ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ហ្វីលីពីន នឹងបើកវគ្គហ្វឹកហ្វឺនរួមគ្នា នាពេលខាងមុខ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាជាមួយគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG ដើម្បីសិក្សាអំពីការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងនៃអង្គភាពទាំងពីរ។

ជំនួបពិភាក្សារវាងមេទ័ពទាំងពីរ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវលទ្ធផលជាក់ស្តែង នៃការភ្ជាប់ទំនាក់ទំនងរវាងកងពលតូចលេខ៧០ កងទ័ពជើងគោកកម្ពុជា ជាមួយនឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដោយបានឈានដល់ការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។ វឌ្ឍនភាព នៃទំនាក់ទំនងបែបនេះ គឺការចាប់ផ្តើមដ៏ល្អនៃការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងអាចជាការត្រួសត្រាយផ្លូវនាំឱ្យមានវគ្គហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់ទៀតជាលក្ខណៈប្រចាំឆ្នាំផងដែរ។

ចំណែកលោកឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូកងទ័ពហ្វីលីពីនឱ្យសម្រេចបានជោគជ័យ។ លោកក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ចំពោះគម្រោង នៃការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងទ័ព នៃប្រទេសទាំងពីរ ដែលអាចនឹងដំណើរទៅដោយរលូន ដោយសារកងពលតូចលេខ៧០ របស់កម្ពុជា មានទីតាំងហ្វឹកហ្វឺនល្អ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបំពាក់សមស្របសម្រាប់ហ្វឹកហ្វឺនលើជំនាញ ដែលបានឯកភាពគ្នា។

គួររំឭកថា វគ្គហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងនៃកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង នៃវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេសកងទ័ពហ្វីលីពីន ដែលគ្រោងនឹងដំណើរការក្នុងពេលខាងមុខនេះ គឺផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគី ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពិភាក្សា និងឯកភាពគ្នាកន្លងមក ជាមួយលោកឧត្តមសេនីយ៍ឯក Macairog Alberto និង ឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី នៃកងទ័ពទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងមានចំនួនកើនឡើង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ