្មែរទាំងនោះមកកម្ពុជាវិញ គឺជាការចំណាយរបស់ភាគីដែលកំពុងកាន់កាប់ ដោយពេលនេះភាគីកម្ពុជាកំពុងរៀបចំឯកសារ និងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះ។
លោក ហាប់ ទូច មានប្រសាសន៍ថា៖ យើងមិនអាចដឹកជញ្ជូនរូបចម្លាក់ទាំងនោះតាមមធ្យោបាយអ្វីផ្សេងទៀតទេ ព្រោះចំណាយពេលយូរ គឺមានតែតាមយន្តហោះ គេគ្រោងរួចហើយ និយាយទៅក្រុមហ៊ុនដឹកជញ្ជូនរង់ចាំតែឯកសារចាំបាច់ផ្សេងៗ បើរួចរាល់ហើយ គេនឹងដឹកមកហើយ។
លោក ហាប់ ទូច លើកឡើងថា កម្ពុជាចង់រៀបចំពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរនេះជាផ្លូវការ ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាមានលទ្ធភាពក្នុងការចរចា និងទាមទារមកវិញនូវវត្ថុបុរាណដ៏ច្រើននេះ អ៊ីចឹងហើយ យើងចង់រៀបចំពិធីមួយ ដើម្បីផ្សព្វផ្សាយ និងទទួលនូវបុព្វបុរស ព្រលឹងដូនតាយើងដែលបានឃ្លាតឆ្ងាយយូរមកហើយ។ ទីពីរយើងចង់ផ្សព្វផ្សាយឱ្យពិភពលោកបានដឹង និងចង់បញ្ជូនសារដល់អ្នកដែលបានកាន់កាប់នូវវត្ថុបុរាណខ្មែរ សូមប្រគល់បញ្ជូនវិលត្រឡប់មកកម្ពុជាវិញផង។

លោក ហាប់ ទូច បន្ថែមថា៖ “ពេលរូបចម្លាក់ទាំងនោះមកដល់កម្ពុជា យើងនឹងយកមករក្សាទុកនៅសារមន្ទីរជាតិសិនដើម្បីយើងរៀបចំពិនិត្យស្ថានភាពរូប សំអាត រៀបចំជើងទម្រឱ្យបានស្អាតបាតសម្រាប់រៀបចំពិធីប្រគល់ទទួលជាផ្លូវការ”។
លោក ហាប់ ទូច មានប្រសាសន៍ថា វត្ថុបុរាណទាំងនេះគឺជាផ្នែកមួយនៃការប្រមូលដ៏អស្ចារ្យបំផុតនៃបេតិកភណ្ឌវប្បធម៌ខ្មែរនៅខាងក្រៅប្រទេសកម្ពុជា ហើយនឹងត្រូវបានដាក់តាំងពិព័រណ៍នៅភ្នំពេញនៅសារមន្ទីរជាតិនៅពេលដែលវត្ថុទាំងអស់ត្រូវបានប្រគល់មកវិញ។
រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការបាត់បង់វត្ថុបុរាណនេះជាបញ្ហាសាកល មិនមែនមានតែចំពោះកម្ពុជាទេ ហើយកម្ពុជាបានប្រើគ្រប់មធ្យោបាយដើម្បីទាមទារយកកវត្ថុបុរាណរបស់ដូនតាខ្លួនវិញពីបរទេស។
លោកមានប្រសាសន៍ថា៖ “ដំណោះស្រាយដ៏ល្អបំផុតគឺការចរចា ដោយយើងមិនចង់ប្រើវិធីប្ដឹងទេ ព្រោះការប្ដឹងនេះមានភាពស៊ាំញ៉ាំច្រើន ព្រមទាំងត្រូវការការធនធាន និងចំណាយពេលវេលាច្រើន។ ខ្ញុំមាន សុទិដ្ឋិនិយម ថានឹងមានការប្រគល់ជូននូវវត្ថុបុរាណខ្មែរដទៃទៀតមកកម្ពុជាវិញ។”

គួរបញ្ជាក់ថា វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជានៅក្នុងខែមីនា។
ការប្រគល់ជូនវត្ថុវបុរាណខ្មែរមកកម្ពុជាវិញនេះ គឺបន្ទាប់ពីដំណើរការចរចារអស់ជាង៣ឆ្នាំ ជាមួយក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord)។ លោក Latchford ដែលបានទទួលមរណភាពនៅខែសីហាក្នុងអាយុ ៨៩ ឆ្នាំត្រូវបានគេចោទប្រកាន់ថាបានទទួលវត្ថុបុរាណតាមរយៈអ្នករត់ពន្ធកម្ពុជា និងថៃនៅទសវត្ស ១៩៥០ និង ១៩៦០។
នៅខែវិច្ឆិកាឆ្នាំ ២០១៩ លោកត្រូវបានការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉កចោទប្រកាន់ពីបទក្លែងបន្លំវិក័យប័ត្រ និងឯកសារផ្សេងទៀតក្នុងការលក់វត្ថុបុរាណទៅសារមន្ទីរ ផ្ទះដេញថ្លៃ និងអ្នកលក់វត្ថុសិល្បៈ។

ថ្លែងក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវមោទនភាពសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះជោគជ័យនៃកិច្ចចរចារយៈពេលជាង ៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ។
សម្ដេចតេជោ បានចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះបេសកកម្មយាង និងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញជាមង្គលរបស់ជាតិ និងឆ្លុះបញ្ជាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០១៥ សារមន្ទីរអាមេរិកាំង The Cleveland Museum of Art បានប្រគល់វត្ថុបុរាណរូបហនុមាន គឺជារូបចម្លាក់ធំទី៦ហើយដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាវិញ បន្ទាប់គេលួចចេញពីប្រាសាទកោះកេរ ដែលកសាងឡើងនាសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤។

កាលពីខែឧសភា ឆ្នាំ២០១៣ សារមន្ទីរ មេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ រូបបដិមាខ្មែរមកឲ្យ កម្ពុជាវិញក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយ ទីស្តីការគណរដ្ឋមន្រ្តី។ រូបបដិមាថ្មពីរ មានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុតជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធ តស៊ូដ៏ល្បីល្បាញរវាង ភីម (Bhima) និង ឌូរីយោដាន (Duryodhana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុង ប្រទេសកម្ពុជា នាទស្សវត្សរ៍ទី៧០ និងបញ្ជូនចេញទៅសារមន្ទីរ និងការសន្សំទុកឯកជននានជុំវិញពិភពលោក៕
អត្ថបទ៖ ច័ន្ទ វីរៈ
You may like
-
អ្នកជំងឺម្នាក់មកចាក់វ៉ាក់សាំងនៅទីស្ដីការក្រសួងវប្បធម៌ តេស្តមានវិជ្ជមានកូវីដ ១៩
-
ប្រជាពលរដ្ឋប្រទះឃើញវត្ថុបុរាណទេវរូបដៃ៨ យកប្រគល់ជូនមន្ទីរវប្បធម៌ខេត្តព្រះវិហារ
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្រេចផ្អាកជាបណ្ដោះអាសន្នរោងភាពយន្ដនិងសារមន្ទីរទូទាំង ប្រទេស
-
ក្រសួងវប្បធម៌ ផ្ញើសាររំលែកទុក្ខ ក្រោយទទួលដំណឹងពីមរណភាពរបស់ភរិយា លោក ហួរ ឡាវី
-
ក្រសួងវប្បធម៌ បន្តសម្រេចបិទរោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរនៅភ្នំពេញ កណ្ដាល និងខេត្តព្រះសីហនុ
-
បិទពីរសប្ដាហ៍ បណ្ដោះអាសន្ន រោងភាពយន្ត រោងសម្ដែង សារមន្ទីរ នៅខេត្តកណ្ដាល និងភ្នំពេញ
ចុច Like Facebook កម្ពុជាថ្មី

អភិបាលខេត្តកណ្តាលដឹកនាំក្រុមគ្រូពេទ្យចុះប្រមូលយកសំណាកអាជីវករ៣៥០នាក់នៅផ្សារពហុកីឡាដ្ឋាន

រដ្ឋបាលខេត្តព្រះសីហនុទទួលជំនួយឧបករណ៍សម្ភារៈវេជ្ជសាស្ត្រសម្រាប់វិភាគរកមេរោគកូវីដ-១៩ របស់សាធារណរដ្ឋប្រជាមានិតចិន

គិតត្រឹមថ្ងៃទី១៩មេសានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់ជាង៣០០នាក់ហើយ

គិតត្រឹមរសៀលថ្ងៃនេះ មានអាជីវករផ្សារនាគមាសឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិត១០០នាក់

នៅមុននេះសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនបុរស៦នាក់ ជួបជុំផឹកស៊ីល្មើសនឹងច្បាប់

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ1 week ago
អ្នកចាក់វ៉ាក់សាំងរួចគួរទទួលទានអាហារមួយមុខនេះជាចាំបាច់ ដើម្បីបន្ថែមការបង្កើនភាពស៊ាំដល់រាងកាយ
-
ព័ត៌មានជាតិ1 day ago
ផ្ទុះកូវីដនៅរោងចក្រ Fortuna កម្មករកម្មការិនី រាប់រយនាក់ឆ្លងកូវីដ ១៩
-
ព័ត៌មានជាតិ2 days ago
បុគ្គលិកមន្ទីរពេទ្យ ព្រះកុសុមះចំនួន ២២នាក់ ឆ្លងជំងឺកូវីដ១៩ពីស្ត្រីម្នាក់
-
ព័ត៌មានអន្ដរជាតិ1 week ago
អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
-
ព័ត៌មានជាតិ1 week ago
អាជ្ញាធរលើកមូលហេតុបិទផ្សារចាស់ទាំងព្រឹក ជាប់អាជីវករកំពុងលក់ដូរខាងក្នុង
-
ព័ត៌មានជាតិ2 days ago
កម្ពុជាចាប់ផ្តើមប្រើឧបករណ៍តេស្តរហ័សរកកូវីដ១៩ នៅផ្សារដើមគ ត្រឹមកន្លះម៉ោងដឹងលទ្ធផលបឋម
-
ព័ត៌មានជាតិ6 days ago
ដឹងលទ្ធផលវិជ្ជមានកូវីដ១៩ ស្ត្រីម្នាក់រត់ទៅចង ក សម្លាប់ខ្លួន
-
ព័ត៌មានជាតិ1 week ago
ផ្ញើមិត្តភ័ក្ដិទិញគោជល់ ១ កំប៉ុង ទិញប៉ះគោជល់មានរង្វាន់ ២០០ លានរៀល មកឲ្យ