ព័ត៌មានជាតិ
សំណើដាក់សំណង់ចាស់ៗលើភ្នំបូកគោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មន្ត្រីជំនាញថាមិនទាន់អាចទៅរួច
លោក សាយ សុភក្ត្រា នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុនសុខាអូតែលបានឱ្យដឹងថា ក្រុមហ៊ុនមានគម្រោងចង់ស្នើបញ្ចូលសំណង់អគារចាស់ៗនៅលើភ្នំបូកគោទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ថ្លែងប្រាប់ក្រុមសារព័ត៌មានក្នុងដំណើរទស្សនកិច្ច ស្វែងយល់ការអភិវឌ្ឍនៅរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោដែលដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ លោក សាយ សុភក្ត្រា បានឱ្យដឹងថា ដោយមានមន្រ្តីជំនាញបានដឹងអំពីប្រវត្តិសាស្ត្រនៃសំណង់អគារចាស់ៗនៅលើភ្នំបូកគោ បានណែនាំគួរតែបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ជាជំហានដំបូងក្រុមហ៊ុនក៏បានសិក្សាដើម្បីលើកសំណើសុំចុះអគារចាស់ៗនៅលើភ្នំបូកគោទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោកថា អគារចាស់ៗនៅលើភ្នំបូកគោមួយចំនួនបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង ដែលខ្លះមានអាយុកាលជិត ១០០ ឆ្នាំទៅហើយ។
លោកអះអាងថា ការស្នើនេះក៏ដើម្បីលើកតម្កើងតម្លៃនៃសម្បត្តិបេតិកភណ្ឌរបស់ជាតិ និងដើម្បីចូលរួមការពារជាមរត៌កសម្រាប់មនុស្សជំនាន់ក្រោយ។
ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ខេត្តកំពតបញ្ជាក់មកកាន់ «កម្ពុជាថ្មី» ថា លោកនៅមិនទាន់ទទួលបានព័ត៌មានពីក្រុមហ៊ុនសុខាអូតែល ជុំវិញចង់ស្នើដាក់បញ្ចូលអគារចាស់ៗនៅលើភ្នំបូកគោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
បើតាមមន្រ្តីជំនាញរូបនេះ ប្រសិនជាចង់ស្នើដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌមែនមានលក្ខខណ្ឌជាច្រើន ហើយម្យ៉ាងការស្នើដាក់បញ្ចូលក៏មិនងាយដែរ។

លោកបានអះអាងថា មុននឹងដាក់ស្នើសម្បត្តិបេតិកភណ្ឌណាមួយចូលក្នុងបេតិកភណ្ឌពិភពលោក ត្រូវតែមានលក្ខណៈពិសេសខ្លាំង។ លោកបានលើកឡើង សូម្បីតែប្រាសាទខ្មែរជាច្រើននៅសេសសល់ នៅមិនទាន់អាចដាក់ជាសម្បត្តិបេតិកភណ្ឌអស់ផង។
ក្នុងនាមជាមន្ត្រីជំនាញមួយរូប លោក គង់ ផល្លា បានលើកឡើងថា «តាមគំនិតខ្ញុំ យើងកុំទាន់និយាយលឿនពេកឈានទៅដល់ការចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកអី ព្រោះវាមិនទាន់គ្រប់លក្ខខណ្ឌណាមួយដែលត្រូវបញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោកឡើយ យើងគ្រាន់តែបានចុះបញ្ជីបេតិកភណ្ឌជាតិនឹងបានហើយ ដែលយើងគិតថាលឿនបំផុត»។
លោកបានលើកឡើងបន្តថា «សូម្បីសំណង់អគាអាណានិគមនៅក្នុងក្រុងកំពតមិនទាន់បានដាក់អ្វីផង ដែលអគារទាំងអស់នោះមានអាយុកាលមិនលើសខ្វះគ្នាប៉ុន្មាននោះទេ ដោយមន្ទីរបានត្រឹមតែការពារ ចុះក្នុងបញ្ជីបេតិកភណ្ឌអាណានិគម ដើម្បីឱ្យដឹងថា អគារមួយណាមានអាយុកាលប៉ុន្មានតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់ដល់លក្ខខណ្ឌអាចស្នើដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ»។


នៅលើឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ មានបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើនដូចជា ព្រះរាជដំណាក់ព្រះបាទមុនីវង្ស ដំណាក់ស្លាខ្មៅ វត្តសំពៅប្រាំ ព្រះវិហារកាតូលិក អាគារឡឺបូកគោផាឡេសជាដើម។
សំណង់ប្រវត្តិសាស្រ្តដែលជាកេរ្តិ៍ដំណែលពីសម័យអាណានិគមនិយមបារាំង និងសម័យសង្គមរាស្ត្រនិយមនៅលើភ្នំបូកគោ មួយចំនួនក៏រងការខូចខាតដោយសារសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ អាកាសធាតុ និងអាយុកាលនៃសំណង់។
យ៉ាងណាមិញ សំណង់អគារចាស់ៗ រួមទាំងបរិយាកាសធម្មជាតិនៅលើភ្នំបូកគោ បានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ទេសចរមកកម្សាន្តគ្រប់រដូវកាល ក្រៅពីទទួលបានអារម្មណ៍ស្រស់ស្រាយធម្មជាតិនៅលើកំពូលភ្នំកម្ពស់ជាង ១០០ ម៉ែត្រពីនីវូទឹកសមុទ្រ អ្នកទេសចរអាចទស្សនាស្វែងយល់ពីសំណង់ចាស់ៗអាយុកាលជាង ១០០ ឆ្នាំនៅលើអតីតទីក្រុងបូកគោនេះ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?